ក្រោយ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថ្ងៃ​របស់​គណៈកម្មាការ​សហភាព​អឺរ៉ុប​ជុំវិញ​និរន្ត​ភាព​នៃ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​កម្ពុជា លោក សម រង្ស៊ី អតីត​មេដឹក​នាំ​គណបក្ស​​ប្រឆាំង នៅ​ថ្ងៃ​ទី​១៣​ខែ​កក្កដា ម្សិលមិញ​បាន​ចេញ​មុខ អំពាវនាវ​ឲ្យ​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរ​របៀប​ដឹក​នាំ​នយោបាយ​ដើម្បី​គេច​ផុត​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ពី​សហភាពអឺរ៉ុប(EU)។ ជុំវិញ​ការ​លើក​ឡើង​នេះ អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​​គូស​បញ្ជាក់​ថា លោក សម រង្ស៊ី គ្មាន​សិទ្ធិ​មក​បង្គាប់​បញ្ជា​រដ្ឋាភិបាល​ឡើយ។

Loading...

របប​នយោបាយ​ដែល​លោក សម រង្ស៊ី ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរ​ចេញ​នោះ​គឺ​ការ​វិល​ត្រឡប់​មក​ដើរ​តាម​ផ្លូវ​ប្រជា​ធិប​តេយ្យ​តាម​រយៈ ការ​ផ្ដល់​សេរីភាព​ដល់​អង្គការ​សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និង​ការ​បោះ​ឆ្នោត​ដែល​មាន​លក្ខណៈសេរី​និង​យុត្តិធម៌​ពិត​ប្រាកដ​មួយ​ដោយ​មាន​ការ​ចូល​ពីអតីត​គណបក្ស​សង្គ្រោះជាតិ​ឡើង​វិញ។ នេះ​បើ​តាម​ការ​ថ្លែង​របស់ លោក សម រង្ស៊ី លើ​បណ្ដាញ​​សង្គម​ហ្វេសបុក​កាល​ពី​ថ្ងៃ​ទី​១៣​កក្កដា។

សម្រាប់​លោក សម រង្ស៊ី បើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ប្ដូរ​របៀប​ដឹក​នាំ​នយោ​បាយនា​ពេល​បច្ចុប្បន្ន នោះ​សហគម​អន្តរជាតិ ពិសេស​មហាអំណាច គេ​នឹង​ចាប់​ផ្ដើម​អនុវត្ត​​វិធានការ​មួយ​ចំនួន​រួម​មានៈ វិធានការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ដើម្បី​បង្ខំឲ្យ​លោក ហ៊ុន សែន វិល​ត្រឡប់​មក​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ។លោកបញ្ជាក់​ថា វិធានការ​នេះ​សំដៅ​មក​លើ លោក ហ៊ុន សែន មិនមែន​ប្រជារាស្ត្រ​ខ្មែរ ឬ​អ្នក​នយោន​បាយខ្មែរ​ឡើយ ។

ឆ្លៀត​ពេល​នេះ លោក សម រង្ស៊ី ក៏​បាន​រិះគន់​នយោបាយ​សេដ្ឋកិច្ច​រដ្ឋាភិបាល​កម្ពុជា​ថា​បរាជ័យ តាម​រយៈ​ពលរដ្ឋ​ចំណាក​ស្រុក យុជន​គ្មាន​ការងារ​ធ្វើ ផលិត​ផល​កសិកម្ម គ្មាន​ទីផ្សារ ឬ​បង្ខំ​ចិត្ត​លក់​ក្នុង​តម្លៃ​ទាប។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​​គូស​​បញ្ជាក់​ថា លោក សម រង្ស៊ី គ្មាន​តួនាទី​អ្វី​មក​បង្គាប់​បញ្ជា​រដ្ឋាភិបាល​ឲ្យ​ធ្វើ​តាមការ​នឹក​ឃើញ​របស់​ខ្លួន​ឡើយ។

គួរកត់សម្គាល់ថា ការ​លូក​មាត់​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​គណៈ​កម្មា​ការ​សហភាព​អឺរ៉ុប បាន​ព្រមាន​ដក​កម្ពុជា​ចេញ​ពី​គម្រោង​អនុគ្រោះ​ពន្ធ(EBA) ក្រោយ​ពី​ហភាព​អឺរ៉ុប បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា រយៈ​ពេល​១​សប្តាហ៍ ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១​ខែ​កក្កដា។

ជុំវិញ​ជំហរ​កម្ពុជា​ជាមួយ​តំណាង​សហភាព​អឺរ៉ុប​នៅ​ពេល​នេះ​ត្រូវ​បាន លោក សុខ ឥសាន​ អះអាង​ជា​ថ្មី​ថា ការ​អនុ​គ្រោះ​ពន្ធ ឬ​មិន​បន្ត​អនុ​គ្រោះ​ពន្ធ​នៅ​កម្ពុជា​បាន​ផ្សា​ភ្ជាប់​នឹង​លក្ខ​ខណ្ឌ​ការ​ងារ​កម្មករ​និយោជិក​បូក​រួម​លក្ខ​ខណ្ឌ​នយោបាយ។ ចំពោះ​លោក សុខ ឥសាន បើ​កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ក្រោម​ការ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​មែន​នោះ ម្លេះ​របប​នេះ​មិន​មាន​និរន្ត​ភាព​មក​ដល់​បច្ចុប្បន្ន​ទេ ហើយ​ថា ការ​គោរពសិទ្ធិ​មនុស្ស​ជា​ផ្នែក​សំខាន់​នៃ​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​នៅ​កម្ពុជា​ដែរ៕ ប្រភព៖ RFI