ភ្នំពេញ —ការ​ឃោសនាបោះឆ្នោត​សភា​បាន​ចាប់​ផ្ដើម​ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​សន្យា​នៅមុខ​ក្រុម​អ្នក​គាំទ្រ​បក្ស​របស់​លោក​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​នៅ​រាជធានី​ភ្នំពេញ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​បានត្រៀម​ដាក់​ចេញ​កំណែ​ទម្រង់​សំខាន់ៗ​ ​ដើម្បី​សម្រួល​ជីវភាព​រស់​នៅ​របស់​កម្មករ​ ​មន្ត្រី​រាជការ​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ ​និង​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ។​

Loading...

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​រាប់ពាន់​នាក់​នៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ​លោក​ ​ហ៊ុន សែន​ ​មេដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ក៏​បាន​ថ្លែង​ប្ដេជ្ញា​ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ ​និង​បញ្ចៀស​ឲ្យបាន​នូវ​សោក​នាដ​កម្ម​ទាំងឡាយ​ ​ដែល​ធ្លាប់​បាន​ញាំញី​កម្ពុជា​កាល​ពី​អតីត​កាល​ ​ហើយ​ក៏​នឹង​ការ​ពារ​មិន​ឲ្យ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ជាតិ​បន្ត​ទៀត​នោះ​ឡើយ។​

ទិដ្ឋភាពទូទៅ​នៃ​ការ​ឃោសនា​រកសំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នាថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ​២០១៨។ (គី ម៉េងលី/VOA)

​«យើង​ត្រូវ​រួមគ្នា​ការ​ពារ​ឲ្យបាន​ដាច់​ខាតនូវ​សុខ​សន្តិភាព​ ស្ថិរភាព​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ ហើយ​ប្ដេជ្ញា​បន្ត​កសាង​ប្រទេស​ជាតិ​យើង​ឲ្យ​កាន់​តែ​រីកចម្រើន​ឆ្ពោះ​ទៅកាន់​ចក្ខុ​វិស័យ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ ​ក្លាយ​ទៅ​ជាប្រទេស​ជឿន​លឿន​មួយ​ក្នុង​តំបន់​ ជា​សង្គមប្រកប​ដោយ​ភាព​សុខដុមរមនា​ និង​សេចក្ដី​ស្រឡាញ់​ ដោយ​គ្មាន​ការ​កើតឡើង​ជាថ្មី​នូវ​សង្គ្រាម​ អំពើ​ប្រល័យ​ពូជ​សាសន៍​ និង​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ជាតិ​ដូច​កាល​ពី​មុន​ទេ»។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​ត្រូវ​គេ​ដឹង​ថា​ ​បាន​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជា​លើក​ទី​ពីរ​ បន្ទាប់ពី​លោក​បាន​ចូលរួម​បើក​ការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពីឆ្នាំ​មុន​ បាន​ប្រកាស​ឲ្យ​ដឹង​ពី​ផែនការ​នៃ​ការ​បន្ត​កំណែទម្រង់​ក្នុង​វិស័យ​សង្គម​សេដ្ឋកិច្ច​ ​ពង្រឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ ​ការ​គោរពច្បាប់​ ការ​លើក​កម្ពស់​វិស័យ​កសិកម្ម​ដោយ​ការ​បន្ត​មិន​យក​ពន្ធ​លើ​ដី​កសិកម្ម​លក្ខណៈ​គ្រួសារ​ និង​ការ​ផ្ដល់​ដីសម្បទាន​សង្គមកិច្ច ការ​ជួយ​ទំនុកបម្រុង​បន្ថែម​ដល់​ស្ត្រី​ក្រីក្រ​ដែល​សម្រាល​កូន​ ហើយនិងការ​បន្ត​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​ក្នុង​វិស័យ​ឯកជន​ និង​មន្ត្រី​រាជការ​ ក៏ដូចជា​កងកម្លាំង​ប្រដាប់​អាវុធ។​

