​រាជធានី​ភ្នំពេញ ​៖ ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ របស់​ខ្លួន​ចោទថា បាន​ប្រើប្រាស់​ថវិកា​ជាតិ​មិន​ត្រឹមត្រូវ​ចំ​គោលដៅ ដោយ​មាន​ការ​​ប្រព្រឹត្ត​អំពើ​ពុករលួយ​។ ជាង​នេះ បាន​តម្រូវឱ្យ​ក្រុមគ្រួសារ​អ្នកជំងឺ បង់​តម្លៃ​សេវា​ព្យាបាល​ជំងឺ​កុមារ មាន​តម្រិត​ខ្ពស់​ទៀត​ដែល​បង្ក​ឱ្យ​មាន​ការរិះគន់​ពី​សំណាក់​អា​​ណា​ព្យាបាល​ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ​។​

ប្រភព​ពី​មន្ត្រី​បម្រើការ​នៅក្នុង​មន្ទីរពេទ្យ​នេះ បាន​អះអាង​ថា មន្ទីរពេទ្យ​កុមារ​ជាតិ​ក្រោម​ការដឹកនាំ​ដោយ លោក ញឹប អង្គា​បុស្ស ជា​ប្រធាន​មន្ទីរពេទ្យ​សព្វថ្ងៃនេះ កំពុង​កើតមាន​អំពើពុករលួយ​ធ្ងន់ធ្ងរ​តាមរយៈ​ការកឹបកេង​ថវិកាជាតិ សម្រាប់​ចំណាយ​លើ​ការងារ​ផ្សេងៗ​។ ក្នុង​នោះ​ដូចជា​៖ ទី​១. ការទិញ​សៀវភៅ​សុខភាព​កុមារ ក្នុង​១​ឆ្នាំៗ ត្រូវ​ចំណាយ​​ថវិកា​អស់​ជិត​២០០​លាន​រៀល​។ ទី​២. ចំណាយ​ទិញ​ឯកសារ​គ្លីនិក សម្រាប់​អ្នកជំងឺ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយ​ក្នុង​១​ឆ្នាំៗ ត្រូវ​ចំណាយ​ថវិកា​អស់​មិន​តិច​ជាង​២៥០​លាន​រៀល​ទេ​។ ទី​៣. ចំណាយ​​ទិញ​សម្ភារៈ​បរិក្ខា​ពេទ្យ ដោយ​ក្នុង​១​ឆ្នាំៗ ចំណាយ​ថវិកា​អស់​ខ្ទង់​១០០០​លាន​រៀល រួម​ការចំណាយ​ផ្សេងៗ​ជាច្រើន​មុខ​ថែម​ទៀត សរុប​ទឹកប្រាក់​លើ​ផ្នែក​ទិញ​ទំនិញ​ក្នុង​១​ឆ្នាំៗ មិន​ក្រោម ២៣០០​លាន​រៀល​នោះទេ​។ ចំនួន​នេះ គឺ​មិន​ទាន់​បូក​បញ្ជូល​លើ​ការចំណាយ​ផ្នែក​សំណ​ង់​និង​សេវាកម្ម​ផ្សេង​ទៀត​ផង​។​

