ភ្នំពេញ —គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)បង្ហាញ​ពី​គុណភាព​ទឹក​ខ្មៅ​ជ្រ​លក់​ដៃ​លុប​មិន​ជ្រះសម្រាប់​ការ​បោះ​ឆ្នោត ​ដោយ​មាន​ការ​ប្រកាស​ចាត់​វិធានការ​លើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត ​ដែល​ធ្វើ​ឡើង​តាម​បណ្តាញ​អ៊ីនធឺណិត​របស់​ក្រុម​មាន​និន្នាការ​មិន​គាំទ្រ​រដ្ឋាភិបាលកម្ពុជា។​

អ្នកចូលរួម​កំពុង​សាកល្បង​លុប​ទឹក​ខ្មៅ ដោយ​ប្រើប្រាស់​ទឹក​ថ្នាំ​ផ្សេងៗ ​ក្នុង​ការបង្ហាញ និង​ពិសោធន៍​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិនជ្រះ ដែល​ទិញ​មកពី​ប្រទេស​ឥណ្ឌា សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​អាណត្តិទី​៦ ធ្វើឡើង​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៨។ (កាន់ វិច្ឆិកា/VOA)

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​គ.ជ.ប.​បាន​រៀបចំ​កិច្ច​ប្រជុំ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ស្តី​អំពី​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ឃោសនា​បោះ​ឆ្នោត​ និង​ការ​បង្ហាញ​ទឹក​ខ្មៅ​ជ្រ​លក់​ម្រាម​ដៃ ​ដោយ​មាន​ការ​ដាក់​បង្ហាញ​នូវ​ការពិសោធន៍ទឹក​ខ្មៅ​ជ្រ​លក់​ម្រាម​ដៃ​ ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា។ ​ការ​ដាក់​បង្ហាញ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​នៅ​តាម​បណ្តាញ​អ៊ីនធឺណិត ​ជា​ពិសេស​អ្នក​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក ​បន្ត​បង្ហោះ​រូបភាព​ និង​សារ​«ម្រាម​ដៃ​ស្អាត»​ ដោយ​បង្ហាញ​ចង្អុល​ដៃ​មិន​មាន​ប្រឡាក់​ទឹក​ខ្មៅ ​បញ្ជា​ក់ពី​ការ​មិន​ទៅ​បោះ​ឆ្នោត ​នា​ថ្ងៃ​ទី២៩ ​ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ។

ក្នុង​កិច្ចប្រជុំ​នោះ ​លោក ​ទេព នីថា ​អគ្គ​លេខាធិការ​គ.ជ.ប.​ លើក​ឡើង​ថា ​ទឹក​ខ្មៅ​ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ឥណ្ឌា​ មាន​ចំនួន​៥១០០០​កំប៉ុង ​តម្លៃ​ជាង​៨​សែន​ដុល្លារ​ ​និង​មាន​គុណភាព​ល្អ​ដូច​គ្នា​ទៅ​នឹង​ទឹក​ខ្មៅ​ដែល​បាន​ប្រើ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ដែរ។​ លោក​បន្ថែម​ថា ​សម្រាប់​ការ​បង្ហោះ​សារ​ម្រាម​ដៃ​ស្អាត ​បង្ហាញ​ពីការ​មិន​ទៅ​បោះ​ឆ្នោត​នោះ​ ​ ទាំង​គ.ជ.ប.​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​និង​កំពុង​ចាត់​វិធានការ​លើ​ករណី​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖

«ការ​ចាត់​វិធានការ​ទូទៅ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រឆាំង ​ឬ​ក៏​រំខាន​ដល់​ការ​បោះ​ឆ្នោត ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​គឺ​ជា​អំពើ​ខុស​ច្បាប់។ ​អីចឹងទេ​ ការ​ចាត់​វិធានការ​នេះ​គឺ គ.ជ.ប.​បាន​ចាត់​វិធាន​ការខ្លះ​ហើយ»។

លោកទេព នីថា​បន្ថែម​ថា ​គ.ជ.ប.​ ​ក៏​បាន​ដាក់​បណ្តឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ឲ្យ​ចាត់​វិធានការ​លើ​អ្នក​ហៅ​ទូរស័ព្ទ​ទៅ​កាន់​បណ្តាញ​សួរ​ព័ត៌មាន​ពីការ​បោះ​ឆ្នោត ​ដោយ​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​ផង​ដែរ។​

