គណបក្ស​នយោបាយ របស់​ប៉ាគីស្ថាន​បាន​ក្លាយ​ជាផ្ទាំងស៊ីប​របស់​ក្រុមភេរវជន។ នៅរវាង​តែ​៣​ថ្ងៃ ក្បួនឃោសនា​បោះឆ្នោត​របស់​គណបក្ស នយោបាយ បាន​រង​ការវាយប្រហារ​ភេរវកម្ម ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៥០នាក់។ នៅថ្ងៃ​សុក្រ ភេរវកម្ម​បំផ្ទុះគ្រាប់បែក សំដៅ​ក្បួន​ឃោសនា​បោះឆ្នោត នៅ​ភាគនិរតី ប៉ាគីស្ថាន​សម្លាប់មនុស្ស ២៥នាក់ និង​របួស​ច្រើនជាង ៣០នាក់។

ប៉ាគីស្ថាន​ត្រូវ​រៀបចំ​ការបោះឆ្នោត​សភា នៅថ្ងៃ​ទី ២៥​កក្កដា ខាងមុខ។ ប៉ុន្តែ បរិយាកាស​ឃោសនា​បោះឆ្នោត ត្រូវ​អាប់អួរ​ដោយសារ​ការវាយប្រហារ​ភេរវកម្ម សំដៅ​ក្បួន​ឃោសនា​របស់​គណបក្ស​នយោបាយ។

នៅ​ល្ងាច​ថ្ងៃ​សុក្រ ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​បាន​សម្លាប់​មនុស្ស​៣៣​នាក់ នៅ​ខេត្ត Quetta ប៉ែក​និរតី ប៉ាគីស្ថាន គឺ​នៅបន្ទាប់​ពី​គ្រាប់បង្កៃ​មួយគ្រាប់​បាន​ផ្ទុះ សម្លាប់​មនុស្ស​៤នាក់ និង​របួស ៣៩នាក់ នៅភាគពាយ័ព្យ​ក្បែរ​ព្រំដែន អាហ្វហ្កានីស្ថាន។ តាមអាជ្ញាធរ​ខេត្ត​ប៉ាគីស្ថាន ការវាយប្រហារ​ភេរវកម្ម​បែប​អត្តឃាត បាន​សម្លាប់​ផងដែរ បេក្ខជន​តំណាងរាស្រ្ត​ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​អភិបាល​ខេត្ត​Guetta។

ក្នុង​មួយសប្តាហ៍ ការវាយប្រហារ​ភេរវកម្ម​សំដៅ​គណបក្ស​នយោបាយ ដែល​កំពុង​ឃោសនា​រក​សំឡេង​ឆ្នោត បាន​កើត​មាន​ឡើង​ដល់​ទៅ​២លើក នៅ​ប៉ាគីស្ថាន។ កាលពីថ្ងៃ​អង្គារ ភេរវកម្ម​អត្តឃាត ដែល​រៀបចំ​ដោយ​ក្រុមតាលីបង់​ប៉ាគីស្ថាន​បាន​សម្លាប់​មនុស្ស​២២​នាក់ ដែល​នៅក្នុង​នោះ មាន​ផងដែរ មេដឹកនាំ​ម្នាក់​របស់​គណបក្ស Awami National Party (ANP) ដែល​ធ្លាប់​បាន​ប្រកូកប្រកាស​ឲ្យ​ប្រជាជន​ប៉ាគីស្ថាន ក្រោកឈរ ដើម្បី​ប្រឆាំង​ក្រុមតាលីបង់​ប៉ាគីស្ថាន។

នៅក្រោយ​ភេរវកម្ម​សំដៅ​គណបក្ស​នយោបាយ អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International ប្រចាំ​នៅ​អាស៊ី​ខាងត្បូង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ប៉ាគីស្ថាន ចាត់​វិធានការ​បន្ថែម​ដើម្បី​ពង្រឹង​ការការពារ​សន្តិសុខ​ឲ្យ​បេក្ខជន​នយោបាយ នៅក្នុង​ពេល​ឃោសនា​បោះឆ្នោត។

នៅថ្ងៃ​អង្គារ អ្នកនាំពាក្យ​របស់​កងទ័ព​ប៉ាគីស្ថាន​បាន​និយាយ​ទទួល​ស្គាល់​ថា ការគំរាមកំហែង​ភេរវកម្ម កំពុង​កើត​មាន​នៅពេល​ឃោសនា​បោះឆ្នោត។ តាំង​ពីមុន​ការបោះឆ្នោត ប៉ាគីស្ថាន ឧស្សាហ៍​រងការវាយប្រហារ​របស់​ក្រុមភេរវជន​ដែល​សំដៅ​វាយប្រហារ​មិនថា ទៅលើ​អ្នកនយោបាយ ក្រុមសាសនា ឬ​សាលារៀន។ ភេរវកម្ម​ភាគច្រើន​រៀបចំ​ដោយ​ក្រុមតាលីបង់​ប៉ាគីស្ថាន ដែល​កំពុង​ជ្រកកោន នៅក្នុង​តំបន់ភ្នំ ក្នុង​ទឹកដី​អាហ្វហ្កានីស្ថាន។ អាជ្ញាធរ​ប៉ាគីស្ថាន​បាន​អះអាងថា សន្តិសុខ​បាន​ប្រសើរ​គ្រាន់បើ​ជាងមុន បន្ទាប់​ពី​មេក្រុម​តាលីបង់ ប៉ាគីស្ថាន​ត្រូវ​បានបាញ់​សម្លាប់​នៅក្នុង​ប្រតិបត្តិការ​វាយប្រហារ​របស់​យន្តហោះ​ដ្រូន កាលពី​ខែមិថុនាមុន។ ប៉ុន្តែ អ្នកជំនាញ​វាយតម្លៃថា ប៉ាគីស្ថាន​នៅ​មិនទាន់​ដោះស្រាយ​ដល់​ឬសគល់ ព្រោះថា ក្រុមអ៊ីស្លាម​ជ្រុលនិយម នៅ​តែ​មាន​ច្រើន ហើយ​និង​មាន​សមត្ថភាព​ត្រលប់​មក​រៀបចំ​ការវាយប្រហារ​ភេរវកម្ម​គ្រប់ពេលវេលា៕ ប្រភព៖ RFI