លោក​ ​អាឡិច ហ្គន់សាឡេស ដេវិតសុន​ ​(Alejandro Gonzalez Davidson) ​ស្ថាបនិក​នៃ​អង្គការ​មាតា​ធម្មជាតិ​ ដែល​ឥឡូវ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រសួង​មហាផ្ទៃ​ ​បាន​ថ្លែង​ចំអក​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ថា​ជា​ ​«ជនកំសាក»​ ​និង​ខ្លាំង​បានតែ​ខ្មែរ​ទន់​ខ្សោយគ្នា​ឯង ​តែ​ទន់​ជ្រាយ​នឹង​ជនបរទេស។នេះ​បើតាមបទ​អធិប្បាយ​របស់​លោក​ជា​ខ្សែ​វីដេអូ​ខ្លី​មួយ​ ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​អង្គការ​មាតា​ធម្មជាតិ​កាលពី​ថ្ងៃ​អាទិត្យ។

លោក ​អាឡិច​ ​ដែល​ជា​ជនជាតិ​អេស្ប៉ាញ​ បាន​និយាយ​ជា​ភាសាខ្មែរ​ក្នុង​ខ្សែ​វីដេអូ​នោះ​ថា៖​

«មនុស្ស​ភាគច្រើន​តែងតែ​ហៅ​សម្តេច​តេជោ​ ហ៊ុន សែន​ ថា​ ជា​បុរស​ខ្លាំង ប៉ុន្តែ​បើ​គិត​ពីប្រវត្តិ​របស់​លោក​តាំងពី​សម័យ​ ប៉ុល ពត ​មក​ ខ្ញុំ​មើល​ឃើញ​ថា​ សម្តេចតេជោ​ ហ៊ុន​ សែន នេះ​ ខ្លាំង​បាន​តែ​ជាមួយ​ខ្មែរ​គ្នា​ឯង​ទេ។​ អ្នក​នយោបាយ​ អ្នក​សារព័ត៌មាន​ យុវជន​ សូម្បី​តែ​សកម្មជន​ដីធ្លី​ជា​ស្រ្តី​ ក៏​លោក ​ហ៊ុន សែន​ ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ចោទ​ប្រកាន់​ ដើម្បី​ចាប់​បញ្ជូន​ទៅ​ពន្ធនាគារ​ ដោយ​មិន​ញញើត​ដៃ​ដែរ»។​

«​ប៉ុន្តែ​បើ​សម្រាប់​ជនបរទេស​ដូច​ជា​រូបខ្ញុំ​វិញ​ សម្តេច​ដូច​ជា​កំសាក​ ​មើល​ទៅ​ហាក់​បីដូចជា​មិន​ហ៊ាន​ អនុញ្ញាត​ឲ្យ​រូប​ខ្ញុំ​ វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ទេ​ បើទោះបី​តុលាការ​ខេត្ត​កោះកុង​ ជ្រុល​ខ្លួន​ចោទ​ប្រកាន់​ ព្រម​ទាំង​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​រូប​ខ្ញុំ​ ដើម្បី​ជំនុំ​ជម្រះ​ ​ទាក់​ទង​ទៅនឹង​ការ​តវ៉ា​ ប្រឆាំង​សកម្មភាព​បូមខ្សាច់​ខុស​ច្បាប់​ នៅ​ខេត្តកោះកុង​ តាំង​ពីឆ្នាំ​២០១៦​មក​ម្ល៉េះ​ ក៏ដោយ»។​

លោក​ ​អាឡិច ហ្គន់សាឡេស ដេវិតសុន​ ​ដែល​គេ​ស្គាល់​ថា​ ជា​អ្នកការពារ​បរិស្ថាន​ដ៏​សកម្ម​ម្នាក់​ក្នុង​តំបន់​អារ៉ែង ​ខេត្តកោះកុង​ ត្រូវបាន​តុលាការ​ខេត្តកោះកុងចោទប្រកាន់​ពីបទ​ «សមគំនិត​ពាក់​ព័ន្ធ​ និង​សកម្ម​ភាព​គម្រាម​កំហែង​ថា​នឹង​ធ្វើឲ្យ​ខូច​ខាត​ដែល​ភ្ជាប់​និង​បញ្ជាអ្វីមួយ»​ កាលពី​ខែ​សីហា​ឆ្នាំ​២០១៥។ បទ​ចោទស្រដៀង​គ្នា​នេះ​ ក៏​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ ដាក់​មក​លើ​សកម្មជន​ការពារ​បរិស្ថាន​បី​នាក់​ទៀត​ ដែល​ជា​សហការី​របស់​លោក​អាឡិច។ ពួកគេ​ទាំងបី​នាក់​នោះ​ រួមមាន​ឈ្មោះ​ សាន់​ ម៉ាឡា​ ទ្រី សុវិគា​ និង​ស៊ីម សំណាង។​

