អ្នកយកព័ត៌មាន​របស់ទីភ្នាក់ងាររ៉យទ័រ (Reuters) នៅថ្ងៃ​ចន្ទ នេះ​ត្រូវ​បាន​តុលាការ​ភូមា បដិសេធ មិនព្រម​ដកចោល ការចោទប្រកាន់ នោះ​បើទោះបី​ជា​មាន​ការតវ៉ា ទាមទារ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ឲ្យ​ដោះលែង​អ្នកកាសែត​ទាំងពីរ​នាក់។ អ្នកកាសែត​ភូមា ដែល​បម្រើការ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស រ៉យទ័រ បាន​រងការចោទប្រកាន់​ថា បាន​”ប៉ះពាល់​ដល់​កិច្ចការសម្ងាត់​រដ្ឋ” នៅក្នុង​ពេល​ស៊ើបអង្កេត​លើ​ការសម្លាប់​រង្គាល​របស់​យោធា​ភូមា ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។

Loading...

នៅ​ថ្ងៃ​ចន្ទ​នេះ ចៅក្រម​ភូមា មិនព្រម​លើកលែង​ការចោទប្រកាន់ និង​បាន​ប្រកាស​ជាផ្លូវការ ថ្ងៃ​បើក​សវនការ ជំនុំជម្រះ អ្នកកាសែត​ភូមា ដែល​បម្រើការ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មានអង់គ្លេស រ៉យទ័រ។ តាម​ការសម្រេច​របស់​ចៅក្រម អ្នកកាសែត​ទាំងពីររូប​របស់​រ៉យទ័រ នឹង​ត្រូវ​ជំនុំជម្រះ ទៅ​តាម​ច្បាប់ ស្តី កិច្ចការ​សម្ងាត់​រដ្ឋ នៅថ្ងៃទី ១៦​កក្កដា​ខាងមុខ។

Wa Lone អាយុ ៣២​ឆ្នាំ និង​ Kyaw Soe Oo អាយុ ២៨​ឆ្នាំ ត្រូវ​បាន​ប៉ូលិសភូមាចាប់​ឃុំខ្លួន និង ចោទប្រកាន់​ថា មានកាន់​នៅក្នុង​ដៃ ឯកសារ​ដែល​និយាយ​ពី​ប្រតិបត្តិការ​របស់​កងទ័ព​ភូមា នៅ​រដ្ឋរ៉ាឃីន នៅភាគខាងលិច​ភូមា ជាទី​ដែល​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ពីការសម្លាប់​រង្គាល​របស់​យោធា ទៅលើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

នៅ​ពេល​ក្រៀកអម ចេញ​ពី​បន្ទប់​សវនការ នៅ​ទីក្រុង​រ៉ង់ហ្គូន លោក Wa Lone បាន​ស្រែក​ទៅ​កាន់​អ្នកយកព័ត៌មាន នៅក្រៅ​តុលាការ​ថា ពួកលោក​មិន​បាន​ធ្វើអ្វី​ខុស នោះទេ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន នៅថ្ងៃ​ចន្ទនេះ លោក​Stephen JAdler និពន្ធនាយក​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ នៅតែ​បញ្ជាក់អះអាងថា អ្នកកាសែត​ភូមា​របស់​រ៉យទ័រ​ទាំងពីររូប​បាន​ធ្វើការ​ទៅតាម​វិជ្ជាជីវៈ ឯករាជ្យ និង​អព្យាក្រិត នៅក្នុង​ពេល​ស៊ើបអង្កេត​របស់​ពួកគេ។ “ការសម្រេច​របស់​ចៅក្រម​ភូមា​នៅថ្ងៃ​នេះ​កំពុង​ធ្វើ​ឲ្យ​គេ​ចាប់​សង្ស័យ លើ​ការសន្យា​របស់​រដ្ឋាភិបាល​ភូមា នៅក្នុង​គោរព សិទ្ធិ​សេរីភាព​សារព័ត៌មាន ហើយ​និង​និតិរដ្ឋ។

