ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ចំនួន​២៥៩​លាន​ដុល្លារ​ដើម្បី​ធ្វើផ្លូវ​ថ្មី​មួយនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​មន្ត្រី​កម្ពុជា​និយាយ​ថា​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ឡើង​ដល់​«ដំណាក់​កាល​ល្អ​បំផុត» ។​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែល​កាន់​អំណាច​យូរ​អង្វែង​គឺ​ជា​សម្ព័ន្ធ​មិត្តប្រចាំ​តំបន់​ដ៏​ខ្លាំងក្លាបំផុត​របស់​ប្រទេស​ចិន។​

Loading...

ការ​គាំទ្រ​របស់​ប្រទេស​ចិន​បាន​ជួយ​លោក​ ហ៊ុន សែន​ ក្នុង​ការ​ប្រឈម​នឹង​ការ​រិះគន់​អំពី​អ្វី​ដែល​គូ​ប្រជែង​របស់​លោក​ និង​សហគមន៍​ប្រជា​ធិបតេយ្យ និយាយ​ថា ​ជា​ការ​បំផ្លិច​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​មុន​ការ​បោះ​ឆ្នោត។​

ក្រសួង​ហិរញ្ញ​វត្ថុ​បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​កិច្ច​ព្រម​ព្រៀង​ប្រាក់​កម្ចី​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពីថ្ងៃ​ទី​១០​ ខែ​កក្កដា​រវាង​ធនាគារ​ នីហរ័ណ​អាហរ័ណ​ចិន​ និង​ក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា​ដើម្បី​ស្ថាបនា​ផ្លូវ​ក្រវាត់​ក្រុង​ប្រវែង​៤៧​គីឡូ​ម៉ែត្រ។ ​

សេចក្ដី​ថ្លែង​ការណ៍នេះ​បាន​និយាយ​ថា ​ការ​ចុះ​ហត្ថលេខា​នេះ​បង្ហាញ​ភាពជា​ដៃ​គូយុទ្ធសាស្រ្ត​ថ្មីមួយ​ប្រកប​ដោយ​ផ្លែផ្កា​និង​ទូលំទូលាយ​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា​និង​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន។ កិច្ច​ព្រមព្រៀង​ថ្មី​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ប្រទេស​ចិន​និង​កម្ពុជា​បាន​ប្រារព្ធ​ខួប​លើក​ទី​៦០​ឆ្នាំនៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។​

ក្នុង​លិខិត​មួយ​ផ្ញើទៅ​កាន់​លោក​ហ៊ុន សែន​ កាលពី​ថ្ងៃទី​១៩​ខែ​កក្កដា ​លោក​ Li Keqiang​ នាយក​រដ្ឋមន្ត្រី​ចិន​បាន​មាន​សរសេរ​ថា ​«ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​យ៉ាង​រឹងមាំ​ដល់​ប្រទេស​កម្ពុជា​ដោយ​ការ​អភិវឌ្ឍ»។

លោក​ ហ៊ុន សែន​ រំពឹង​ថា ​នឹង​ឈ្នះ​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ហើយ​នឹង​ពន្យារ​ពេល​កាន់​អំណាច​ជាង ​៣៣​ មក​ហើយ​នេះ​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំមុន​ តាម​សំណើ​របស់​រដ្ឋាភិបាល​ដែល​នាំឱ្យ​មានការ​រិះគន់​ពី​សហគមន៍​អន្តរ​ជាតិ។​ ការ​គាំទ្រ​របស់​ប្រទេស​ចិន​បាន​ជួយ​លោក​ ហ៊ុន សែន​ក្នុង​ការ​ប្រឈម​នឹង​ការ​រិះគន់​អំពី​ការ​បំផ្លិច​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​មុន​ការ​បោះ​ឆ្នោត៕​ ប្រភព៖ VOA