​វ៉ាស៊ីន​តោន —ក្រសួង​ការ​បរទេស​អាមរិក​បាន​និយាយ​ថា​ ប្រទេស​ភូមា​បាន​ជាប់​លំដាប់​លេខ​រៀង​ជាមួយ​ប្រទេស​ចិន ​រុស្ស៊ី ​ស៊ូដង់​ខាងត្បូង ​ស៊ីរី ​អ៊ីរ៉ង់ ​កូរ៉េខាង​ជើង​ វ៉េណេស៊ូអេឡា​ និង​ប្រទេសដទៃទៀត​ ដែលមាន​ការ​ជួញដូរ​មនុស្ស​និង​ពលកម្ម​ដោយ​បង្ខំ​អាក្រក់​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក។ ​ប៉ុន្តែ​ក្រសួង​ការ​បរទេស​ក៏​បាន​ទទួល​ស្គាល់​វីរជន​១០​នាក់​ដែល​បាន​បូជា​ជីវិត​របស់​ពួកគេ​ដើម្បី​បញ្ចប់​នូវ​ទាសភាព​សម័យ​ទំនើប​នេះ។

លោក ​Mike Pompeo ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ រួម​ជាមួយ​នឹង​លោក​ស្រី​ Ivanka Trump ​ទីប្រឹក្សា​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ចេញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​បរទេស​ស.រ.អា.​ស្តីពី​«ការជួញ​ដូរ​មនុស្ស»។​ លោក​មាន​ព័ត៌មាន​មិន​ល្អទាក់​ទិន​នឹង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ពីមុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ ប្រទេស​ភូមា។​

Mike Pompeo ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា៖ «នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ភូមា​និង​កង​កម្លាំង​ផ្សេង​ទៀត​នៅ​ក្នុង​រដ្ឋ​ Rakhine ​ប្រទេស​ភូមា​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​ និង​សមាជិក​នៃ​ក្រុម​ជនជាតិ​ភាគតិច​ដទៃ​ទៀត​ភៀសខ្លួន​ចោល​ផ្ទះ​សម្បែង​ ដែល​ភាគច្រើន​ត្រូវ​បានគេ​កេង​ប្រវ័ញ្ច​តាម​រយៈ​បណ្តាញ​នៅ​ក្នុង​តំបន់​នេះ។ ​មន្ត្រី​ខ្លះ​ទៀត​ក្នុង​កងទ័ព​ភូមា​បាន​ជ្រើសរើស​កុមារ​ធ្វើជា​ទាហានហើយ​បាន​យក​មនុស្ស​ពេញ​វ័យ​ និង​កុមារ​ពី​ក្រុមជន​ជាតិ​ភាគ​តិច​មក​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ជា​ទម្ងន់»។​

លោក​ Pompeo ​ក៏​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​លីប៊ី ​កូរ៉េខាង​ជើង​ និង​អ៊ីរ៉ង់​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​ប្រព្រឹត្ត​បទ​ល្មើស​ដ៏​អាក្រក់​ជាង​គេ​បំផុត។​

លោក​និយាយ​ថា ​ប្រទេស​អ៊ីរ៉ង់​មិន​ផ្តន្ទាទោស​ឧក្រិដ្ឋ​ជន​ទេ​ តែ​បែរ​ជា​ផ្តន្ទាទោស​ជនរង​គ្រោះ​នៃការ​ជួញ​ដូរ​មនុស្ស​ទៅ​វិញ។​

ប៉ុន្តែ​ពិធី​នោះ​ក៏​បាន​ផ្តល់​កិត្តិយស​ដល់​វីរបុរស​ចំនួន​១០​នាក់​ដែល​បាន​ជួយ​បញ្ចប់​ការ​ជួញ​ដូរ​មនុស្ស​ដែល​ជា​រឿយៗ​បាន​ប្រថុយ​ជីវិត​របស់​ពួក​គេ​ប្រឈម​នឹង​គ្រោះ​ថ្នាក់។​

