ភ្នំពេញ —ទំនាក់​ទំនង​ចិន​និង​កម្ពុជា​ត្រូវបង្ហាញ​ឲ្យ​ឃើញថា​ដល់​កម្រិត​កំពូល​នៅ​ក្រោយ​ពេល​មាន​ការ​ផ្លាស់ប្តូរ​លិខិត​ទៅ​វិញ​ទៅ​មក​រវាង​មេដឹកនាំ​កំពូលៗ​របស់​ចិន​និង​កម្ពុជា។ ក្រុម​មេដឹកនាំ​កំពូល​ចិន​រួម​ទាំង​លោក​ប្រធានាធិតី ស៊ី ជីនពីន និង លោក​នាយករដ្ឋមន្ត្រី លី ខឺឈាង និង មេដឹកនាំ​កំពូល​កម្ពុជា​គឺ​ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ផ្ញើរ​លិខិត​ជូនពរ​គ្នា​ទៅវិញ​ទៅ​មក​ក្នុងពេល​ប្រទេស​ទាំងពីរ​ប្រារព្វ​ខួបលើក​ទី៦០ នៃទំនាក់​ទំនង​ការទូត។ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ប្រើ​ប្រាស់​ភាសា​ការទូត​ដើម្បី​សម្តែង​ការអរគុណ​និង​ការ​តាំង​ចិត្ត​ជួយ​គ្នា​ទៅវិញ​ទៅ​មក​បន្ត​ទៀត មុន​ពេល​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ដែល​គេ​ជឿ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​នឹង​ទទួល​បាន​ជ័យ​ជម្នះ​កាន់​កាប់ រដ្ឋាភិបាល​បន្ត​ដោយសារ​តែ​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។ ក្រុម​អ្នក​វិភាគ​កម្ពុជា​ខ្លះ​បង្ហាញ​ឲ្យ​ឃើញ​អំពី រូបភាព​ផ្សេងគ្នា​ចំពោះ​ទំនាក់​ទំនង​ចិន​កម្ពុជា​ចុង​ក្រោយ​នេះ។

លោក​បណ្ឌិត មាស នី អ្នកវិភាគ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​អំពី​ភាព​ខុស​គ្នា​នៃ​ផល ប្រយោជន៍​ដែល​ប្រទេស​ទាំងពីរ​អាច​ទាញ​យក​ពី​គ្នា​ទៅវិញ​ទៅ​មក​ចេញ​ពី​ទំនាក់​ទំនង​៦ ទសវត្សរ៍​នេះ។

«ទំនាក់​ទំនង​រវាង​កម្ពុជា​ចិន​នេះ ចិន​គេ​មើល​មក​ទំនាក់ទំនង​របស់​គេ​ជាមួយ​កម្ពុជា​ក្នុង​បំណង ផ្សេង​គឺ ​ចិន​ជា​យុទ្ធសាស្ត្រ​នយោបាយ​ក្នុងការ​ពង្រីក​នូវ​ទីធ្លា​នយោបាយ​ផង​និង ទីធ្លា​សេដ្ឋកិច្ច របស់​គេផង។ ​តែ​យើង​គឺ យើង​មើល​ទៅ ទំនង​ដូចជា​យើង​នៅមាន​កម្រិត​ក្នុងការ​ថា​តើ​ធ្វើ​ម៉េច ដើម្បី​ឲ្យ​យើង​អាច​ទទួល​បានប្រយោជន៍​ពី​ចិន​នេះ ក្រៅ​ពី​យើង​ធ្វើម៉េច​ឲ្យតែ​យើង​នៅ​រក្សា អំណាច​បាន​សិន»។

អ្នក​វិភាគ​រូបនេះ​បាន​អះអាង​ថា​ ចាប់​តាំង​ពីការ​ផ្តល់ជំនួយ​រាប់រយ​លាន​ដុល្លារ ជា​ច្រើនឆ្នាំ ចុង​ក្រោយ​នេះ​ពីចិន ការបោះ​ទុនវិនិយោគ​និង​ពាណិជ្ជកម្ម​រាប់ពាន់​លាន​ដុល្លារ ហើយ​នឹង​ការ​ផ្តល់​ជំនួយ​ផ្នែក​បោះឆ្នោត ទន្ទឹម​គ្នា​នឹង​ការ​ធ្វើ​ទំនាក់​ទំនង​ល្អ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ជួយ​ធានា​ថា​ គណបក្ស​កាន់​អំណាច​នឹង​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​សម្រាប់​អាណត្តិ​ទី៦ ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី២៩​ខែ​កក្កដា​ឆ្នាំ២០១៨​នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ដែល មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នានឹង​បក្ស​កាន់អំណាច ហើយ​មាន​និន្នាការ​ទៅរក​លោក​សេរី ត្រូវ​រំលាយ​ដោយ​ពាក្យចោទ​ប្រកាន់​ថា ក្បត់ជាតិ​និងប៉ុនប៉ង​ផ្តូលរំលំ​រដ្ឋាភិបាល​កម្ពុជា។

