លោក James Ricketson​ អ្នកផលិត​ខ្សែ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​ ​បាន​ទទូច​ថា លោក​គ្មាន​ទោស​ទេ។ ​លោក​ថ្លែង​ដូច្នេះ​ បន្ទាប់ពី​លោក​បាន ​ចូលរួម​សវនាការ​របស់​លោកនៅ​តុលាការនៅរាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃចន្ទ​ដែល​លោក​ត្រូវ​បានគេ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម និង​ប្រឈម​មុខ​នឹង​ការជាប់​ពន្ធនាគារ​១០​ឆ្នាំ ​ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស។

Loading...

លោក ​Ricketson អាយុ​៦៩​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែមិថុនា​ឆ្នាំ​មុន ​បន្ទាប់ពី​លោក​បាន​បង្ហោះ​ដ្រូន​ថត​ក្បូន​ឃោសនាការ​បោះឆ្នោត​របស់គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​តាម​បណ្តឹង​របស់​រដ្ឋាភិបាល។​ លោក​បាន​សុំអភ័យ​ទោស​លោក​ហ៊ុន សែន​ និង​រដ្ឋាភិបាលចំពោះ​ការ​និយាយ​ដោយ​មិន​គោរព​ចំពោះ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែល​បានកាន់​អំណាច​ជាង​៣០ឆ្នាំ​មក​ហើយ​នោះ។​

ការ​ចាប់​ខ្លួន​លោក​ Ricketson ​ធ្វើ​ឡើង​នៅ​ពេល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ការ​បង្ក្រាប ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ។ ​

ក្រសួង​កិច្ចការ​បរទេស​ និង​ពាណិជ្ជ​កម្ម​អូស្ត្រាលី​បាន​និយាយ​ថា ​ខ្លួន​កំពុង​ផ្តល់​ជំនួយ​កុងស៊ុល​ដល់​លោក​ Ricketson។ ​តុលាការ​បាន​និយាយ​ថា ​ដំណើរការ​នីតិវិធី​សម្រាប់​សវនាការ​សំណុំ​រឿង​របស់​លោក​ត្រូវ​លើកពេល​រហូត​ដល់​ក្រោយ​ការបោះ​ឆ្នោត​សភា​នៅ​ថ្ងៃទី២៩​ខែ​កក្កដា​នេះ៕ ប្រភព៖ VOA