លោកស្រី ​Francisca Awah Mbuli ​ មកពី​ប្រទេស​ Cameroon ធ្លាប់​ទទួល​រង​គ្រោះ​ជា​ទាសករ​សម័យ​ទំនើប​ដោយ​ផ្ទាល់។

លោកស្រី ​Francisca Awah Mbuli ​ដែល​ជ័យលាភីរង្វាន់​វរជន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​និយាយ​ថា៖ «នៅ​ពេល​ខ្ញុំទៅ​ដល់​ក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិ​ការ​ឈូង​សមុទ្រ​នោះ​មិន​មាន​ការ​ងារ​បង្រៀន​ភាសា​អង់គ្លេស​ទេ។ ​ខ្ញុំត្រូវ​បាន​គេ​ជួញ​ដូរ​ទៅ​ធ្វើ​ជា​ទាសករ​ ធ្វើ​ជាកម្មករ​បម្រើ​ការ​តាម​ផ្ទះ​ដែល​ខ្ញុំ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​អ្វីទេ​គឺ​រង​ការ​ធ្វើ​បាប​បែប​អមនុស្ស​ធម៌ ​និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ។ ​នៅ​ពេល​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​ចង់​ទៅ​ផ្ទះ​វិញ​ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ​ខ្ញុំ​ជំពាក់បំណុល​៣​ពាន់​ដុល្លារ​ ដែល​ខ្ញុំ​ត្រូវ​សង​ ហើយ​បន្ទាប់​មក​ខ្ញុំ​ត្រូវ​ចំណាយ​ថ្លៃ​ជិះ​យន្តហោះ​ត្រឡប់​មក​ផ្ទះ​វិញ។ នេះ​ជា​ពាក្យ​កុហក»។​

បច្ចុប្បន្ន​ លោក​ស្រី​ជាអ្នក​ដឹកនាំ​កម្មវិធី​ដើម្បី​ផ្តល់​លទ្ធភាព​ខាង​សេដ្ឋ​កិច្ច​ដល់​ស្ត្រី​ដែល​ជា​អ្នក​រួច​ជីវិត​ពីការ​ជួញដូរ​មនុស្ស​នៅ ​Cameroon។

ជ័យ​លាភី​ម្នាក់​ទៀត​បាន​និយាយ​ថា មនុស្ស​គ្រប់​គ្នា​អាច​ចូលរួម​ចំណែក​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​បំផុត ​ដោយ​គ្រាន់តែ​ធ្វើ​ជា​អតិថិជន​មាន​មនសិកា​ខ្ពស់​បំផុត។​

លោក ​Kim Jong Chul ជា​ម្ចាស់​ពាន​រង្វាន់​វរជន​ម្នាក់​ដែរ​ បាន​និយាយ​ថា៖​ «នៅ​ក្នុង​ករណី​ជាច្រើន ​ខ្ញុំ​បាន​រក​ឃើញ​ថា ​ក្រុមហ៊ុន​ជា​ច្រើន​បាន​ចូល​ដៃ​គ្នា​ក្នុង​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ពួក​គេ។​ ដូច្នេះ​យើង​អាច​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន ​ដោយនិយាយ​ថា​ ខ្ញុំ​មិន​ចង់​ទិញ​ផលិត​ផល​ដែល​កេង​ប្រវ័ញ្ច​ញើស​ឈាម​ទាសករ​នោះ​ទេ»។​

លោក ​Kim Jong-chul​ បាន​លាយ​ត្រដាង​អំពី​ស្ថានភាព​នៃ​ការ​បង្ខំ​ឲ្យ​ធ្វើ​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​និង​ទូទាំង​ពិភព​លោក ​ជាពិសេស​ជន​ចំណាក​ស្រុក​ដែល​ជា​កម្មករ​នេសាទ៕​ ប្រភព៖ VOA