បន្ទាប់​ពី​តំបន់​មជ្ឈិមបូព៌ា លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​បន្ត​ដំណើរ​ទស្សនកិច្ច​មួយ​ជុំទ្វីប​អាហ្រ្វិក។ សេណេហ្កាល់​ជា​ប្រទេស​ដែល​លោក​ស៊ី​ទៅ​ទស្សនកិច្ច​មុន​គេ​ក្នុង​ថ្ងៃ​សៅរ៍ ទី២១ កក្កដា មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ប្រទេស​រវ៉ាន់ដា និង​អាហ្រ្វិកខាងត្បូង​ដែល​លោក​ស៊ី​ត្រូវ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​ក្រុម​ប្រទេស Brics។ តាំង​ពី​បាន​បន្ត​អាណត្តិ​ថ្មី​គ្មាន​កំណត់​ក្នុង​ខែ​មីនា​កន្លង​មក នេះ​ជា​លើកទី១ ដែល​បុរសខ្លាំង​ចិន​រូប​នេះ​បាន​ដាក់​ជើង​ជាន់​ទ្វីបអាហ្រ្វិក ហើយ​ជា​ទស្សនកិច្ច​លើក​ទី៣ បើ​គិត​តាំង​ពី​ឡើង​កាន់​តំណែង​ដំបូង។ ចិន​ចង់​បាន​ទ្វីបអាហ្រ្វិក​ជា​តំបន់​យុទ្ធសាស្រ្ត​ការទូត​ដើម្បី​ក្រសោប​ពិភពលោក​តាម​រយៈ​ការ​ប្រើ​អំណាចស្រទន់។ អ្វី​ទៅ​ជា​រូបមន្ត​ដែល​ចិន​បាន​ប្រើ​ដើម្បី​ទាក់ទាញ​ប្រទេស​អាហ្រ្វិក។

Loading...

« អាហ្រ្វិក​ជា​ទ្វីប​ដែល​សម្បូរ​ដោយ​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ចំណែក​ចិន​ខ្លួន​ឯង​ក៏​ជា​មហាប្រទេស​កំពុង​អភិវឌ្ឍន៍ និង​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់។ ដូច្នេះ​រវាង​ចិន និង​អាហ្រ្វិក គឺ​មាន​បង្កប់​ដោយ​មហិច្ឆិតា​នៃ​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​លើ​កិច្ចសហប្រតិបត្តិ​សេដ្ឋកិច្ច​ក៏​ដូច​ជា​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត។ ឧទាហរណ៍​ក្នុង​វិស័យ​សន្តិសុខ​ដែល​ចិន​បាន​បញ្ជូន​កម្លាំង​រក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ទៅ​កាន់​ទ្វីបអាហ្រ្វិក។

បន្ទាប់​មក​នៅ​ក្នុង​វិស័យ​សុខភាព​ដែល​ចិន​បាន​បញ្ជូន​ក្រុម​វេជ្ជសាស្ត្រ​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ជា​ច្រើន។ ចិន​មិន​ដែល​សម្លឹង​មើល និង​លូកដៃ​ចូល​កកូរកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អាហ្រ្វិក​ណា​មួយ​ទេ ពិសេស​ប្រទេស​ដៃគូ។ អ្វី​ដែល​ចិន​ចូលរួម​សាទរ គឺ​កិច្ចសហប្រតិបត្តិការ​ឈ្នះៗ​រវាង​ចិន និង​អាហ្រ្វិក។ មិន​ដែល​មាន​សោះ​ឡើយ​ពី​ការ​លូកដៃ​របស់​ចិន​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អាហ្រ្វិក។

ខ្ញុំ​បាន​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ចំនួន ៤ឆ្នាំ ហើយ​ខ្ញុំ​មិន​ដែល​បាន​ព្យាយាម​លូកដៃ​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​មួយ​នេះ​ទេ។ មែនទែន​ទៅ នេះ​មិនមែន​ជា​នយោបាយ​ការទូត​របស់​រដ្ឋាភិបាល​ខ្ញុំ​ដែល​ត្រូវ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ផ្សេង​ទេ។ យើង​បាន​កសាង​ផ្លូវថ្នល់ សាលារៀន ស្ពាន មន្ទីរពេទ្យ។ ពួក​គេ​មាន​តែ​ការ​សប្បាយ​រីករាយ ហើយ​គ្មាន​ការ​ភ័យខ្លាច​អ្វី​ទាំង​អស់​ពី​សំណាក់​វត្តមាន​ចិន​នៅ​អាហ្រ្វិក »៕ ប្រភព៖ RFI