នាវាល្បាតព្រំដែន២គ្រឿង បានជួយសង្រ្គោះជនភៀសខ្លួន ប្រមាណ៤៥០នាក់ នៅក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណេ កាលពីថ្ងៃសុក្រកន្លងទៅ។ នាវាសង្រ្គោះជនភៀសខ្លួន បច្ចុប្បន្នកំពុង​តែលតោល នៅក្នុងសមុទ្រក្បែរឆ្នេរអ៊ីតាលី ដើម្បីរងចាំការអនុញ្ញាតឲ្យចូលចត។ បើតាម​ប្រភព​ពីរដ្ឋាភិបាលអ៊ីតាលី បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីតាលី កំពុងតែស្វះស្វែង រកប្រទេសអឺរ៉ុបមួយទៀត ដែលស្ម័គ្រចិត្តទទួលយកជនភៀសខ្លួនទាំងនេះ។​

Loading...

នាវាល្បាតសមុទ្រអឺរ៉ុប Frontex មួយគ្រឿង និងនាវាល្បាតសមុទ្រអ៊ីតាលីមួយគ្រឿងទៀត​ បានស្រង់យកជនភៀសខ្លួនចំនួន៤៥០នាក់ ពីក្នុងសមុទ្រម៉េឌីទែរ៉ាណេ ខណៈដែលពួកជនភៀសខ្លួន បានជិះទូកឈើឆ្លងពីលីប៊ីមក។ បើតាមប្រភពពី អាជ្ញាធរអ៊ីតាលី ប្រតិបត្តិការសង្រ្គោះ បានធ្វើឡើង នៅវេលាទាបភ្លឺ ថ្ងៃសុក្រ ទី១៣កក្កដា ក្នុងបរិវេនដែនទឹកអន្តរជាតិ តែស្ថិតនៅក្នុងតំបន់ អន្តរាគមន៍របស់ប្រទេសម៉ាល់តិ៍។

អាជ្ញាធរអ៊ីតាលី តាមរយៈលោក Matteo Salvini រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើរសារទាក់ទងទៅកាន់អាជ្ញាធរប្រទេសម៉ាល់តិ៍ ដើម្បីឲ្យប្រទេសនេះ ទទួលយល់ព្រម ឲ្យនាវាសង្រ្គោះទាំង២នេះ ចូលចត។ ក្នុងចំណោមជនភៀសខ្លួនទាំង៤៥០នាក់ មាន៨នាក់ដែលត្រូវបានអាជ្ញាធរអ៊ីតាលី ដឹកយកទៅសង្រ្គោះបន្ទាន់ នៅកោះ Lampedusa។ ក៏ប៉ុន្តែ អាជ្ញាធរប្រទេសម៉ាល់តិ៍ បានបដិសេធ មិនឲ្យនាវាទាំងនោះ ចូលចតជាដាច់ខាត ដោយអះអាងថា កោះរបស់អ៊ីតាលីនៅក្បែរជាង។

គួរកត់សម្គាល់ថា នេះមិនមែនជាលើកទីមួយទេ ដែលអ៊ីតាលី និងម៉ាល់តិ៍ ដំឡើងសរសៃ​ក​ដាក់គ្នា និងរុញឲ្យគ្នាទៅវិញទៅមក ទាក់ទិននឹងការអនុញ្ញាតិឲ្យនាវាសង្រ្គោះ​ជន​ភៀស​ខ្លូន ចូលចតនេះ។ រហូតមកដល់រសៀលថ្ងៃសៅរ៍ នាវាទាំង២គ្រឿង ដែល​ផ្ទុក​ជនភៀសខ្លួន៤៥០នេះ នៅតែតែលតោលក្នុងសមុទ្រដដែល។

បើតាមប្រភពស្និទនឹងរដ្ឋាភិបាលអ៊ីតាលី បានឲ្យដឹងថា លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី បានស្នើទៅកាន់នាយករដ្ឋមន្ត្រីអ៊ីតាលី ឲ្យលៃលកធ្វើយ៉ាងណា បញ្ជូនជនភៀសខ្លួនទាំងនោះ ទៅកាន់ប្រទេសម៉ាល់តិ៍ ឬទៅកាន់ប្រទេសលីប៊ីវិញឲ្យបាន។ ជំរើសមួយទៀត ដែលគេកំពុងសិក្សា គឺទុកជនភៀសខ្លួននៅលើនាវាបណ្តោះអាសន្នសិន ហើយត្រូវរៀបចំស្ថិតិពិនិត្យករណីម្តងមួយៗ ស្តីពីការលទ្ធភាពនៃការផ្តល់សិទ្ធិជ្រកកោន។

ដោយឡែក បើតាមប្រភពពីគណរដ្ឋមន្ត្រីអ៊ីតាលី កាលពីរសៀលថ្ងៃសៅរ៍ ទី១៤កក្កដា លោក Giuseppe Conte នាយករដ្ឋមន្ត្រីអ៊ីតាលី បានផ្ញើរលិខិត ទៅកាន់លោកប្រធាន​គណកម្មការអឺរ៉ុប និងប្រធានាក្រុមប្រឹក្សាអឺរ៉ុប ឲ្យជួយរកដំណោះស្រាយ ដោយត្រូវស្នើទៅកាន់ប្រទេសអឺរ៉ុបណាមួយ ដែលអាចស្ម័គ្រចិត្តទទួលយកជនភៀសខ្លួនទាំងនេះ ដោយគោរពទៅតាមស្មារតីនៃជំនួបកំពូល កាលពីថ្ងៃទី២៩មិថុនាកន្កងទៅ។ ប្រភពដដែលអះអាងថា អ៊ីតាលី មិនអាចរ៉ាប់រងបញ្ហានេះតែម្នាក់ឯង បានទេ ព្រោះបញ្ហាជនភៀសខ្លួន​ជាបញ្ហារួមរបស់អឺរ៉ុប៕ ប្រភព៖ RFI