សហរដ្ឋអាមេរិក​ដែល​កំពុង​ចាត់វិធានការ​​​​ដំឡើងពន្ធគយ លើ​ការនាំចូល​ទំនិញ​ពី​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួននៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាច​នឹង​ក្លាយ​ជា​អ្នក​ដែល​ទទួលរងនូវការ​ខាតបង់​ច្រើន​ជាងគេ​ពី​សង្រ្គាម​ពាណិជ្ជកម្ម។ នេះ​បើ​តាម​ការ​លើកឡើង​​​​​នៅថ្ងៃ​ពុធរបស់​លោកស្រី គ្រីស្ទីន ឡាហ្កាដ (Christine Lagarde) នាយិកា​មូលនិធិរូបិយវត្ថុ​អន្តរជាតិ នៅ​ក្នុង​ពេល​ដែល​​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុ​មប្រទេស​ G20 គ្រោង​នឹង​បើក​កិច្ចប្រជុំគ្នា នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន នៅចុងសប្តាហ៍ខាងមុខនេះ។

នៅ​ក្នុង​ប្លក​ចេញផ្សាយ​នៅថ្ងៃ​ពុធ លោកស្រី​គ្រីស្ទីន ឡាហ្កាដ បាន​លើកឡើង​នូវ​សេណារីយ៉ូ​ចំនួន ៤ អាស្រ័យ​ទៅ​តាម​កម្រិតនៃ​ភាព​ធ្ងន់ធ្ងរ​​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម រវាង​អាមេរិក និង​ប្រទេស​ជាដៃគូពាណិជ្ជកម្ម។

សេណារីយ៉ូទី១ គឺ​គិតតែ​អំពី​ផលវិបាក​ដែល​បង្កឡើង​ដោយ​វិធានការ​ដែល​អាមេរិក​បាន​ដាក់ចេញ​រួចហើយ គឺ​រួមមាន​ការ​ដំឡើងពន្ធលើ​ការនាំចូល​អាលុយមីញ៉ូម (១០%) និង​ដែកថែប (២៥%) ព្រមទាំង​ការ​ដំឡើងពន្ធ (២៥%) ​លើ​ការនាំចូល​ទំនិញ​ពី​ចិន ដែល​មាន​តម្លៃ​គិតជា​ទឹកប្រាក់ ៥០ពាន់​លាន​ដុល្លារ ហើយ​ដែល​ចាប់ចូល​ជាធរមាន កាល​ពីដើមខែកក្កដា។

សេណារីយ៉ូទី២ គឺ​គិត​បញ្ចូល​​​ការ​ដំឡើងពន្ធ (១០%) ​លើ​ការនាំចូលមុខទំនិញពីចិន ចំនួន ២០០ពាន់លាន​ដុល្លារបន្ថែមទៀត ដែល​អាមេរិក​គ្រោង​ចាប់អនុវត្ត នៅ​ខែកញ្ញា​ខាងមុខ។

សេណារីយ៉ូទី៣ គឺ​គិត​បញ្ចូល​​​ការ​ដំឡើងពន្ធនាំចូល​រថយន្ត (២៥%) ដែល​អាមេរិក​គ្រោង​ដាក់ចេញ​ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ខែខាងមុខ។

សេណារីយ៉ូទី៤ គឺ​គិតបញ្ចូល​អំពី​ផលវិបាក​ដោយប្រយោល​ផ្សេងទៀត រួមមាន​ដូចជា​ការ​ធ្លាក់ចុះ​នៃ​វិនិយោគ​ទូទៅ ដែល​បង្កឡើង​ដោយ​ការ​បាត់បង់​ជំនឿចិត្ត​ពី​អ្នក​វិនិយោគ​ ជាដើម។

យោងតាម​លោកស្រី​គ្រីស្ទីន ឡាហ្កាដ នៅ​ក្នុង​គ្រប់សេណារីយ៉ូ​ទាំងអស់ គ្រប់ប្រទេស​សុទ្ធតែ​ទទួល​រង​នូវការ​ខាតបង់ ក៏ប៉ុន្តែ គឺ​សហរដ្ឋអាមេរិក​ដែល​​នឹង​ត្រូវ​ជា​អ្នក​ទទួល​នូវ​ការ​ខាតបង់​ច្រើន​ជាងគេ ពីព្រោះ​ថា អាមេរិក​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​វិធានការ​តបត​ពី​គ្រប់ទិសទី នៅ​ក្នុងពេល​ដែល​ប្រទេស​ផ្សេងទៀត អាច​នឹងបញ្ចៀសផលវិបាក​បាន​ខ្លះ តាមរយៈ​ការ​បង្វែរ​លំហូរពាណិជ្ជកម្ម​ជាមួយអាមេរិក​ទៅបង្កើនការដោះដូរពាណិជ្ជកម្ម​រវាង​គ្នាឯង។

គិតជាសរុប នៅ​ក្នុងករណី​សង្រ្គាម​ពាណិជ្ជកម្ម​ធ្ងន់ធ្ងរ​បំផុត ផលិតផល​ក្នុងស្រុក​សរុប​របស់​សហរដ្ឋ​អាមេរិក​អាច​នឹង​ត្រូវថយចុះ​​រហូតដល់​ទៅ ០,៨% នៅ​ឆ្នាំដំបូង ក្នុងពេល​ដែល​ប្រទេសនៅអាស៊ី ដូចជា ចិន និង​ឥណ្ឌា ជាដើម អាច​នឹង​ត្រូវថយចុះ​​ត្រឹម ០,៧%, ជប៉ុន ០,៦% ហើយ​បារាំង​ និង​បណ្តា​ប្រទេស​ផ្សេងទៀត ថយចុះ​​ត្រឹម ០,៣%។

ចំពោះ​សេដ្ឋកិច្ច​ទូទៅ​នៅ​ទូទាំង​ពិភពលោក​វិញ មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​ធ្លាប់​បាន​ធ្វើការ​ព្យាករ​រួចហើយ តាំង​ពីថ្ងៃ​ចន្ទ ដើមសប្តាហ៍​នេះ​ថា សង្រ្គាម​ពាណិជ្ជកម្ម ដែល​បង្ក​ឡើង​ដោយសហរដ្ឋ​អាមេរិក​នៅ​ពេលនេះ គឺ​ជា​ការគំរាមកំហែង​ដ៏ធំបំផុត​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុងរយៈពេល​ខ្លី។

មូលនិធិរូបិយវត្ថុ​អន្តរជាតិ នៅតែ​បន្ត​រក្សា​ការព្យាករ​អត្រា​កំណើន​សេដ្ឋកិច្ច​ពិភពលោក ៣,៩% សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ​ ក៏ប៉ុន្តែ អត្រា​កំណើន​នេះ​អាច​នឹង​ត្រូវ​ចាប់​ធ្លាក់ចុះ ​ចាប់ពី​ឆ្នាំ​បន្ទាប់ ហើយ​ថា សង្រ្គាម​ពាណិជ្ជកម្ម​ពិភពលោក​អាច​នឹង​​ធ្វើ​ឲ្យ​​​ផលិតផល​ក្នុងស្រុកសរុប​នៅ​ទូទាំង​ពិភពលោក​ថយចុះ រហូតដល់​ទៅ​ ០,៥% ចាប់ពីពេលនេះ រហូតដល់​ឆ្នាំ២០២០​ខាងមុខ ដែល​បើ​​គិតជា​ទឹកប្រាក់ គឺ​ថយចុះ​រហូតដល់​ទៅ ៤០០ពាន់លាន​ដុល្លារ​អាមេរិក៕ ប្រភព៖ RFI