​លោក​អះអាង​ថា​ ប្រសិនបើ​គណបក្ស​លោក​ បាន​ទទួល​ការ​គាំទ្រ​ឲ្យ​ដឹកនាំ​ប្រទេស​បន្ត​ទៀត​ ហើយ​លោក​នៅ​បន្ត​ជា​នា​យក​រដ្ឋមន្ត្រី​ទៀត​នោះ​ លោក​នឹង​ជំរុញឲ្យ​មាន​ការ​បើកប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ និង​និវត្តជន​ក្នុង​រយៈ​ពីរ​សប្ដាហ៍​ម្ដង​ ហើយ​ការ​ធ្វើ​បែបនេះ​ ក៏​នឹង​ត្រូវ​អនុវត្ត​ក្នុង​វិស័យ​ឯកជន​ផង​ដែរ។

លោក​នាយករដ្ឋមន្ត្រី ក៏​បាន​ឲ្យ​ដឹង​ពី​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ ប្រព័ន្ធ​ស្រោចស្រព​ដំណាំ​ និង​ពង្រីក​សេវា​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​ជនបទ និង​ការ​បញ្ចុះតម្លៃ​អគ្គិសនី​សម្រាប់​អ្នក​ប្រើប្រាស់​គ្រប់​ប្រភេទ។​

​«បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ គឺ​ដើម្បី​បន្ត​កែ​លម្អ​ និង​លើក​ស្ទួយ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​យើង​ទាំង​អស់​គ្នា»។​

ក្នុង​ការ​បិទ​បញ្ចប់​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក​ដែល​មាន​ពេល​ជាង​មួយ​ម៉ោង​នោះ​ លោក ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​មក​នោះ​ បាន​ថ្លែង​ថា​ ការ​ឈ្នះ​របស់​គណបក្ស​របស់​លោក​ គឺជា«ការ​ឈ្នះ​របស់​ប្រជាជន​កម្ពុជា»។

អ្នក​គាំទ្រ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ចាប់​ផ្តើម​ចេញ​ដំណើរ​ដង្ហែ​ក្បួន​ឃោសនា​នយោបាយ​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​សៅរ៍​ ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ទី អូលីស្សា/VOA)

ដោយ​ឡែក​ ក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​ និង​ពលរដ្ឋ​ទូទៅ​មាន​មតិ​ផ្សេង​គ្នា​ចំពោះ​ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​នៅ​អាណត្តិ​ទី​ប្រាំ​មួយនេះ​ ដោយក្រុមអ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​និយាយ​ថា​ ពួកគេ​ពេញចិត្ត​នឹង​ការ​ឃោសនា​ ហើយ​ថា​ បក្ស​ប្រជាជន​គួរ​ត្រូវ​បន្ត​ដឹក​នាំ​ប្រទេស​ ខណៈ​ដែល​ពលរដ្ឋ​សាមញ្ញ​មួយ​ចំនួនរួមមាន​ព្រះសង្ឃ​មិន​សូវ​ដឹង​ពី​ដំណើរ​ការ​ឃោសនា​នេះ ហើយ​ក៏​មិនពេញចិត្ត​នឹង​ការ​ឃោសនា​នេះ​ដែរ។​

​អ្នកស្រី​ ​ជីវ ច័ន្ទ​សុភត្រ្តា​ ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ ដែល​បាន​មក​ចូលរួម​ការ​ឃោសនា​បក្ស​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​តាំងពី​ម៉ោង​៤ភ្លឺ​និយាយ​ថា​ មាន​តែ​គណបក្ស​ប្រជា​ជន​តែប៉ុណ្ណោះ​ ដែល​អាច​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់​នៅ​បាន​ល្អ​ប្រសើរ​ ហើយ​ថា​អ្នក​ស្រី​នឹង​បោះឆ្នោត​ជូន​តែ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ប៉ុណ្ណោះ។​