អ្នក​ទាំង​បីត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​អស់​រយៈពេល​១០ខែ​ ​និង១៥ថ្ងៃ​ រាប់​ចាប់ពីថ្ងៃ​ចាប់​ខ្លួន​ រហូតដល់​ថ្ងៃកាត់​ទោស​ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០១៦​ ​ដែល​ក្នុង​ពេល​នោះ​ គឺ​តុលាការ​ខេត្ត​កោះកុង​កាត់​ទោស​ឲ្យពួកគេ​ជាប់​ពន្ធនាគារ​រយៈពេល​១៨ ខែ ​បន្ទាប់​ពី​ការធ្វើ​យុទ្ធនាការ​ទប់​ស្កាត់​ការបូម​ខ្សាច់​ជាច្រើន​ខែ​ក្នុង​ខេត្តកោះកុង​ ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​២០១៥។ តែ​ដោយ​សារ​ថា​ ពួកគេ​បាន​អនុវត្ត​ទោស​១០ខែ​ និង​១៥​ថ្ងៃ​រួចមក​ ពួកគេ​ទាំងបី​នាក់​ដដែល​នោះ ​ក៏ត្រូវ​បានតុលាការ​ដោះ​លែង​ក្នុង​ឆ្នាំ​២០១៦​ដដែល​នោះ​ ហើយ​ទោស​ដែល​នៅ​សេសសល់​ត្រូវ​បាន​ព្យួរទុក។

លោក​ អាឡិច​ ដែល​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បណ្តេញ​ចេញ​ពីបទ​ស្នាក់​នៅ​ផុត​ទិដ្ឋាការ​កំណត់​នោះ​ បាន​ពណ៌នាក្នុង​ខែ្សរ​វីដេអូ​មាន​រយៈពេល​ជាង​២នាទីថា​ លោក​បាន​ស្នើ​មេធាវី​របស់​លោក​ឲ្យ​ប្តឹង​ទៅ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ក្រសួង​យុត្តិធម៌​ ដើម្បី​សួរនាំ​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្តកោះកុង​ ប្រឆាំង​នឹង​រូបលោក​ ក៏ដូចជា​សកម្មជន​ការពារ​បរិស្ថាន​បីនាក់​ផ្សេង​ទៀត។ ក្នុងការ​ថ្លែង​បិទ​ការ​អធិប្បាយ​របស់​លោក​ លោក​អាឡិច​ បាន​សួរ​លោក ​ហ៊ុន សែន​ ថា​ តើ ហ៊ុន សែន ​មាន​សេចក្តី​ក្លាហាន​បើកផ្លូវ​ឲ្យ​លោក​វិល​មក​កម្ពុជា​វិញដែរ​ឬទេ?​

លោក​ អាឡិច​ ប្រាប់​ VOA បន្ថែម​ថានៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​មាន​ការ​ភ័យខ្លាច​ដែរ ​ប្រសិន​បើ​អាជ្ញាធរ​កម្ពុជា​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​ តែ​លោក​ថា​ដើម្បី​ជា​គំរូ​ដល់​អ្នក​តស៊ូ​មតិ​ឯទៀត​ លោក​នឹង​វិល​មកកម្ពុជា​វិញ​ ដើម្បី​តតាំង​នឹង​រឿងក្តី​ ហើយ​ដើម្បី​បញ្ជាក់​ថា​ លោក ហ៊ុន សែន​ មិនមាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

«ប៉ុន្តែ​យើង​អត់​មាន​ជម្រើស​ណាមួយ​ ក្រៅពី​ទៅមុខ​ ជាពិសេស​អ្នក​ដែល​កំពុង​តែ​ដឹកនាំ​សង្គម​ស៊ីវិល​ ដឹកនាំ​ក្រុម​យុវជន​ ឬក៏​ក្រុម​សកម្មជន​ ដូច​ខ្ញុំរាល់​ថ្ងៃហ្នឹង​ គឺ​យើង​មិនអាច​ថយ​ មិន​អាច​ អត់​ហ៊ាន​ជាមួយ​នឹង​របបផ្តាច់​ការ​ទេ​ យើង​ត្រូវតែ​ទៅមុខ​ ជាពិសេស​ដើម្បី​ផ្តល់​គំរូជាវិជ្ជមាន​ ផ្តល់​គំរូនៃ​ភាព​ក្លាហាន​ ជូន​ឲ្យ​ប្រជាជន​ដូច​អ្វីដែល​ កែម ឡី​ បាន​ធ្វើ​ ដូច​អ្វីដែល​មនុស្ស​មួយ​ចំនួន​ធំ​បាន​ធ្វើ​កន្លង​មក»។​

លោក​ ​អាឡិច​ នឹង​មិនមាន​ឱកាស​វិលមក​កាន់​ប្រទេស​កម្ពុជា​វិញ​នោះ​ឡើយ ​បើតាម​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​នាយឧត្តមសេនីយ៍​មួយ​រូបនៃ​ក្រសួង​មហាផ្ទៃ​កម្ពុជា។