«មក​ដល់​ថ្ងៃនេះ​ដូចជា​មិនឃើញ​ថា​មិន​ច្បាស់​ទៀត​ទេថា គឺ​ថា​ការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​មួយ​អាទិត្យ​ជាង​ខាងមុខ​ទៀតនេះ​គឺ​ជ័យជម្នះ​គឺ​ត្រូវតែ​បាន​ទៅ​គណបក្ស​កាន់អំណាច​រួច​ស្រេច ហើយ​បាទ អញ្ចឹង​មិនមាន​ការ​សង្ស័យ​ថា​មាន​គណបក្ស​ណា​មក​ប្រជែង ហើយ​អ្វី​ដែល គេ​ចាំ​មើល​ថា​តើ​គណបក្ស​តូចៗ​មានសំណាង​នឹង​បាន​អាសនៈ​ខ្លះ​ឬអត់»។

លោក មាស នី ក៏​បាន​បន្ថែមថា​ពលរដ្ឋ​កម្ពុជា​ជាអ្នក​សម្រេច​ជោគ​វាសនា​ប្រទេស​កម្ពុជា ដែល​លោក​ថា​ជា​ប្រទេស​ដែល​មិនអាច​ទាន់​រលាស់​ខ្លួន​រួច​ពី​ចិននេះ។

លោក ឈាង វណ្ណារិទ្ធ អ្នកវិភាគ​កិច្ចការ​តំបន់ បានអះអាង​ថា​ការផ្លាស់ប្តូរ​លិខិត​រវាង មេដឹកនាំ ចិន​និង​កម្ពុជា​គឺ​បង្ហាញ​ពីកម្រិត​កំពូល​នៃ​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ។

«កម្រិត​កំពូល​ហ្នឹង ខ្ញុំចង់​និយាយ​អំពី​ការជឿ​ទុកចិត្ត​ជា​យុទ្ធសាស្ត្រ ពីព្រោះ​ក្នុង​ទំនាក់​ទំនង អន្តរជាតិ ការជឿ​ទុកចិត្ត​ជា​យុទ្ធសាស្ត្រ​ហ្នឹង​សំខាន់ រវាង​ថ្នាក់​ដឹក​នាំ​ទាំងពីរ»។

លោក​បាន​បន្ត​ថា​មាន​កត្តា​ជាច្រើន​ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម មនុស្ស សន្តិសុខ ការ​ជួយ​គ្នា​ទៅវិញ​ទៅមក​លើ​វិស័យផ្សេងៗ​ដែល​ជា​កត្តា​ទ្រទ្រង់​និង​ជា​សរសរ​នៃ​ទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រ​នេះ។

នៅ​ក្នុង​លិខិត​អបអរសាទរ​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើកទី​៦០ នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ចិន​និង កម្ពុជា ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា​គឺ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​ដែល VOA ទទួល​បាន​នោះ​ បាន​បញ្ជាក់​ពី​ការ​ឈរ​ជាមួយគ្នា ការ​ជួយ​គ្នា​និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រា លំបាក លើ​បញ្ហា​ផលប្រយោជន៍​ស្នូល ដែល​បាន​បង្កើន​មិត្តភាព​យ៉ាង​ស៊ី​ជម្រៅ វឌ្ឍនភាព យូរ​អង្វែង​និង​មាន​ភាព​រឹងមាំ​ខ្លាំងក្លា​លើស​ពីមុន​ទៅ​ទៀត បង្ហាញ​ពីកំណើន​នៃ​ទំនុកចិត្ត​ផ្នែក នយោបាយ​និង​ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​យុគ​សម័យ​ថ្មី​ពាក់ព័ន្ធ​នឹង​ផ្លូវ​មួយ ខ្សែ​ក្រវ៉ាត់​មួយ​ផង​ដែរ៖