​«ហ្នឹង​ហើយ​ជួយ​ឲ្យ​យើង​រស់​នៅ​មាន​ជីវភាព​សមរម្យ​អ៊ីចឹង​ណ៎ា! ប្រទេស​សុខ​ស្រួល​អ៊ីចឹង​ អត់​ចង់​បោះ​ឲ្យ​អ្នក​ផ្សេង​ទៀត​ទេ​ ចង់បោះ​ឲ្យ​គាត់»។​

​អ្នកស្រី​និយាយ​បន្ត​ថា​ ការ​សម្រេច​ជ្រើសរើស​យក​លោក​នាយករដ្ឋមន្ត្រី​ ដោយហេតុ​តែ​លោក​មាន​ការ​ដឹកនាំ​ល្អ​ ហើយ​គណបក្ស​លោក ធ្លាប់​ជួយ​សាច់​ញាតិ​អ្នកស្រី​ឲ្យ​រួច​ផុត​ពី​របប ប៉ុល ពត​ ឬ​ខ្មែរ​ក្រហម​ទៀត​ផង។​

​«ដោយសារ​គាត់​ដឹកនាំ​ល្អ​ ហើយ​ណា​មួយ​ បងប្អូន​ខ្ញុំ​ មាន​អ្នក​ស្លាប់​កាល​សម័យ​អា​ពត​ដែរ។ គាត់​បាន​រំដោះ​ រំដោះ​ទៅ​ក៏​ យើង​ក៏​បាន​សុខ​ស្រួល​ជុំ​បង​ប្អូន​អ៊ីចឹង​ណ៎ា! ខ្ញុំ​មាន​បង​ប្អូន​ កុង​ខ្ញុំ​អី​ស្លាប់​ជំនាន់​ហ្នឹង​អស់​ច្រើន​ណាស់»។​

​ព្រះ​តេជ​គុណ​មួយ​អង្គ​ដែល​បាន​ផ្ដល់​ព្រះនាម​ថា សូ វិន​ ​ដែល​បាន​និមន្ត​កាត់​តាម​ការ​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​កាន់អំណាច​ មាន​សង្ឃដីកា​ថា​ មិន​មាន​ទី​លាន​ស្មើភាព​គ្នា​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​នេះ​ទេ​ ដោយ​ហេតុ​ថា​ គណបក្ស​ប្រឆាំង​ធំ​មួយ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​គេ​ធ្វើឲ្យ​បាត់​មុខ​ពី​ការប្រកួត។​ ​ដូច្នេះ​ព្រះអង្គ មិន​មាន​ទឹក​ព្រះ​ទ័យ​អបអរ​យុទ្ធនាការឃោសនា​បោះឆ្នោត​នា​ពេល​នេះ​ឡើយ។​

​«សម្រាប់​ការ​សប្បាយ​ គឺ​សប្បាយ​សម្រាប់គេ​ជា​អ្នក​ហែ​ ប៉ុន្តែ​បើ​សម្រាប់​ក្នុងនាម​អាត្មា​ផ្ទាល់​ បើមើល​ទៅ​វា​មិន​ល្អ​សម្រាប់​អាត្មា​នោះ​ទេ​ ព្រោះ​ក្នុង​នាម​យើង​ជា​ខ្មែរ​តែ​មួយ​ អាត្មា​មិន​ចង់​បាន​រូប​ភាព​បែប​ហ្នឹង​នោះ​ទេ​ គឺ​ចង់​បាន​រូបភាព​មួយ​ដែល​វា​មាន​លក្ខណៈ​សមស្រប​ បានន័យ​ថា​ បើ​យើង​ធ្វើ​អ្វី​បាន​ គឺ​អ្នកដទៃ​ក៏​អាច​ធ្វើ​បាន​ដូច​គេ​ដូច​យើង​ដែរ។ យើង​មាន​សិទ្ធិ​ធ្វើ​អ៊ីចឹង​ ចឹង​អ្នក​ដទៃ​ ក៏​មាន​សិទ្ធិ​ធ្វើ​អ៊ីចឹង​ដែរ​ មិនមែន​យើង​ធ្វើ​តែ​ឯង​ហើយ​បិទ​សិទ្ធិ​គេ​មិន​ឲ្យ​គេ​ធ្វើ​អ៊ីចឹង​នោះ​ទេ»។​

