នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​ជា​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​អង់គ្លេស​ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ទៅ​ទស្សនារាជ​បណ្ឌិត​សភា​យោធា​នៅ​ Sandhurst បន្ទាប់​មក​លោក​នឹង​ទៅ​ Chequers​ ដែល​ជា​គេហដ្ឋាន​ដ៏​ស្តុកស្តម្ភ​របស់​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ដែល​បាន​ត្រូវ​កសាង​កាល​ពី​សតវត្សរ៍ទី​១៦​ ហើយ​ជា​ទី​បញ្ចប់​លោក​នឹង​ទៅ​កាន់​វិមាន ​Windsor Castle។​

លោក​ប្រធានាធិបតី​ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​កន្លែង​នានា​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ។​ លោក ​Woody Johson​ ឯក​អគ្គរដ្ឋទូត​ស.រ.អា.​បាន​និយាយ​ថា ​លោក​ប្រធានាធិបតី​«មិន​មែន​ចង់​ចៀស​វៀង​ពី​អ្វី​ទេ»​ដោយ​លោក​ជិះ​ឧទ្ធម្ភាគចក្រ​នោះ​ក៏​ប៉ុន្តែ​លោក​«ខិតខំ​ព្យាយាមធ្វើ​ទស្សនកិច្ច​នេះ​ឱ្យ​បាន​សាច់​ការ​ក្នុង​រយៈ​ពេល​២៤​ម៉ោង»។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​មាន​ការ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ​ប្រឆាំង​នឹង​ទស្សនកិច្ច​លើក​ទី​មួយ​របស់​លោក​ ត្រាំ​ នៅ​ក្នុង​ប្រទេស​អង់គ្លេស​ចាប់​តាំង​ពី​លោក​បាន​ចូល​កាន់​តំណែង​ជិត​១៨​ខែ​មុន​នេះ។ ​ពួក​បាតុករ​មួយ​ក្រុម​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​បង្ហោះ​បាល់ឡុង​មួយ​ធ្វើ​ជារូប​លោក ត្រាំ​ នៅ​លើ​ឧទ្យាន​ Square Garden របស់​សភា។​ បាល់ឡុង​នេះ​ជា​រូប​លោក ត្រាំ​ ជា​ទារក​មាន​ពណ៌​ស្លាទុំ​និង​ស្លៀក​ក្រណាត់​កន្ទប​លាមក​ទារក​មាន​ឈ្មោះ​ថា​ Trump Baby Blimp។

លោក ​Sadiq Khan​ អភិបាលក្រុង​ Londres​ បាន​មាន​ប្រសាសន៍​ថា ​បាតុកម្ម​ទាំង​នេះ​មិន​មែន​ជា​ការ​ប្រឆាំង​នឹង​អាមេរិកាំង​ទេ ក៏ប៉ុន្តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​ការ​ប្រឆាំង​នឹង​នយោបាយ​នៃ​ការ​ភ័យខ្លាច​និង​ការ​អស់​សង្ឃឹម៕ ប្រភព៖ VOA