បន្ទាប់​ពី​ដោះ​ស្រាយ​បិទ​បញ្ចប់​សំណុំ​រឿង​ដី​ស្ករ​អំពៅ​នៅ​កោះ​កុង​កាល​ពី​ពេល​ថ្មីៗ​នេះ ឥឡូវ​ក្រុម​ការងារ​ថ្មី​មួយ​ដឹក​នាំ​ដោយ​ក្រសួង​បរិស្ថាន និង​ក្រសួង​ដែនដី បាន​ងាក​មក​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​រុំារ៉ៃ​មួយ​ករណី​ផ្សេង​ទៀត នៅ​ខេត្ត​កោះកុង​ដដែល។ ជា​សំណុំ​រឿង​មួយ​កើត​ឡើង​ជាង​១០​ឆ្នាំ​មក​ហើយ រវាង​ក្រុមហ៊ុន​ចិន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​ខេត្ត​កោះកុង និង​ពលរដ្ឋ​ចំនួន​៦​ឃុំ រស់​នៅ​ស្រុក​គិរី​សាគរ។ តំណាង​ពលរដ្ឋ​រង​គ្រោះ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​ដូច​ពលរដ្ឋ ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ផង​ដែរ។

Loading...

ក្រុម​ការងារ​នៃ​ក្រសួង​បរិស្ថាន និង​ក្រសួង​ដែនដី សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​កោះកុង​បាន​ចាប់​ផ្ដើម ការងារ​តាំង​តែ​ពី​ថ្ងៃ​ទី​៩​ខែ​កក្កដា ក្នុង​បេសកម្ម វាស់​វែង​កំណត់​អត្តសញ្ញាណ​ដី​ជូន​ពលរដ្ឋ​ជាង​៣០០​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន​៣ ក្នុង​ស្រុក​គិរី​សាគរ ខេត្ត​កោះ​កុង។ នេះ​បើ​តាម​លិខិត​របស់​ក្រសួង​បរិស្ថាន​ចុះ​ថ្ងៃ​ទី​៥​ខែ​កក្កដា តែ​ទើប​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ។

អ្នក​ស្រី​ សាំង ពុយ ពលរដ្ឋ​រង​គ្រោះ រស់​នៅ​ក្នុង​ឃុំ​ព្រែក​ខ្សាច់ បាន​អះអាង​ថា ដី​របស់​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​ជិត​ឡើយ។ ហើយ សម្រាប់​អាជ្ញាធរ​វិញ បដិសេធ​មិន​ដោះ​ស្រាយ​ឲ្យ​រូប​គាត់​ឡើយ ក្រោម​ហេតុ​ផល​ថា រស់​នៅ​ក្នុង​ភូមិ ឃុំ មិន​ច្បាស់​លាស់។ មូលហេតុ​នេះ អ្នក​ស្រី សាំង ពុយ ច្រាន​ចោល និង​ទទូច​ឲ្យ​អាជ្ញាធរ​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​ដូច​ពលរដ្ឋ​កោះ​កុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ ដែល​ទើប​តែ​បិទ​បញ្ចប់​កាល​ពី​ពេល​ថ្មី​នេះ។ នេះ​បើ​តាម អ្នក​ស្រី សាំង ពុយ។

មន្ត្រី​លីកាដូប្រចាំ​ខេត្ត​កោះកុង​លោក ហួរ អ៊ីន បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១២​កក្កដា​នេះ​ថា ទំនាស់​រវាង​ក្រុមហ៊ុន​ចិន និង​ពលរដ្ឋ​នៅ​កោះកុង​នៅ​ពេល​នេះ​គឺ​មាន​ភាព​ស្មុគ​ស្មាញ។ ស្មុគ​ស្មាញ​ដោយ​សារ​តែ​ទំហំ​នៃ​ផល​ប៉ះពាល់​ស្ថិត​នៅ​ក្នុង​រូបភាព​មួយ​ធ្ងន់​ធ្ងរ ដោយ​សារ​តែ​វា​បាន​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ចំនួន​៥​ឃុំ​និង​២​ស្រុក។ ហើយ​ចំពោះ​ឥរិយាបថ​នៃ​ការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ​គឺ​ដោះ​ស្រាយ​ឲ្យ​ពលរដ្ឋ ​ដែល​មាន​ដី​ផ្ទះ និង​ដី​ស្រែ ចម្ការ តែ​នៅ​ក្នុង​មូលដ្ឋាន​ប៉ុណ្ណោះ។ ចំណែក​ពលរដ្ឋ​មក​ពី​មូលដ្ឋាន​ផ្សេង ដ្បិត​តែ​រស់​នៅ​ក្នុង​ឃុំ​ជាមួយ​គ្នា ក៏​អាជ្ញាធរ​មិន​ដោះ​ស្រាយ​ឲ្យ​ដែរ។ នេះ​បើ​តាម​លោក ហួរ អ៊ីន។

ទោះ​ជា​បែប​ណា​ក៏​មន្ត្រី​អង្គការ​លីកាដូ​​រូប​នេះ ស្វាគមន៍​ដែល​ក្រសួង​ពាក់​ព័ន្ធ​បញ្ជូន​ក្រុម​ការងារ​មក​ដោះ​ស្រាយ​បញ្ហា ដែល​អូស​បន្លាយ​ជាង​១០​ឆ្នាំ​នេះ។ ហើយ​បើ​តាម​លោក ហួរ អ៊ីន ក្នុង​ចំណោម​៥​ឃុំ​គឺ​ឃុំ​ព្រែក​ខ្សាច់ ឋិត​នៅ​ស្រុក​គិរី​សាគរ​កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​ដំបូង​គេ។

តែ​យ៉ាង​ណា​ក៏​ដោយ​ជុំវិញ​បញ្ហា​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ឡើយ ប៉ុន្តែ​ខ្លឹម​សារ​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​រស់​នៅ​កាន់​កាប់ ប្រើ​ប្រាស់​និង​អាស្រ័យ​ផល​ជាក់​ស្ដែង៕ ប្រភព៖ RFI