​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​បើក​យុទ្ធនាការ​ឃោសនា​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​នាទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ក្រៅ​ពី​មាន​វត្តមាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​មាន​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​ បាន​ចូលរួម​ ក្នុង​នោះ​មាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​ ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែលដឹកនាំ​ដោយ​លោក​ញឹក ប៊ុនឆៃ​ អតីត​មេទ័ព​ស្មោះ​នឹង​ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​ និង​គណបក្ស​ទើប​បង្កើត​ថ្មី​ គឺ​គណ​បក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក ​គង់​ ម៉ូនីកា ដែល​ជា​កូន​ប្រុស​ពៅ​របស់​លោក​គង់​ គាំ​ អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​របស់​លោក​សម រង្ស៊ី​ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ ​ខឹម វាសនា។​

អ្នកគាំទ្រ​គណបក្សឆន្ទ:ខ្មែរ​ នៅ​ក្នុង​ការ​ធ្វើសមាជ នៅ​ថ្ងៃ​ដំបូង​នៃយុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ នៅ​ក្នុង​ទីស្នាក់​ការ​គណបក្ស​ នៅថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ​២០១៨។ (គី ម៉េងលី/VOA)

លោក​ ​ម៉ៅ មុនីវណ្ណ​ ​អ្នកនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ដោយ​អំណាច​តុលាការ​កំពូល​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល​ខ្មែរ​កាល​ពី​ឆ្នាំ​មុន ចាត់​ទុក​ថា​ ការ​បោះ​ឆ្នោត​លើក​នេះ​ គ្រាន់​តែ​ជា​នីតិវិធី​បន្ត​អំណាច​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។​

លោក​ក៏​បាន​ហៅ​ការ​បោះ​ឆ្នោត​នេះ​ ថាជា​រឿង​អាម៉ាស់​មួយ​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ នៅ​គ្រា​បក្ស​ប្រឆាំង​ធំ​មួយ ​មិន​បាន​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត​នោះ។​

«យើង​ទាំងអស់​គ្នា​បាន​រួមគ្នា​ធ្វើ​តាំង​ពី​ទសវត្សរ៍​ ៩០មក រហូតមកដល់​ពេលនេះ​ គឺ​ថា​ យើង​ចំណាយ​សាច់​ស្រស់​ឈាម​ស្រស់​ អស់​ច្រើន​ណាស់​ ដើម្បី​រុញ​ប្រទេស​ជាតិ​យើង​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​ ហើយ​ពិភពលោក​គេ​ទទួល​ស្គាល់​មក​ដល់​ពេលនេះ​។ ហើយ​ឥឡូវ​នេះ​ ប្រជាធិបតេយ្យ​នៅ​ស្រុក​យើង​វា​ធ្លាក់​វិល​ទៅ​រក​ទសវត្សរ៍​៨០​វិញ​ អា​ហ្នឹង​ វា​ជា​បញ្ហា​មួយ​ដែល​គួរ​ឲ្យ​អាម៉ាស់​ ចំពោះ​ជាតិ​យើង​នោះ​បាទ»។​

​អ្នកនយោបាយ​រូប​នេះ​ ថ្លែង​បន្ថែម​ថា​ ការណ៍​ដែល​មិនបាន​ធ្វើ​នយោបាយ​ក្នុង​ពេល​នេះ​ គឺ​មិនមែន​ជា​បញ្ហា​ចម្បង​សម្រាប់​លោក​នោះ​ទេ តែ​លោក​នៅ​បារម្ភ​ថា​ សហគមន៍​ប្រជាធិបតេយ្យ​ ​នឹង​មិន​ទទួល​ស្គាល់​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។​ ​