«កិច្ច​សហ​ប្រតិបត្តិការ​ផ្លូវមួយ​ខ្សែ​ក្រវ៉ាត់​មួយ ទទួល​បាន​លទ្ធផល​ផ្លែផ្កា​យ៉ាង​ត្រចះ​ត្រចង់ ហើយ​កិច្ច​សហប្រតិបត្តិការ​ក្នុងភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយចិន កម្ពុជា ក៏​ត្រូវបាន បន្ត​ពង្រឹង​ពង្រីក ដែល​មិនត្រឹមតែ​នាំមក​នូវ​ផល​ប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រជាជន​នៃ ប្រទេស​យើង​ទាំងពីរ​ប៉ុណ្ណោះទេ តែ​ថែមទាំង​រួមចំណែក​កាន់តែ​ច្រើន​ដល់​ស្ថិរភាព​និង វិបុលភាព នៅក្នុង​តំបន់​និង​ពិភពលោក​ផងដែរ»។

នៅក្នុង​ព្រះរាជសារ​លិខិត​របស់​ព្រះមហាក្សត្រ​ទៅកាន់​លោក ស៊ី ជីនពីង ព្រះអង្គមាន​ព្រះរាជ បន្ទូល​ផ្តល់​តម្លៃ​យ៉ាង​សំខាន់​ចំពោះ​ទំនាក់ទំង​ចិន និង កម្ពុជា ដែល​នាំមក​នូវការ​រីកចំរើន ការអភិវឌ្ឃន៍ ស្ថិរភាព សន្តិភាព និង​វិបុលភាព​តំបន់​និង​អន្តរជាតិ។

«ការប្រារព្វ​ខួប​អនុស្សាវរីយ៍​លើកទី​៦០​នៃ​ទំនាក់ទំនង​ការទូត​របស់​យើង​ឆ្នាំនេះ នឹង​ពង្រឹង ចំណង​ទាក់ទង​ជា​បងប្អូន​រវាង​ប្រជាជន​យើង​ទាំងពីរ ហើយ​នឹង​ធ្វើឲ្យ​ស៊ីជម្រៅ​បន្ថែម​ទៀត នូវ​ភាព​ជា​ដៃ​គូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេសយើង​ទាំងពីរ»។

លិខិត​អបអរ​សាទរ របស់​លោក​នាយករដ្ឋមន្ត្រី លី ខឺឈាង នៃ​ប្រទេសចិន ផ្ញើរជូន លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន នៃ​ប្រទេសកម្ពុជា​បាន​បញ្ជាក់​ពី​តម្លៃ​នៃ​ទំនាក់ទំនង ដែល​នាំមក​នូវ​ផល​ប្រយោជន៍​ជាក់ស្តែង​ជា​ច្រើន​ដល់​ប្រជាជន​នៃប្រទេស​ទាំងពីរ​ក្រៅពី​ប្តេជ្ញា​ថា​នឹង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ។

«ចិន​នឹង​បន្ត​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​កម្ពុជា​ក្នុង​ការប្រកាន់​យក​មាគ៌ា​អភិវឌ្ឍន៍​ដែល​សមស្រប​ទៅ​តាមលក្ខខណ្ឌ​របស់ខ្លួន។ ខ្ញុំចង់​ធ្វើការ​ជាមួយ​សម្តេច​ដើម្បី​បន្ត​ពង្រឹង​មិត្តភាព​ជា ប្រពៃណី​រវាង​ចិន កម្ពុជា ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​តាម​ការអនុវត្ត​ជាក់ស្តែង​លើ គ្រប់វិស័យ ហើយ​នឹង​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​ទៅ​កម្រិតថ្មី​មួយ ទៀត»។

ប្រទេសចិន​បាន​ក្លាយ​ជា​ប្រទេស​ដែល​ផ្តល់ជំនួយ​ធំ​ជាងគេ​បំផុត​ដល់កម្ពុជា​ជា​អ្នកវិនិយោគ ដ៏​ធំ​ជាង​គេ​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រប​ពេល​កម្ពុជា​ប្រកាស​គាំទ្រ​នយោបាយ​ចិន​តែ​មួយ​និង​គាំទ្រ​គោល​នយោបាយ​ចិន​លើ​ការ​វាត​ទី​កាន់កាប់​ដែន​ទឹក​ប្រវត្តិសាស្ត្រ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​រួម​ទាំង វៀតណាម ផងដែរ​ដែល​ទាមទារ​ជា​កម្មសិទ្ធ​ដ៏​ចម្រូង​ចម្រាស​ផង​នោះ៕ ប្រភព៖ VOA