នៅ​កូឡុំ​ប៊ី ពី​ថ្ងៃសុក្រទី​១៣កក្កដា​​ តុលាការ​ពិសេស ដែល​ទទួល​បន្ទុក​កាត់​ទោស​អតីត​មេក្រុម​ឧទ្ទាមកូឡុំប៊ី​ ​បា​នផ្តើម​កាត់​ទោស​ជា​លើក​ដំបូង ទៅលើ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​រ​បស់​ក្រុម​ឧទ្ទាម​ទ័ព​ព្រៃ​ ហ្វាក (FARC) ​។ ការ​ជនុំ​ជម្រះ​ទោស​ឧក្រិដ្ឋនេះ​ គឺ​ធ្វើ​ឡើងពីរ​ឆ្នាំក្រោយ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ កាលពី​ឆ្នាំ​២០១៦។ ពលរដ្ឋ​កូឡុំប៊ី ដែល​​រងគ្រោះ​ក្នុង​សង្គ្រាម​ស៊ីវិលរយៈ​ពេល​៥០ឆ្នាំ​មកនេះ សង្ឃឹម​រក​ឃើញ​យុត្តិធម៌។ ក៏ប៉ុន្តែ បើ​តាម​កិច្ចព្រម​ព្រៀង​សន្តិភាព​ មេធំ​ៗ​នៃ​ក្រុម​ឧទ្ទាម​ហ្វាក ​នឹង​មិន​ត្រូវ​ទទួល​ទោស​ដាក់​ពន្ធនាគារ​​នោះឡើយ​។​

ពីមុន​ពេល​​ចុះ​​កិច្ច​ព្រ​មព្រៀងសន្តិភាពឆ្នាំ​២០១៦, ក្រុម​ឧទ្ទាម​ហ្វាក (FARC) គឺជាក្រុម​ចលនា​​កងទ័ព​បដិវត្តន៍​កូឡុំប៊ី ដែលបាន​រស់​​នៅ​ផ្តាច់​ខ្លួន​ក្នុង​ព្រៃ។ ពួក​គេ​បាន​​ធ្វើ​សកម្មភាព​​ចាប់​ជំរិត លួច​ឆក់​ភ្លន់ និង​លក់​គ្រឿង​ញៀន​ក្នុង​ទីផ្សារ​ងងឹត​​។ ក្រុម​នេះ​ បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​​​កូឡុំប៊ី ដោយ​ធ្វើ​សង្គ្រាម​ស៊ីវិល​ជាមួយ​គ្នា​ អស់​ពេល​ ជា​ង​៥ ទសវត្សរ៍​មកហើយ​។ ទើបតែ​នៅ​ឆ្នាំ២០១៦ តំណាង​របស់​ក្រុម​ឧទ្ទាម និង​រដ្ឋាភិបាល​​​​កូឡុំប៊ី បាន​សម្រេច​​ជាមួយ​គ្នា ចុះ​កិច្ច​ព្រ​មព្រៀងសន្តិភាព​ ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​រដ្ឋធានី La Havane ប្រទេសគុយបា​។ តាម​រយៈ​កិច្ច​ព្រ​មព្រៀម​សន្តិភាព គឺ​បាន​បង្កើត​តុលាការ​ពិសេស​មួយ​ដើម្បី​កាត់ទោស​មេដឹកនាំនៃ​ក្រុម​​ទ័ព​ព្រៃ​នេះ​។​

ក្នុង​សវនាការ​លើកទី១ ពី​ថ្ងៃសុក្រទី​១៣កក្កដា ​មានវត្តមាន​របស់​​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់របស់​ក្រុម​ ហ្វាក នេះ ចំនួន​​បួន​នាក់​។​ បីនាក់បាន​ចូល​ឆ្លើយ​ក្នុង​សវនាដោយ​ផ្ទាល់ ហើយ​ម្នាក់​កំពុង​ជាប់​គុក​នៅ​អាមេរិកដោយ​សារ​តែ​ជួញ​ដូរ​គ្រឿង​ញៀន ក៏​បាន​ចូលរួម​សវនា​ដែរ តាម​រយៈ​វីដេអូ​ Conférence។ អតីតមេបញ្ជា​ពួក​ឧទ្ទាម​ហ្វាក លោក Rodrigo Londono ដែល​គេ​ច្រើន​ហៅថា Timochenko និង​ដែល​មាន​វត្តមាន​ក្នុង​តុលា​ការ បាន​​សុំ​ទោស​ប្រជាជាតិកូឡុំ​ប៊ី​ទាំងមូល​ និង​បាន​ថ្លែងសេចក្តី​សោកស្តាយ​ ហើយ​និង​សង្ឃឹម​ថា តុលាការ​នេះ នឹង​ផ្តល់​យុត្តិធម៌​ដល់​​ជន​រងគ្រោះ​។

គួរ​គូស​បញ្ជាក់ថា នៅក្នុង​សង្គ្រាម​ស៊ីវិល​ រយៈ​ពេល​៥០ឆ្នាំនៅ​កូឡុំប៊ី គឺ​បាន​បណ្តាល​ឲ្យ​មនុស្ស​ ​ជាង២២ម៉ឺន​នាក់​ស្លាប់បាត់​បង់​ជីវិត​ ហើយ​ច្រើន​លាននាក់ទៀត​​ ត្រូវ​រង​ទុក្ខ​វេទនា និង​ត្រូវ​បង្ខំ​ឲ្យ​ជម្លៀស​​ខ្លួន​ពី​ផ្ទះ​សម្បែង។

ក៏ប៉ុន្តែ ដើម្បី​ជាការ​បង្រួប​បង្រួម​ជាតិ តុលាការ​ពិសេស​ មាន​សមត្ថិកិច្ច​ត្រឹម​តែ​កាត់​ទោស​ ស្វែង​រក​​សំណង​ជំងឺ​ចិត្តដល់​​ជន​រងគ្រោះ​ផ្នែ​ករដ្ឋប្បវេណីតែ​​ប៉ុណ្ណោះ។​ ជា​សំណង​ជំងឺចិត្ត​​ក្នុង​ទម្រង់​ជា​សមូហភាព ដែល​ត្រូវ​សង​ក្នុង​រយៈពេល​ ពី​៥ទៅ​៨ឆ្នាំ​។ ហើយ​តុលា​ការ​ពិសេស​នេះ ​នឹង​គ្មាន​សិទ្ធិ​​កាត់​ទោស​ដាក់​គុក​មេៗ​ក្រុម​ឧទ្ទាម​ទ័ពព្រៃ​​ទាំង​នោះទេ។ លើសពីនេះ បើ​តាម​កិច្ចព្រម​​ព្រៀម​សន្តិភាព​ដដែល​ គឺ​ក្រុម​អតីតឧទ្ទាម​​យោធា អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​បា​នថែមទៀត​ផង៕​ ប្រភព៖ RFI