គណបក្ស​ប្រជាជន​នឹង​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ក្រសួង​ការពារ​ជាតិ ​និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​គាំទ្រ​បក្ស​របស់​ខ្លួន​ ដែល​ប្រើ​ប្រាស់​រថយន្ត​រដ្ឋ​ចូល​រួម​ឃោសនា ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន។ ចំណាត់​ការ​នេះ ធ្វើ​ឡើង​​ក្រោយ​ពី​មាន​រូបភាព​ចែក​ចាយ​តាម​បណ្តាញ​សង្គម បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​រថយន្ត​រដ្ឋ​បិទ​សញ្ញា​គណបក្ស​សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​។

Loading...

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នា​ថ្ងៃ​ទី​១១ ខែ​កក្កដា​នេះ​ថា ប្រសិន​បើ​មាន​ករណី​យក​រថយន្ត​ស្លាក​លេខ នគរបាល និង​ស្លាក​លេខ ខេមរភូមិន្ទ ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ឃោសនា​មែន នោះ​គឺ​ជា​កំហុស​ឆ្គង​របស់​បុគ្គល​តែ​ប៉ុណ្ណោះ ពី​ព្រោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំណាច​មិន​មាន​គោលការណ៍​ឲ្យ​ប្រើ​រថយន្ត​រដ្ឋ​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​បាន​ប្រជុំ​គណៈកម្មាធិការ​កណ្តាល ដើម្បី​រាយការណ៍​ទៅ​ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​ការពារ​ជាតិ។ តាម​រយៈ​សេចក្ដី​រាយការណ៍​នេះ ក្រសួង​ទាំង​ពីរ នឹង​ត្រួត​ពិនិត្យ​ទៅ​លើ​បុគ្គល​ណា​ដែល​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត មុន​នឹង​ចាត់​វិធានការ​ផ្ទៃ​ក្នុង​ចំពោះ​បុគ្គល​នោះ។ លោក​បន្ថែម​ថា គណបក្ស​ក៏​បាន​ទាក់​ទង​ទៅ គ.ជ.ប ដើម្បី​ឲ្យ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​នេះ ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ប្រើ​ប្រាស់​សម្បត្តិ​រដ្ឋ យក​ទៅ​ឃោសនា​ឲ្យ​គណបក្ស​ដែរ។

គួរ​កត់​សម្គាល់​ថា នៅ​មុន​ការ​ឃោសនា​បោះ​ឆ្នោត រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ បាន​អំពាវនាវ​មិន​ឲ្យ​មន្ត្រី​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ ​ឬ​ថវិកា​រដ្ឋ ក្នុង​ការ​ឃោសនា​បំរើ​គណបក្ស​នយោបាយ​នោះ​ទេ។ លោក ហ៊ុន សែន បញ្ចាក់​ថា គ្មាន​គណបក្ស​នយោបាយ​ណា​មាន​លទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់​មធ្យោបាយ​រដ្ឋ​ទេ គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ត្រូវ​ហាម​ដាច់​ខាត​ការ​ប្រើ​ប្រាស់​រថយន្ត ដែល​មាន​ស្លាក​លេខ ខេមរភូមិន្ទ ឬ​នគរបាល។

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ (និកហ្វិក) បាន​ថ្លែង​ថា គណបក្ស​គួរ​តែ​ចេញ​សេចក្តី​ព្រមាន ឬ​ណែនាំ ចំពោះ​បុគ្គល​ណា ដែល​ប្រើ​ប្រាស់​មធ្យោបាយ​រដ្ឋ​ក្នុង​ការ​ឃោសនា​បំរើ​គណបក្ស។ លោក​បន្ត​ថា សកម្មភាព​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គណបក្ស​កាន់​អំណាច។

សូម​ជម្រាប​ជូន​ថា ការ​ឃោសនា​បោះ​ឆ្នោត​នីតិកាល​ទី​៦ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា ហើយ​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។ ការ​បោះ​ឆ្នោត​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូល​រួម ៕ ប្រភព៖ RFI