លោក​បញ្ជា​ក់ថា៖​

«ថ្មីៗ​នេះ​នៅ​ពេល​ដែល​យើង​បើក​ទូរស័ព្ទ​ដើម្បីជូន​ប្រជា​ពលរដ្ឋ​សួរពី​បញ្ហា​បោះ​ឆ្នោត ​សួរ​បញ្ហា​ឈ្មោះ​របស់​គាត់​ក្នុង​បញ្ជី​បោះ​ឆ្នោត​ មាន​អ្នក​ទូរស័ព្ទ​មក​រំខាន ​ហើយ​និយាយ​សម្តី​ចំអេស​ចំអាស​មិន​សមរម្យ។ ឥ​ឡូវ​នេះ ​យើង​បាន​ជូន​ទៅ​ខាង​គណៈ​បញ្ជា​ការ​សន្តិសុខ​បោះ​ឆ្នោត ដើម្បីចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ ​អីចឹង​ទេ ​ជាទូ​ទៅ​យើង​ត្រូវ​ការពារ​ផល​ប្រយោជន៍​នៃ​ការ​បោះ​ឆ្នោត ​ការពារ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​យើង​ ក៏​ដូចជា​ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ករណី​ដែល​ល្មើស​ច្បាប់​ ​ហើយ​យើង​មាន​សមត្ថកិច្ច​ដោះ​ស្រាយបញ្ហា​នេះ។​ យើង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»។​

យ៉ាង​ណា​ក៏​ដោយ ​លោកទេព នីថា​មិន​បាន​បញ្ជា​ក់ថា ​តើ​វិធាន​ការ​ទាំង​នោះ​ត្រូវ​ធ្វើ​ឡើង​ក្រោម​រូបភាព​ណា​នោះ​ទេ។

លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​បញ្ជា​ក់ថា ​លោក​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្តឹងណា​មួយ​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​នៅ​ឡើយ។ យ៉ាង​ណាក្តី ​លោក​បាន​រុញ​ឲ្យ​ទៅ​សួរ​លោក​ប៉ោ ភក្តិ​ អគ្គ​លេខាធិការ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន​ក្រសួង​មហា​ផ្ទៃ ​តែ​អគ្គ​លេខាធិការ​រូប​នេះ​ឆ្លើយ​ថា ​លោក​ក៏​មិន​ទាន់​ទទួល​បាន​បណ្តឹង​ណា​មួយ​ពីគ.ជ.ប.។​

ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​កាន់​តែខិត​ជិត​ចូល​មក​ដល់ ​ដោយ​មិន​មាន​វត្តមាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ ​វោហារ​សាស្រ្ត​របស់​អ្នក​នយោបាយ​ ទាំង​អ្នក​នយោបាយ​គណ​បក្ស​កាន់​អំណាច​ ​និង​អ្នក​នយោបាយ​គណ​បក្ស​ប្រឆាំង​ ដែល​ថ្លែង​ពី​ការ​ទៅ ​ឬ​មិន​ទៅ​ចូល​រួម​បោះ​ឆ្នោត បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​ថា​ ទៅ​បោះ​ឆ្នោត​ ឬ​អត់។​

លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង ​និង​ក្រុម​ជំទាស់ ​ដែល​កំពុង​ស្ថិត​នៅ​បរទេស​ តែង​បង្ហោះ​សារ​ផ្សេងៗ​លើ​បណ្តាញ​សង្គម​របស់​លោក ​ដោយ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កុំ​ទៅ​បោះ​ឆ្នោត ​ប្រសិន​បើ​មិន​មាន​ការ​ចូល​រួម​ពីគណ​បក្ស​សង្គ្រោះ​ជាតិ​ ដោយ​លោក​ថា ​ការ​បោះ​ឆ្នោត​ខាង​មុខ​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ សម្រាប់​បង្គ្រប់កិច្ច​ឲ្យ​គណ​បក្ស​កាន់​អំណាចដឹក​នាំប្រទេស​តាម​របៀប​ផ្តាច់​ការ​តែ​ប៉ុណ្ណោះ។

ក្រៅ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​សម រង្ស៊ី​ គេ​ឃើញ​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត​ ដែល​បង្កើតដោយ​ក្រុម​អ្នក​មិន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា តែង​បង្ហោះ​សារ​ភ្ជាប់​នឹង​រូបភាព​ផ្សេងៗ​ បង្ហាញ​ពីការ​មិន​ទៅ​បោះ​ឆ្នោត។​

ចំណែក​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ ​បាន​អំពាវនាវ​ស្ទើ​រាល់​ថ្ងៃឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ និង​បោះ​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ដែលដឹក​នាំប្រទេស​ជាង​៤០​ឆ្នាំ​មក​ហើយ​នោះ ដើម្បីឲ្យលោក​បន្ត​ការ​អភិវឌ្ឍ ​រក្សា​សន្តិភាព​ និង​ចៀស​ផុត​នូវ​សង្គ្រាម។​

ដូច​គ្នា​នោះដែរ​ ទាំង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា ​និង​អ្នក​គាំទ្រ​លោក ​ហ៊ុន សែន ​ក៏​បាន​បង្ហោះ​សារ​ភ្ជាប់​នឹង​ការលើ​ក​ឡើង​ថា ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត ​និង​ខ្លះ​បង្ហោះ​សារ​ថា ​បោះ​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា។​

