ចិន និង​អាល្លឺម៉ង់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ ២០​ពាន់​​លាន​អឺរ៉ូ។ នៅក្នុង​ពិធី​ចុះ​ហត្ថេលខា​នៅថ្ងៃ​ម្សិលមិញ នៅ​ទីក្រុង​ប៊ែរឡាំង លោក​នាយករដ្ឋមន្រ្តី​ចិន លី ខឺឈាំង និង​លោកស្រី នាយករដ្ឋមន្រ្តី អាល្លឺម៉ង់​អង់ហ្គេឡា មែរកិល បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ហើយ និង ការបើក​ទីផ្សារ​សេរី។ អាល្លឺម៉ង់ និង​ចិន ចង់​រឹតចំណង​សេដ្ឋកិច្ច​នឹងគ្នា នៅពេល​ដែល​អាមេរិក​របស់លោកដូណាល់ ត្រាំ កំពុង​ដាក់​របាំងពន្ធ​គយ​លើ​ទំនិញ នាំចូល​ពី​ចិន ហើយ​និង​អឺរ៉ុប។

២០នាទី ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចិន អាល្លឺម៉ង់ ដែល​មាន​តម្លៃ ២០ពាន់​លាន​អឺរ៉ូ។ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ធ្វើ​ឡើង នៅទីក្រុង​ប៊ែរឡាំង នៅក្រោម​អធិបតីភាព​របស់​នាយករដ្ឋមន្រ្តី ចិន លោក​លី ខឺឈាំង ហើយ​និង​លោកស្រី នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គេឡា មែរកិល។

ចាប់តាំង​ពី​២ឆ្នាំ មកនេះ ចិន​បាន​ក្លាយ​ជា​ដៃគូ ពាណិជ្ជកម្ម​ទី​១​របស់​អាល្លឺម៉ង់។ ប៉ុន្តែ ក្នុង​នាម​ជាប្រទេស​នាំចេញ ដូចគ្នា ចិន អាល្លឺម៉ង់ ដែល​ឃើញ​ថា គំរូ​ពាណិជ្ជកម្ម​របស់​ខ្លួន កំពុង​ត្រូវ​ប្រឈម​នឹង​ការគំរាមកំហែង ដោយសារ​របាំង​ពន្ធ​គយ​របស់​អាមេរិក ចង់​រឹត​ចំណង​​ពាណិជ្ជកម្ម រវាងគ្នា ដើម្បី រួមគ្នា តទល់​ជាមួយ​ក្រុង​វ៉ាស៊ីនតោន។

ប៉េកាំង និង​ប៊ែឡាំង​បាន​រួមគ្នា​រិះគន់​ចំណាត់ការ​របស់​រដ្ឋបាលអាមេរិក ដែល​ទើប​ចាប់​អនុវត្ត ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន តាំង​ពី​ដើម​ខែ​កក្កដា​នេះ។ ចិន ដែល​បានក្លាយ​ជា​ប្រទេស​ដំបូង គេ ក្នុង​បញ្ជី​ដំឡើង​ពន្ធគយ​របស់​អាមេរិក បាន​ដើរ​នយោបាយ​ការទូត ប្រមែរប្រមូល គ្រប់​សម្ព័ន្ធមិត្ត​សេដ្ឋកិច្ច។ នៅ​សប្តាហ៍​មុន ចិន​បើក​វេទិកា​សេដ្ឋកិច្ច​ជាមួយ ប្រទេស​នៅ​អឺរ៉ុប​កណ្តាល និង​ខាងកើត ចំណែក​នៅ​សប្តាហ៍ក្រោយ ចិន នឹង​បើក​ជំនួប​កំពូល​ជាមួយ សហភាព​អឺរ៉ុប​វិញម្តង។

នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ចន្ទ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ បាន​ថ្លែងថា អាល្លឺម៉ង់ ហើយនិង​ចិន នៅតែ​គាំទ្រ​ការដោះដូរ​សេរី ទៅតាម​ការកំណត់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

អាល្លឺម៉ង់ ចូលរួម​ជាមួយ ចិន ដើម្បី ការពារ​នយោបាយ​ដោះដូរ​សេរី ប៉ុន្តែ ប៊ែរឡាំង​ក៏មិន​ចង់ចូល​ជិត​ស្និទ្ធ​ខ្លាំង ​ជាមួយ​ក្រុង​ប៉េកាំង ដែល​តាមពិត​មិនមែន​ជា​សិស្ស​គំរូ​​​ណាស់ណា ក្នុង​រឿង​ដោះដូរពាណិជ្ជកម្ម​ស្មើភាព​គ្នានោះ។

ឆ្លើយតប​នឹង​ការបារម្ភ​របស់​អ្នកទទួល​ខុសត្រូវ​អឺរ៉ុប ជាពិសេស​របស់​លោកស្រី​នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់​ដែល​ចង់​ឲ្យ​ចិន​បើកចំហរ​ទីផ្សារ​សម្រាប់​អ្នកវិនិយោគ​បរទេស លោក​នាយក​រដ្ឋមន្រ្តី​ចិន លី ខឺឈាំង​បាន​បញ្ជាក់ថា អំណើះតទៅ ក្រុមហ៊ុន​អាល្លឺម៉ង់​អាច​ចូល​ទៅ​វិនិយោគ​នៅទីផ្សារ​មូលប័ត្រ និង​ធានារ៉ាប់រង នៅ​ប្រទេស​ចិន។ លោក​លី ខឺឈាំង បាន​អំពាវនាវ​ផងដែរ ឲ្យ​ក្រុមហ៊ុន​អាល្លឺម៉ង់ វិនិយោគ​កាន់​តែ​ច្រើន ខាងផ្នែក​បច្ចេកវិទ្យា​ជាន់ខ្ពស់ នៅប្រទេស​ចិន ផ្ទាល់ ដោយ​មិន​ចាំបាច់​ត្រូវ​ផ្ទេរ​បច្ចេកវិទ្យា​ដូចមុន​នោះទេ។ ប្រមុខរដ្ឋាភិបាល​ចិន​បាន​និយាយ​ធានា​ផងដែរ​ថា ក្រុមហ៊ុន​អាល្លឺម៉ង់ មិន​ត្រូវ​បារម្ភ​ឡើយ ពីការលួច​ចម្លង ព្រោះថា អាជ្ញាធរ​ចិន​នឹង​មិន​អនុគ្រោះ​ដាច់ខាត អ្នកដែល​លួច​កម្មសិទ្ធិ​បញ្ញា។ សូមបញ្ជាក់ថា គឺ​ការរំលោភ កម្មសិទ្ធិ​បញ្ញា ការលួច​ចម្លង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​អាមេរិកាំង នៅ​ប្រទេស​ចិន ដែល​ជា​ដើមហេតុ​នៃការថ្នាំងថ្នាក់ អន់ចិត្ត​របស់​លោកដូណាល់ រហូត​ប្រកាស​បើក​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​ប៉េកាំង៕ ប្រភព៖ RFI