រង​ការចោទ​ប្រកាន់​ថា បាន​រំលោភ​កិច្ចការ​សម្ងាត់​រដ្ឋ នៅពេល​ចុះ​ស៊ើបអង្កេត លើ​អំពើហិង្សា នៅ​រដ្ឋ​រ៉ាឃីន អ្នកកាសែត​ភូមា​ទាំងពីរ​រូប របស់​រ៉យទ័រ ត្រូវ​បាន​អាជ្ញាធរ​ភូមា ចាប់ឃុំខ្លួន តាំង​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៧។ អង្គការ​សហប្រជាជាតិ និង​សហភាពអឺរ៉ុប បាន​ស្នើ​សុំ​ជា​ច្រើន​លើក​ឲ្យ​ភូមា ដោះលែង​អ្នកយកព័ត៌មាន​ជាតិភូមា ដោយ​គ្មាន​លក្ខខណ្ឌ ប៉ុន្តែ តែ​មិនបាន​សម្រេច។ សម្ពាធ​អន្តរជាតិ​បាន​ត្រឹម​ជំរុញឲ្យ​​យោធា​ភូមា​ទទួល​ស្គាល់​ថា ពិតជា​មាន​កូនទាហាន និងអ្នក​ភូមិ​កាន់​សាសនា​ព្រះពុទ្ធខ្លះ បាន​សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ាង ដោយ​មិន​ឆ្លង​កាត់​តុលាការ ប៉ុន្តែ ទង្វើទាំង​នោះ មិនមែន​ជា​នយោបាយ​បោសសម្អាត​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ទៅតាម​ការចោទប្រកាន់​របស់​អង្គការ​សហប្រជាជាតិ​នោះ​ទេ។

នៅ​ពាក់កណ្តាល​ខែ មេសា​កងទ័ពភូមា បាន​ធ្វើ​ឲ្យ​គេភ្ញាក់ផ្អើល ដោយ​បាន​សម្រេច​កាត់​ទោស យោធា៧​រូប ឲ្យ​ជាប់​ពន្ធនាគារ​ ១០​ឆ្នាំ​ពី​បទ​បាន​សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ភូមិ អ៊ីនឌីន ជាទី​ដែល​អ្នកកាសែត​ភូមា ទាំង​ពីរ​បាន​ចុះ​ទៅ​ស៊ើបអង្កេត​ និង​រក​បាន​ទាំង​ភស្តុតាង​រូបថត​មក​បង្ហាញ។

នៅ​ខែមេសា​ដដែល គេឃើញ​មាន​ការវិវឌ្ឍន៍​ថ្មីមួយទៀត នៅក្នុង​សំណុំរឿង​ប្រឆាំង​អ្នកកាសែត​របស់​រ៉យទ័រ នោះ គឺ​ការផ្លាស់ប្តូរ​ជំហរ​របស់​ប៉ូលិស​ភូមា​ម្នាក់ ដែល​ដើម​ឡើយ​ជា​សាក្ខី​ដាក់បន្ទុក​លើ​អ្នកកាសែត។ តាមសាក្សី​ខាងដើម គឺ​ប៉ូលិស​ភូមា​ដែល​បាន​ដាក់​អន្ទាក់ ចង់​ចាប់​អ្នកកាសែត​ភូមា។ ការចោទប្រកាន់ដែល​ប៉ូលិស​ជាតិ​ភូមា​បាន​បដិសេធ​ទាត់ចោល។ មេធាវី​របស់​ចុងចោទ​បាន​ស្វាគម​សេចក្តីក្លាហាន​របស់​មន្រ្តី​ប៉ូលិស ដែល​ហ៊ាន​និយាយ​ការពិត ប៉ុន្តែ ការពិត​នោះ ផ្ទុយទៅវិញ បាន​ធ្វើ​ឲ្យ​សាក្សី​ជា​ប៉ូលិស​រូបនោះ ត្រូវ​បាន​តុលាការ​ភូមា​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ១ឆ្នាំ ពីបទ ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​អ្នកកាសែត៕ ប្រភព៖ RFI