ប្រតិបត្តិការ​ជួយសង្រ្គោះ​ក្មេងថៃ​ទាំង​១២​នាក់ ហើយ​និង​គ្រូបង្វឹកបាល់ទាត់​របស់ពួកគេ នៅ​តែ​បន្ត នៅ​ខេត្តឈៀងរ៉ៃ។ ប៉ុន្តែ ភ្លៀងចាប់ធ្លាក់ មកវិញ នៅថ្ងៃសុក្រ​នេះ ហើយ​និង​គ្រោះថ្នាក់​ស្លាប់​បាត់បង់​ជីវិត​របស់​អ្នកមុជទឹកថៃ ម្នាក់ ដែល​មាន​នាទី ហែល​ទឹក យក​ដបខ្យល់អុកស៊ីសែន ទៅដាក់​ក្នុង​រូងភ្នំ បាន​ធ្វើ​ឲ្យក្រុមអ្នកជួយសង្រ្គោះ ធ្លាក់​បាក់ទឹកចិត្ត។

មរណភាព​របស់​អតីត​ទាហាន​ថៃ ដែល​បាន​ស្លាប់ នៅក្នុង​ប្រតិបត្តិការ ជួយ​សង្រ្គោះ កូនក្មេងថៃ ទាំង​១២រូប ហើយ​និង​គ្រូបង្វឹកបាល់ទាត់​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​ថៃ ពិនិត្យ​ឡើងវិញ ពី​យុទ្ធសាស្រ្ត​ជួយ​សង្រ្គោះ រំដោះ​កូនក្មេងថៃ ដែល​កំពុង​ជាប់កុន ដោយសារ​ទឹកជំនន់ ក្នុង​រូងភ្នំ។

នៅ​ថ្ងៃសុក្រ​នេះ លោក Saman Kunan ជា​អតីត ទាហាន​ថៃ​ម្នាក់ បាន​ស្លាប់​ដោយសារ​ខ្វះ​អុកស៊ីសែន នៅពេល​ហែល​ចេញ​មក​ពី​ក្នុងរូងភ្នំ​វិញ។ អតីត​មន្ដ្រី​នៃ​កង​ទ័ព​ជើង​ទឹក​ថៃ​រូប​នេះ បាន​ស្ម័គ្រ​ចិត្ត​យក​បំពង់​អុកស៊ីស្សែន​ទៅ​ដាក់​ពង្រាយ​នៅ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​រូងភ្នំ ប៉ុន្តែ​នៅ​ពេល​ជ្រមុជ​ទឹក​ត្រឡប់​មក​វិញ គាត់​ខ្វះ​អុកស៊ីស្សែន​សម្រាប់​ខ្លួន​ឯង​រហូត​សន្លប់​បាត់​ស្មារតី ហើយ​ក្រោយ​មក​បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ម៉ោង​១​រំលង​អាធ្រាត ថ្ងៃ​សុក្រ​នេះ។

នៅក្នុង​សន្និសីទ​កាសែត ដែល ធ្វើឡើង​នៅក្រោយ​មរណភាព​របស់​អ្នកមុជទឹក​ថៃ មេបញ្ជាការ​ទ័ពជើងទឹក និង​ជា​ប្រធាន​មណ្ឌល​ដោះស្រាយ​វិបត្តិ​បន្ទាន់ថៃ បាន​និយាយ​ជា​លើក​ទី ១ ពីជម្រើស​ដែល​មាន​កាន់តែ​តិច សម្រាប់​ជួយ​រំដោះ​យក​ក្មេង​ចេញពីក្នុង​រូងភ្នំ។ លោក អាប៉ាកន យូកងកែវ មេបញ្ជាការ​កងកុម្មង់ដូរ​ជើងទឹក​ថៃ បាន​និយាយ​ប្រាប់​អ្នកកាសែត នៅថ្ងៃ​សុក្រនេះ ថា “ដំបូងឡើយ យើង​ធ្លាប់​គិតថា ក្មេងៗ​អាច​ស្នាក់​នៅ​បន្ត ក្នុង​រូងភ្នំ យូរ​តទៅទៀត….ប៉ុន្តែ ពេលនេះ អ្វីៗ​បាន​ផ្លាស់ប្តូរ។ យើង​មានពេល​មួយ មានកំណត់”។

