គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ធ្វើ​ការ​ពិសោធន៍​លើ ទឹក​ថ្នាំ​ពណ៌​ខ្មៅ​លុប​មិន​ជ្រះ ដល់​តំណាង​គណបក្ស​នយោបាយ និង​ភាគី​ពាក់​ព័ន្ធ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧ កក្កដា​នេះ។ ជា​លទ្ធផល គ្មាន​ឡើយ​ការ​តវ៉ា ឬ​ការ​រក​ឃើញ​ថា ទឹក​ថ្នាំ​នេះ លុប​ជ្រះ ឬ​ប៉ះ​ពាល់​ដល់​សុខភាព​របស់​មនុស្ស។ ទឹក​ថ្នាំ​ជ្រលក់​​ដៃ​អ្នក​បោះ​ឆ្នោត​នេះ មាន​ចំនួន​៥​ម៉ឺន​១​ពាន់​ដប ដែល គ.ជ.ប បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​រដ្ឋ​ឥណ្ឌា។

ទំនង​ជា​គ្មាន​ការ​សង្ស័យ​ទៀត​ឡើយ ចំពោះ​បញ្ហា​ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​បោះ​ឆ្នោត ដែល គ.ជ.ប បាន​បញ្ជា​ទិញ​មក​ពី​ប្រទេស​ឥណ្ឌា។ គ្មាន​ការ​សង្ស័យ ដ្បិត​នៅ​ក្នុង​ការ​ធ្វើ​ពិសោធន៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៧ កក្កដា នេះ គ្មាន​ឡើយ​ការ​តវ៉ា ឬ ដាក់​ការ​សង្ស័យ​ទៅ​លើ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​នេះ​ថា លាង​ជ្រះ​ឡើយ។

បើ​តាម​នីតិវិធី ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​នេះ ដំបូង​ឡើយ គ.ជ.ប បាន​ដាក់​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​ចំនួន​៣០​ប្រអប់ ដែល​ក្នុង​មួយ​ប្រអប់​មាន​ចំនួន​១០​ដប ឲ្យ​ភាគី​ពាក់​ព័ន្ធ​ជ្រើស​រើស មក​ធ្វើ​ពិសោធន៍។ ក្នុង​នោះ មាន​តំណាង​គណបក្ស​នយោបាយ​ចំនួន​១២ រួម​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល សមាជិក គជប បាន​ជ្រលក់​ម្រាម​ដៃ​ម្នាក់​ម្តង មុន​ពេល​លាង​ជម្រះ​ដោយ​ទឹក​៥​ប្រភេទ។ ទី​១.គឺ​ទឹក​ធម្មតា ទី​២.ទឹក​លាង​បង្គន់ ទី​៣.ទឹក​ថ្នាំ​អ៊ុត​សក់ ទី​៤.សាប៊ូ និង​ទឹក​អូសាវែល​សម្រាប់​លាង​ជម្រះ​សម្លៀក​បំពាក់​ជា​ដើម។

នៅ​ទី​បំផុត លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់ គ.ជ.ប បាន​សរុប​ជា​រួម​ថា ទឹក​ខ្មៅ​ជ្រលក់​ដៃ​ដែល​បម្រើ​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​​ទី​០៦​ឆ្នាំ​២០១៨​នេះ មាន​គុណភាព​ល្អ ដូច​ទឹក​ខ្មៅ​ដែល​បាន​ប្រើ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កាល​ពី​ឆ្នាំ​២០១៧​នោះ​ដែរ។

ទន្ទឹម​គ្នា​នេះ លោក សំ គន្ធាមី នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​និចហ្វិច ដែល​បាន​ចូល​រួម​ធ្វើ​ពិសោធន៍​នេះ​ដោយ​ផ្ទាល់ បាន​វាយ​តម្លៃ​ថា ទឹក​ថ្នាំ​ពណ៌​ខ្មៅ​នេះ​ ពិត​ជា​មាន​គុណភាព​ល្អ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន។ ប៉ុន្តែ​លោក​នៅ​ស្ទាក់​ស្ទើរ​បន្តិច​ត្រង់​ថា ពណ៌​នៃ​ទឹក​ថ្នាំ​ហាក់​មិន​សូវ​ដិត​ខ្លាំង ដែល​នេះ ទំនង​ជា​មក​ពី​បរិយាកាស​នៅ​ក្នុង​បន្ទប់​ត្រជាក់ ហើយ​ឲ្យ​គុណភាព​ថ្នាំ​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​ខ្លាំង។ ដោយ​ឡែក​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ក៏​បាន​វាយ​តម្លៃដូច​គ្នា​នេះ​ដែរ។

ទឹក​ថ្នាំ​ជ្រលក់​ដៃ​ពណ៌​ខ្មៅ ត្រូវ​បាន គ.ជ.ប បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​រដ្ឋ​ឥណ្ឌា Mysore Paints and Varnish LTD ចំនួន ៥១០០ ប្រអប់ ស្មើ​នឹង ៥១០០០​ដប ដោយ​ចំណាយ​ថវិកា​ជាង​៨០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ជាង​២​ម៉ឺន​ការិយាល័យ​នៅ​ទូទាំង​ប្រទេស ដោយ​ក្នុង​១​ការិយាល័យ តម្រូវ​ឱ្យ​ប្រើ​ទឹក​ខ្មៅ​ចំនួន​២​ដប។ បច្ចុប្បន្ន​ទឹក​ថ្នាំ​ទាំង​នេះ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​បណ្តា​ខេត្ត​មួយ​ចំនួន​រួច​ហើយ៕ ប្រភព៖ RFI