នៅ​ក្នុង​ប្រទេស​ថៃ កូនក្មេង​ទាំង ១២នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ម្នាក់​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​នា​ថ្ងៃ​ពុធ ទី១៨ កក្កដា។ នៅ​ក្នុង​សន្និសីទកាសែត ពួក​គេ​បាន​រៀបរាប់​ពី​ជីវិត​ជាប់គាំង​ក្នុង​រូងភ្នំ​រយៈពេល ៩ថ្ងៃ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ក្មេង​ទាំង ១២នាក់ និង​គ្រូបង្វឹកបាល់ទាត់​ម្នាក់​បាន​ចូល​ក្នុង​រូងភ្នំ Tham Luang ស្ថិត​ក្នុង​ខេត្ត​ឈៀងរ៉ៃ​កាល​ពី​ថ្ងៃទី២៣ មិថុនា និង​បាន​ជាប់កុន​ចេញ​មិន​រួច​ដោយសារ​ទឹកឡើង​ខ្លាំង​ក្នុង​រូងភ្នំ។ បន្ទាប់​មក និង​ដោយ​មាន​ជំនួយ​ពី​អន្តរជាតិ ប្រតិបត្តិការ​រំដោះ​ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​បាន​ចប់​សព្វគ្រប់​ក្នុង​ថ្ងៃទី១០ កក្កដា។

Loading...

« អព្ភូតហេតុ » « អស្ចារ្យ » នេះ​ជា​ពាក្យ​ដែល​ក្មេង​ទាំង ១២នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ម្នាក់​របស់​ពួក​គេ​បាន​និយាយ​ច្រើន​ដង​នៅក្នុង​សន្និសីទកាសែត​រួម​គ្នា​ជា​សាធារណៈ​លើក​ទី១ នា​ថ្ងៃ​ពុធ ទី១៨ កក្កដា។ អ្វី​ដែល​ពួក​គេ​បាន​រៀបរាប់ ពិពណ៌នា គឺ​ជីវិត​ជាប់​ក្នុង​រូងភ្នំ​រយៈពេល ៩ថ្ងៃ​ក្នុង​ស្ថានភាព​ងងឹត​ស្លុង គ្មាន​អាហារ​ទទួលទាន ផឹក​តែ​ទឹកភ្លៀង​ដែល​ហូរ​តាម​ជ្រលង​ថ្ម​ភ្នំ និង​មាន​តែ​ការ​បន់ស្រន់។ គ្រូបង្វឹក​បាល់ទាត់​អាយុ ២៥ឆ្នាំ​ដែល​ជា​មនុស្សធំ​ម្នាក់​គត់​ក្នុង​ក្រុម​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ព្យាយាម​រក​មធ្យោបាយ​ចាកចេញ​ដោយ​ខ្លួន​ឯង​ដោយ​គិត​ថា មិន​អាច​អង្គុយ​ទន្ទឹង​រង់ចាំ​ជំនួយ​ពី​ខាង​ក្រៅ​បាន​ទេ។ តែ​នៅ​តែ​មិន​អាច​ចេញ​រួច។

ក្រៅ​ពី​រៀបរាប់​ជីវិត​ឯកោ​ក្នុង​រូងភ្នំ​រយៈពេល ៩ថ្ងៃ ក្មេង​ទាំង ១២នាក់ និង​គ្រូបង្វឹកបាល់ទាត់​របស់​ពួក​គេ​ក៏​បាន​ប្រាប់​ថា ក្នុង​ពេល​សម្រាក​ក្នុង​មន្ទីរពេទ្យ ពួក​គេ​ក៏​បាន​មើល​ការ​ប្រកួតបាល់ទាត់ពិភពលោក​ក្នុង​វគ្គផ្តាច់ព្រ័ត្រ​រវាង​ក្រុមជ្រើសជាតិ​បារាំង និង​ក្រូអាស៊ី​នា​យប់​ថ្ងៃ​អាទិត្យ ទី១៥ កក្កដា​ដែរ។ បន្ទាប់​មក មាន​អ្នក​ខ្លះ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ចង់​ក្លាយ​ខ្លួន​ជា​កីឡាករបាល់ទាត់​ជំនាញ​ទៀត​ផង។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ក្មេង​ទាំង ១២នាក់​ដែល​មាន​អាយុ​ពី ១១ឆ្នាំ​ទៅ ១៦ឆ្នាំ និង​គ្រូបង្វឹកបាល់ទាត់​របស់​គេ​ម្នាក់​អាយុ ២៥ឆ្នាំ​បាន​នាំ​គ្នា​ចូល​ក្នុង​រូងភ្នំ Tham Luang ស្ថិត​ក្នុង​ខេត្ត​ឈៀងរ៉ៃ​កាល​ពី​ថ្ងៃទី២៣ មិថុនា និង​បាន​ជាប់កុន​ចេញ​មិន​រួច​ដោយសារ​ទឹកឡើង​ខ្លាំង​ក្នុង​រូងភ្នំ។

គេ​ត្រូវ​រង់ចាំ​រហូត​ដល់ ៩ថ្ងៃ​ទើប​ក្រុម​អ្នក​ជំនាញ​មុជទឹក​ជនជាតិ​អង់គ្លេស​បាន​រក​ឃើញ​ទីកន្លែង​របស់​ពួក​គេ​ដែល​មាន​ចម្ងាយ​ប្រមាណ ៤គីឡូម៉ែត្រ​ពី​ច្រក​ផ្លូវ​ចូល។ តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​ថៃ​ដោយ​មាន​ជំនួយ​ពី​អន្តរជាតិ​បាន​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​រំដោះ​ពួក​គេ​ចេញ។ ទីបំផុត ប្រតិបត្តិការ​រំដោះ​ពួក​គេ​បាន​ចាប់​ផ្តើម​ជា​ផ្លូវការ​ក្នុង​ថ្ងៃ​អាទិត្យ ទី៨ កក្កដា និង​បញ្ចប់​ក្នុង​ថ្ងៃ​អង្គារ ទី១០ កក្កដា​ដោយ​រំដោះ​បាន​ក្មេង​ទាំង ១២នាក់ រួម​ទាំង​គ្រូបង្វឹកបាល់ទាត់​របស់​ពួក​គេ​ដោយ​សុវត្ថិភាព។ តែ​ពួក​គេ​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជូន​ភ្លាមៗ​ទៅ​ឲ្យ​សម្រាក​ពិនិត្យ​សុខភាព​ក្នុង​មន្ទីរពេទ្យ​ជាង ១សប្តាហ៍​ទើប​អនុញ្ញាត​ឲ្យ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​ថ្ងៃ​ពុធ ទី១៨ កក្កដា។

ក្នុង​ឱកាស​សន្និសីទកាសែត​រួម​គ្នា​នោះ​ដែរ ក្មេង​ទាំង ១២នាក់ និង​គ្រូបង្វឹកបាល់ទាត់​ក៏​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នក​ជំនាញ​មុជទឹក​ជនជាតិ​ថៃ​ម្នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​សង្រ្គោះ​ពួក​គេ ព្រម​ទាំង​លុត​ជង្គង់​ក្រាប​ក្បាល​ចុះ​នៅ​ចំពោះ​មុខ​រូបថត​ព្រះមហាក្សត្រ​ថៃ។ អ្នក​នំា​ពាក្យ​រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់​ថា ក្មេង​ទាំង ១២នាក់ និង​គ្រូបង្វឹកបាល់ទាត់​អាច​នឹង​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​របស់​ពួក​គេ​នា​ពេល​ឆាប់ៗ​ខាង​មុខ៕ ប្រភព៖ RFI