កម្មករ​ ដែល​បំរើ​ការងារ​នៅ​រោងចក្រ​ដែរ​ស្បែក​ជើង ​Pontus Footwear Ltd ​មាន​ទីតាំង​នៅ​ខេត្តតាកែវ ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​បន្ត​សន្លប់​បន្ថែម​ទៀត ​បន្ទាប់ពី​ពួក​បាន​ដួល​សន្លប់​ជាង​៦០០​នាក់ ​រយៈពេល ​២​ថ្ងៃ​កន្លង​ទៅ​។ ​តាម​កម្មករ​ដែល ​បានផ្តល់​ព័ត៌មាន​ដល់​មន្ត្រី​អង្គ​ការ​សង់​ត្រា​ល់ ​មាន​កម្មករ​ប្រមាណ​ជា​១៣០​នាក់​ទៀត ​ត្រូវ​បាន​រាយការណ៍​ថា ​បាន​សន្លប់​នៅ​ថ្ងៃ​នេះ ​ខណៈ​ពួក​គេ​បាន​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​។

មិន​មែន​ជា​ការ​ដួល​សន្លប់​ទេ ​គឺ​កម្មករ ​ដែល​មាន​សុខភាព​ចុះខ្សោយ ​បាន​ត្រលប់​មក​ចូល​ធ្វើការ​វិញ ​ពួកគេ​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា ​មាន​អាកា​រៈ ​មិន​ទាន់​ប្រសើរ​និង​រក​កល​សន្លប់ ​បន្ទាប់​ពី​ពួក​គេ​បាន​ដួល​សន្លប់ ​កាល​ពី​ថ្ងៃ​ចន្ទ ​និង​ថ្ងៃ​អង្គារ​។ ​នេះ​បើ​តាម​លោក​ ​ជាវ ​ប៊ុន​​រិ​ទ្ធ ​អ្នក​នាំ​ពាក្យ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (ប.ស.ស)​ ដែល​បាន​ដាក់​ពង្រាយ​ក្រុម​ការងារ​ទប់ស្កាត់​ករ​ណី​ដួល​សន្លប់ ​និង​គ្រោះថ្នាក់​ការងារ​នៅ​តាម​រោងចក្រ​។

ទោះ​យ៉ាងណា ​បើ​តាម​គោលការណ៍ ​កម្មករ ​ដែល​ទទួល​រង​នូវ​ការ​ដួល​សន្លប់ ​ដោយ​ប្រការ​ណាមួយ​អំឡុង​ពេល​ដែល​ពួកគេ​បំពេញ​ការងារ​នៅ​ក្នុង​រោងចក្រ ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​និង​ផ្តល់​ការ​សម្រាក ​ពី​២​ទៅ​៣​ថ្ងៃ ​រហូត​ទាល់​តែ​ពួកគេ​មាន​ស្ថានភាព​សុខភាព​ប្រសើរ​ឡើង​វិញ​។

ក៏​ប៉ុន្តែ ​តាម​ការ​ឲ្យ​ដឹង​ពី​កម្មករ​ នៅពេល​ដែល​ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​និង​មានការ​ព្រួយ​បារ​ម្មណ៍​អំពី​សុវត្ថិភាព​ការងារ ​ពួក​គេ​ត្រូវ​បាន​ប្រធាន​ក្រុម​ទូរស័ព្ទ​ហៅ​ឲ្យ​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ស្អែក ​ហើយ​ប្រឈម​នឹង​ការ​បញ្ឈប់​ពី​ការងារ​ប្រសិន​បើ​ពួកគេ​មិន​ចូល​ធ្វើការ​តាម​ការ​កោះហៅ​នោះទេ​។ ​នេះ​បើតាម ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធ​មនុស្ស ​(​សង់​ត្រា​ល់​)​។

ចំណុច​នេះ ​ត្រូវ​បាន​លោក ​ជាវ ប៊ុន​រិ​ទ្ធ ​អ្នក​នាំពាក្យ ​ប.ស.ស ​លើក​ឡើង​ថា ​ផ្តើម​ចេញ​ពី​ការ​វាយ​ឡេវ ​ត្រូវ​របួស​ដៃ​របស់​កម្មការិនី​ម្នាក់ ​ហើយ​បាន​ដួល​សន្លប់​ច្រើន​គ្នា​ដោយ​អារម្មណ៍​រយៈពេល​២​ថ្ងៃ​កន្លង​ទៅ ​គឺ​តម្រូវ​ឲ្យ​ពួក​គេ​មាន​ការ​សម្រាក​ច្រើន​ថ្ងៃ ​ទាល់តែ​សុខភាព​របស់​ពួក​គាត់​វិល​ត្រលប់​ទៅរក​សភាព​ដើម​វិញ​។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​អង្គ​ការ​សង់​ត្រា​ល់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ​ដោយ​ទទូច​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើកា​រសើប​អង្កេត ​ជុំវិញ​បញ្ហា​កម្មករ​ដួល​សន្លប់​ដ៏​សន្ធឹក​នេះ​។ ​ជាមួយគ្នានេះ ​អង្គ​ការសង់​ត្រា​ល់ ​ក៏​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​ផលិតផល​ស្បែក​ជើង ​VF Coporation ពី​រោងចក្រ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​តៃវ៉ាន់​នេះ​ ដាក់​អ្នក​ស៊ើប​អង្កេត​ឯករាជ្យ​ទៅ​លើ​រោងចក្រ​មួយ​នេះ ​ដែល​មាន​ការ​សង្ស័យ​ថា ​អាច​បណ្តាល​មក​ពី​ក្លិន​អាក្រក់​នៅក្នុង​រោងចក្រ ​និង​កំដៅ​ខាងក្នុង​មាន​ការ​កើន​ឡើង​។

សូម​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ ​២០១៧ ​កន្លងទៅ​ពេញ​មួយឆ្នាំ ​របាយការណ៍​ក្រសួង​ការងារ​បាន​កត់ត្រា​ថា ​មាន​កម្មករ​ចំនួន​ជាង​១៦០០​នាក់​បាន​សន្លប់ ​នៅ​កន្លែង​ធ្វើ​ការ​របស់​ពួក​គេ​។ ​ស្ថានភាព​នេះ ​បាន​បន្ត​ស្ទើរ​តែ​ជា​ប្រពៃណី​មក​ដល់​ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ​ទៀត​៕ ប្រភព៖ RFI