លោក​នាយឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា៖

«ឈ្មោះនែ៎​ហ្នឹង​ ត្រូវបាន​ដាក់​ក្នុងបញ្ជី​ខ្មៅ​របស់​កម្ពុជា​ ព្រោះ​ត្រូវ​រដ្ឋមន្ត្រី​មហាផ្ទៃ​ លោក​ដេញ​ចេញ​តាម​ច្បាប់​មាន​បញ្ជី​ខ្មៅ​ ហើយ​បើមក​ មាន​តែ​ចូលគុក​ប៉ុណ្ណឹង​ មក​ចុះ​ មិន​ខ្លាច​ទេ​ ព្រោះ​បើសិន​មក​ចូលគុក​ ក៏មក​ចុះ​… តាមច្បាប់​កម្ពុជា​ចូល​មិន​បាន​ទេ»។​

លោក​មាន​ប្រសាសន៍​ថា​ លោក ​អាឡិច​ អាច​វិល​មក​វិញ​បាន​ ល្គឹក​ណា​ ព្រះអាទិត្យ​រះពី​ទិស​ខាង​លិច«ព្រោះត្រូវរដ្ឋមន្ត្រី​មហាផ្ទៃ​បណ្តេញ​ចេញ‍»។

លោក​បន្ថែម​ថា៖​

«វាចូល​ក្នុង​បញ្ជី​ខ្មៅ​ មក​ជាប់​នៅ​កន្លែង​ណា​មួយ​ អាហ្នឹង​ច្បាប់​គេចាត់​ការ​ហើយ​អាហ្នឹង»។​

យ៉ាងណា​ក៏​ដោយ​ ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​ឃ្លាំ​មើល​ និង​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ យល់​ថា​ លោក​ អាឡិច​ គួរត្រូវបាន​ផ្តល់​ឱកាស​ឲ្យ​មក​ការពារ​ខ្លួន​តាមច្បាប់​កម្ពុជា​ ក្នុង​ន័យ​បញ្ជាក់​ថា​ លោក​គ្មានទោស ហើយ​សកម្មភាព​លោក​បាន​ធ្វើ​កន្លង​មក​នោះ​ គឺ​ដើម្បី​ការពារ​សម្បត្តិធម្មជាតិ​ខ្មែរ។​

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បចេ្ចកទេស​ស៊ើប​អង្កេត​នៃអង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា៖​

«យើង​គិតថា​ ដើម្បី​ឲ្យវាមាន​យុត្តិធម៌​ ដើម្បី​ឲ្យ​មាន​ការ​តទល់​គ្នា​ចំពោះ​មុខ​ច្បាប់​ ដើម្បី​ចៀស​វាង​នូវ​ការ​រិះគន់​ផ្សេង​ៗ អាហ្នឹង​បើដំណើរ​ការ​របស់​តុលាការ​ដំណើរការ​ ទៅ​បាន​នោះ​ គួរ​តែ​អនុញ្ញត​ឲ្យគាត់​ចូលមក​ ទាក់​ទងនឹង​បំភ្លឺ​ ចំពោះ​មុខ​ច្បាប់​ ចំពោះ​មុខ​តុលាការ​ហ្នឹង​ទៅ​»។

កាលពី​ឆ្នាំ​២០១៥​ គឺ​នៅ​ពេល​មាន​សកម្មភាព​របស់​លោក​ អាឡិច​ និង​សហការី​របស់​លោក​ដែល​ជា​សកម្មជន​ជាច្រើន​បាន​រារាំង​មិន​ឲ្យ​ក្បួន​រថយន្ត​នៃ​រដ្ឋាភិបាល​បរទេស​មួយ​មិន​ឲ្យ​ចូល​ទៅ​ពិនិត្យ​ទីតាំង​ដែល​ត្រូវ​បាន​គ្រោង​សម្រាប់​ធ្វើ​ទំនប់វារី​អគ្គិសនី​ក្នុង​តំបន់​អារ៉ែង ខេត្តកោះកុង​ ​លោក ហ៊ុន សែន​ ដែល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​យូរជាង​គេ​បង្អស់​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​ បាន​ព្រមាន​ប្រើ​ប្រាស់​អាវុធ​ធន់​ធ្ងន់​ប្រភេទ​កាំជ្រួច​ហ្វូង ​BM-21s ​ដើម្បី​វាយ​បង្រ្កាប​នឹង​ក្រុម​ដែល​ប៉ុន​ប៉ង​បង្កើត​តំបន់​សហគមន៍​នៅទីនោះ។

លោក អាឡិច ត្រូវ​បាន​អាជ្ញាធរ​បណ្តេញ​ចេញ​មុន​ប៉ុន្មានថ្ងៃ​ នៃ​ការ​ព្រមាន​របស់​លោក ​ហ៊ុន សែន៕ ប្រភព៖ VOA