ប្រធាន​មណ្ឌលដោះស្រាយ​វិបត្តិ​ថៃ ទទួលស្គាល់​ដែរ​ថា ខ្យល់​អុកស៊ីសែន​នៅ​ល្អាង​ដែល​ក្មេង កំពុង​នៅកុន បានធ្លាក់ចុះ ពី​២១ មកនៅត្រឹម ១៥ភាគរយ។ គ្រូពេទ្យ​កំពុង​មាន​វត្តមាន​ជាប់ ជាមួយ​កុមារ ដើម្បី​តាមដាន​សុខភាព និង​បាន​បង្ហាត់​ឲ្យ​ពួកគេ រៀន​ដក​ដង្ហើម ជាមួយ ម៉ាស ក្នុង​ទឹក ក្នុង​ករណី​ត្រៀម ការបើក​ប្រតិបត្តិការ​រំដោះ យក​ក្មេង​ចេញពីក្នុង​រូងភ្នំ។

អ្នកជំនាញ​មុជទឹក នៅតែ​អាច​តែ​ស្លាប់​បាន នៅក្នុង​ពេល​ហែលឆ្លង​ចេញពី​ល្អាងភ្នំ។ អីចឹង តើ​ប្រតិបត្តិការ​ជួយសង្រ្គោះ យក​ក្មេង​ចេញពី​ក្នុង​ល្អាង ដែល​កំពុងជន់​ដោយ​ទឹកភ្លៀង​នោះ នឹង​អាច​ធានា​បាន​យ៉ាងម៉េច​ថា ក្មេងៗ ដែល​គ្មាន​បទពិសោធ ហែល ជ្រមុជទឹកនោះ នឹងគ្មាន​​គ្រោះថ្នាក់​ដល់​ជីវិតនោះ? ឆ្លើយ​នឹង​សំណួរ នេះ មេបញ្ជាការ​កងកម្មុយដូរ​ថៃ គ្រាន់តែ​បញ្ជាក់ថា គេ​នឹង​ប្រយ័ត្នប្រយែង​ខ្លាំង ប៉ុន្តែ មិន​បាន​បញ្ជាក់​ទេ ថា តើ ប្រតិបត្តិការ​​រំដោះ​យក​ក្មេងៗ​ពីក្នុង​រូងភ្នំ នឹង​ត្រូវ​ចាប់ផ្តើម នៅពេលណា ឬ​ក៏​ត្រូវ​បើក​ធ្វើ នៅ​ថ្ងៃ​សុក្រ​នេះ ដែរ​ឬ​យ៉ាងណា​នោះទេ។

សម្រាប់​ពេលនេះ គេ​ត្រូវការ​ពេល ៦ម៉ោង​ដើម្បី​ហែល​ទៅដល់​កន្លែងទួល​ដែល​ក្មេងទាំង ១២នាក់ ហើយ​និង​គ្រូបាល់ទាត់​កំពុង​នៅ​ជាប់គាំង ក្នុងរូងភ្នំ ហើយ​និង​៥ម៉ោង ដើម្បី​ហែល​ចេញមកវិញ ដោយសារ​មាន​ចរន្តទឹកហូរ​ជួយរុញច្រាន។ កន្លែង​ខ្លះ ដែល​ត្រូវ​មុជទឹក​ទៀតសោត ក្រវិចក្រវៀន តូចចង្អៀត ដែល​លំបាក និង​គ្រោះថ្នាក់ មិនថា សម្រាប់​អ្នកដែលមាន​ជំនាញ​ខាង​មុជទឹក។ ដោយសារ​តែ​ហេតុផលនេះ ក្រុមជួយសង្រ្គោះថៃ ធ្លាប់​គិតថា នឹង​រង់ចាំ​ឲ្យទឹកស្រក។ ប៉ុន្តែ ទោះមានជំនួយ​ពី​ម៉ាស៊ីនបូមទឹក​របស់​ក្រុម​ជួយ​សង្រ្គោះ​ជប៉ុន កន្លែង​ដែលនៅលិចទឹក ក្នុង​រូងភ្នំ ដែល​មាន​ចម្ងាយ​រាប់គីឡូម៉ែត្រ នៅតែមាន​ច្រើន ដោយសារ​ទឹកភ្លៀង ដែល​ចាប់មាន​ឡើងវិញ នៅថ្ងៃ​សុក្រនេះ៕ ប្រភព៖ RFI