​លោក​ថ្លែង​ថា៖​

«រឿង​ហ្នឹង​ហើយ​ដែល​យើង​មេដឹកនាំ​ជាតិ គួរតែ​ពិចារណា​ ព្រោះ​យើង​ដឹង​ទាំង​អស់​គ្នា​ថា​ បើ​យើង​ជម្នះ​ធ្វើ​តទៅមុខ​ទៀត​ ខ្ញុំ​យល់​ឃើញ​ថា​ ប្រជាជាតិ​ខ្មែរ​នឹង​ខាត​ធំ​ណាស់​ទៅ​អនាគត»។

បរិយាកាស​នៃ​ថ្ងៃ​ដំបូង​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភា​អាណត្តិ​ទី​ប្រាំ​មួយ​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ភាព​ស្ងប់ស្ងាត់។ ក្បួន​ហែ​ឃោសនា​របស់​គណបក្ស​ប្រជាជន​ ក៏​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ និងមាន​ចាក់​បទ​ចម្រៀង​រៀបរាប់​ពី​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​ ដោយ​មិន​មាន​ការ​ប្រឈម​នឹង​គណបក្ស​ផ្សេង​ទៀត​ផង​ដែរ។​

​លោក​ កន សាវាង្ស​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel) ដែល​បាន​សម្រេច​មិន​ចូល​រួម​ការ​ឃ្លាំ​មើល​ដំណើរ​ការបោះឆ្នោត​នា​អាណត្តិ​នេះ​ ប្រាប់​ ​VOA​ ​ថា​ ការ​ឃោសនា​បក្ស​នយោបាយ​នីមួយៗ​នា​អាណត្តិ​នេះ​ មាន​សភាព​ស្ងប់​ស្ងាត់​ខុស​ពី​ពេល​មុនៗ។

​«ការ​លើក​មុន​យើង​ធ្លាប់​ឃើញ​ ​ក្នុង​ពេល​យុទ្ធនាការ​ហ្នឹង​ គេ​ឃើញ​មាន​ក្បួន​ធំៗ​ មាន​ក្បួន​ធំៗ​ រវាង​ជាពិសេស​ដែល​យើង​ឃើញ​ធំជាង​គេ​ មាន​គណបក្ស​ប្រជាជន​ ឬ​ក៏​និង​អតីត​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ រហូតដល់​មាន​ការ​ដណ្តើម​ផ្លូវ​ ដណ្ដើម​អី​គ្នា​ ដង្ហែ​អ៊ីចឹង។ អា​ហ្នឹង​ជា​អ្វី​ដែល​យើង​មើល​ឃើញ​ពី​អាណត្តិ​មុន​ ប៉ុន្តែ​អាណត្តិ​នេះ​ ដែល​ក្បួន​ធំៗ​បែប​ដូច​ឆ្នាំ​២០១៣​អី​ ឬក៏​២០១៧​អី​ហ្នឹង​ គឺ​យើង​ឃើញ​ថា​មាន​ ដូច​ជា​មិន​មាន​អី​ច្រើន​ ដូច​ពេល​ហ្នុង​ទេ​បាទ»។

​VOA​ ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ម៉េត មាសភក្តី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ទាក់​ទិន​បញ្ហា​សន្តិសុខ​ក្នុង​ទីក្រុង​ តែ​ទូរស័ព្ទ​លោក​រោទ៍​គ្មាន​អ្នកទទួល។​

ក្បួន​ដង្ហែ​ឃោស​នារកសម្លេង​ឆ្នោត ​របស់​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច​ សម្រាកក្រោយអាហារ​ថ្ងៃ​ត្រង់​ នៅ​លើ​មហា​វិថី​តេជោ​ហ៊ុន​សែន ឬផ្លូវ​៦០​ ម៉ែត្រ​ មុននឹង​បន្តដង្ហែ​ក្បួនរថយន្តនាពេល​រសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)