ទន្ទឹម​នឹង​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​ក៏​បាន​ព្រមាន​ជា​បន្ត​បន្ទាប់​ថា​ ការ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​គឺ​ជា​ការ​ប្រឆាំង​នឹង​ព្រះ​មហា​ក្សត្រ។​ ការ​មិន​ទៅ​បោះ​ឆ្នោត​ តែ​យក​ទឹក​ខ្មៅ​ណា​មួយ​មក​លាប​លើ​ម្រាម​ដៃ​គឺជា​អំពើ​ខុស​ច្បាប់​ជា​ដើម។​

ចំណែក​គ.ជ.ប.​ ដែល​អះអាង​ថា​ ខ្លួន​ជា​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ឯករាជ្យ​ និង​មិន​លម្អៀង​នោះ​ ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ការ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ ដោយ​លើក​ឡើង​ថា ​ការ​អំពាវនាវ​នោះ ​ជា​សកម្ម​ភាព​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សន្តិសុខ​ជាតិ។​

ភ្លាមៗ​នោះ​ ក្រសួង​មហា​ផ្ទៃ​ក៏​បាន​ប្រកាស​ស្រាវជ្រាវ ​និង​ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​បាន​បង្ហោះ​សារ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ នៅ​លើ​បណ្តាញ​សង្គម ​និង​អ៊ីនធឺណិត។​

លោក ​កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា ​ខុមហ្វ្រែល ​បាន​ប្រាប់ ​VOA​ នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​គាំទ្រ​រាល់​ចំណាត់ការ​លើ​បទ​ល្មើស​គ្រប់​ប្រភេទ ​តាម​រយៈការ​ប្រើ​ប្រាស់​ច្បាប់​ ដែល​មាន​ចែង​ដោយ​ភាព​ត្រឹម​ត្រូវ ​និងជាក់​លាក់។​ លោក​បន្ថែម​ថា ​សម្រាប់​ការ​បង្ហោះ​រូប​ម្រាម​ដៃ​ស្អាត​នៅ​លើ​បណ្តាញ​សង្គម​គឺ​ជា​ការ​បញ្ចេញ​មតិ ​មិន​មែន​ជា​បទ​ល្មើសនោះ​ទេ។​

លោក​បញ្ជា​ក់ថា៖​

«បើ​សិន​ធ្វើ​ស​ចង្អុល​ដៃ​ហ្នឹង​ គាត់​បង្ខំ​គេ ​សម្តែង​អំពី​គំរាម​គេ​ថា​ គេ​មិន​ធ្វើ​តាម​ទេ ​វា​មាន​បញ្ហា​ ថ្ងៃ​ក្រោយ អញ្ចេះ​អញ្ចោះ​ និយាយ​ឲ្យ​ចំ​លក្ខណៈគំរាម ​ឬ​ការ​បំភិត​បំភ័យ ​អា​ហ្នឹង​សម្រាប់​យោបល់​ខ្ញុំ។​ វា​ជា​រឿង​មួយ​ដែល​វា​ខុស ​ខុស​ច្បាប់។ ​ប៉ុន្តែ​បើសិន​ជា​គ្រាន់​តែ​បង្ហាញ​ខ្លួន​ឯង​ថា​ ​ខ្លួន​ឯង​ហ្នឹង​បាត​ដៃ​ទទេ ​ស្អាត​ទេ​ ខ្ញុំ​យល់​ឃើញ​ថា​ អាហ្នឹង​វា​នៅ​តែ​សម្តែង​មតិ​ទេ។​ វា​មិន​ទាន់​ដល់​លក្ខណៈខុស​ច្បាប់​ទេ»។​

ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​កំពុង​ត្រូវ​បាន​ស្ថាប័ន​ជាតិ ​និង​អន្តរជាតិធំៗ​មួយ​ចំនួន​មើល​ឃើញ​ថា​ ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាពសេរី ​និង​យុត្តិធម៌ ​បន្ទាប់​ពី​គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំងប្រទេស ​ត្រូវ​បានតុលាការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ ​ដោយ​ចោទ​ថា ​គណ​បក្ស​នេះ​បាន​ឃុបឃិត​ជា​មួយ​បរទេស ​រៀបចំ​គម្រោង​ផ្តូល​រំលំ​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន។​

យ៉ាង​ណា​ក៏​ដោយ​ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ ​រីឯ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)​ ដែល​លែង​មាន​សមាជិក​មកពី​គណ​បក្ស​ប្រឆាំង​ ​បាន​អះអាង​ថា​ ​ខ្លួន​រៀប​ចំការ​បោះ​ឆ្នោត​ទៅ​តាម​ច្បាប់​កម្ពុជា​ ​ដែល​មាន​ចែង​ជា​ធរមាន។​

ទាំង​គ.ជ.ប.​ និង​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ក៏​បាន​លើក​ឡើង​ថា ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ បើ​ទោះ​ជា​មិន​មាន​វត្តមាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល ​និង​មិន​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ពី​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕ ប្រភព៖ VOA