នៅ​មុន​ការចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោតនៅ​ថ្ងៃសៅរ៍​នេះ​ មាន​មតិ​រិះគន់​ជាច្រើន​ត្រូវ​បាន​ធ្វើឡើង​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ ទៅ​លើ​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​របស់​ក្រុម​ជំទាស់​ ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​មិន​ចំណុះ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។

អ្នកសារព័ត៌មាន​របស់​សំឡេង​សហរដ្ឋអាមេរិក​ មិន​ត្រូវ​បាន​ក្រុម​អ្នក​ពាក់​ឯកសណ្ឋាន​គាំទ្រគណបក្ស​កាន់​អំណាច​ អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​នៅកន្លែង​ធ្វើ​ពិធី​ជួបជុំ​អ្នកគាំទ្រ​ និង​មន្ត្រី​បក្ស​នៅ​ក្នុង​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នោះ​ទេ។​

​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ ​ក៏​ស្ថិត​នៅ​ជា​ក្ដី​បារម្ភ​របស់​សហភាព​អឺរ៉ុប​ ដែល​បាន​បញ្ជូន​ក្រុម​មន្ត្រី​ពាណិជ្ជកម្ម​របស់​ខ្លួន​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​ផង​ដែរ។​

អ្នកគាំទ្រម្នាក់នៃគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ កាន់​ទង់​ជាតិ​ព្រះរាជាណាចក្រកម្ពុជា នៅ​ក្នុង​ក្បួន​ឃោសនា​នយោបាយ ​នា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​បោះឆ្នោត នៅ​លើ​មហាវិថី​តេជោ​ហ៊ុន​សែន​ ហៅ​ផ្លូវ​៦០​ម៉ែត្រ​ រាជធានី​ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨។

ក្រុម​សមាជិក​សភា​សហភាព​អឺរ៉ុប​ចំនួន​១៨រូប​ ​បាន​ថ្លែង​បញ្ជាក់​ក្នុង​លិខិត​មួយ​ដែល​ ​VOA​ ​ទទួល​បាន​នា​ពេល​ថ្មីៗ​នេះ​ថា​ ពួកគេ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​វិវត្ត​ខាង​នយោបាយ​ និង​ការ​គាបសង្កត់​ដែល​បាន​បន្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា។

​ពួក​គេ​បាន​បង្ហាញ​ពី​ការ​ជឿ​ជាក់​របស់​ពួកគេ​ថា​ នឹង​មិន​មាន​ភាព​ស្រប​ច្បាប់​ នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​នោះ​ទេ​ នៅ​ពេលដែល​គណបក្ស​ប្រឆាំង​សំខាន់​ត្រូវ​បាន​គេ​ផាត់​ចេញ​តាម​តែ​អំពើ​ចិត្ត។​

​បេសកកម្ម​របស់​ក្រុម​មន្ត្រី​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ពិនិត្យ​លើ​ការ​គោរព​របស់​កម្ពុជា​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​បាន​លើក​តម្កើង​ក្នុង​ក្របខ័ណ្ឌ​ពាណិជ្ជ​កម្ម​ «អ្វីៗ​ក៏​បាន​វៀរ​លែង​តែ​អាវុធ»​(EBA)​ ដែល​ជា​គម្រោង​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​របស់​កម្ពុជា។

បេសកកម្ម​ដដែល​នេះ​ ក៏បាន​ធ្វើឡើង​ ក្រោយ​ការ​ព្រមាន​របស់​សហរដ្ឋអាមេរិក​ជា​បន្តបន្ទាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​ជាក់​លាក់​ណា​មួយ​លើ​រដ្ឋាភិបាល​កម្ពុជា​ រួមមាន​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​មន្ត្រី​ខ្មែរ​ ដើម្បី​ឆ្លើយតប​នឹង​ការ​មិន​ចម្រើន​ទៅ​មុខ​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ​មុន​មក​នោះ៕ ប្រភព៖ VOA