​ប្រភព​ពី​មន្ត្រី​មន្ទីរពេទ្យ​កុមារ​ជាតិ​ដដែល បានឲ្យដឹង​ទៀតថា សរុបសេចក្ដី​ការចំណាយ​មួយចំនួន នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​គ្រាន់តែ​ជា​តួលេខ ដែល​លោក​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ ញឹប អង្គា​បុស្ស​ ​និង​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ អ៊ុង សាវុធ និង​ប្រធាន​អង្គភាព​លទ្ធកម្ម ហ៊ី ចាន់​សុភា​វី បាន​ឃុបឃិត​គ្នា​បំប៉ោង​គម្រោង​ចំណាយ ប្រយោជន៍​ដើម្បី​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​តែ​ប៉ុ​​ណ្ណោះ ប៉ុន្តែ​ធាតុពិត គឺ​ពោរពេញ​ទៅ​ដោយ​ភាពមិនប្រក្រតី​។ តួយ៉ាង​ដូចជា​ការចំណាយ​លើ​ការទិញឯកសារ​គ្លីនិក​សម្រាប់​អ្នកជំងឺ​សម្រាក​ពេទ្យ ដោយ​ក្នុង​១​ឆ្នាំៗ ត្រូវ​ចំណាយ​​ថវិកា​អស់​មិន​តិច​ជាង ២៥០​លាន​រៀល​។ ក្នុង​ឯកសារ​១​ច្បាប់ បើ​ទិញ​នៅ​ទីផ្សារ ឬ​ជួល​រោង​ពុម្ភ​បោះ​ពុម្ភ គឺ​មាន​តម្លៃ​មិន​លើសពី ៥០០​រៀល​នោះ​ទេ ចុះ​ប្រាក់​២៥០​លាន​រៀល បើ​ទិញ​ក្រដាស​បាន​ស្មើ​ប្រាំ​លាន​ច្បាប់​។​

ប្រភព​ដដែល បានឲ្យដឹង​ទៀតថា អីចឹង​ទាល់តែ​នៅ​មន្ទីរពេទ្យ​ក្នុង​១​ឆ្នាំៗ ទទួលបាន​អ្នកជំងឺ​ប្រាំ​លាន​នាក់​ដែរ ទើប​ត្រូវ​នឹង​ការចំណាយ​ក្នុង​គម្រោង​ខាងលើ​។​ ​ប្រភព​បាន​រៀបរាប់​ថា តាម​ដឹង​សាច់​រឿង​ខាងលើ​ត្រូវ​ការទិញ​ឯកសារ​គ្លីនិក និង​បោះពុម្ភ​សៀវភៅ គឺ​គេ​បាន​រៀបចំ​ឈុត​ឆាក​លទ្ធកម្ម​ក្លែងក្លាយ ហើយ​តម្លៃ​ ​នៃ​ការទិញ​ខ្ពស់កប់ពពក​។​

ចំណែក​សៀវភៅ​សុខភាព​កុមារ គេ​បោះពុម្ភ​មិន​លើសពី​៥០០០​ច្បាប់​ទេ សម្រាប់​ចែក​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល អង្គការក្រៅ​រដ្ឋាភិបាល ក្រុម​​អធិការកិច្ច​។ រីឯ​ក្រុម​គ្រួសារ​កុមារ​អ្នកជំងឺ​គេ​មិន​ងាយ​ចែក​ឱ្យ​មើល​នោះ​ទេ គឺ​ទាល់តែ​យូរ​ទើបបាន​…​។ ដូច្នេះ​ករណី​នេះ​គឺជា​រឿង​មិន​ប្រក្រតី​ធ្ងន់ធ្ងរ ដែល​ចាំបាច់​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សុខា​ភិ​​បាល​- ថ្នាក់​ដឹកនាំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ថ្នាក់​ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត គួរ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្គេត និង​ស្រាវជ្រាវ​លើ​ករណី​ខាងលើ​នេះ​ជាបន្ទាន់ ដើម្បី​ស្វែងរក​ការពិត​។

​ឆ្លើយតប​ការបោទប្រកាន់​ខាងលើ លោក ញឹប អង្គា​បុស្ស បាន​បកស្រាយ​ថា ខ្ញុំ​ចង់​ជម្រាប​ជូន​យ៉ាង​ខ្លី​ថា ត្រឹម​ការងារ​ដឹកនាំរ​បស់​ខ្ញុំ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ មន្ទីរពេទ្យ​កុមារ​ជាតិ មានការ​​រីកចម្រើន​យ៉ាង​ណា​ខ្លះ​? អ្នក​ណា​មើលឃើញ​ហើយ​ការចាយវាយ​ថវិកា​របស់​រដ្ឋ ត្រូវ​គោរព​តាម​គោល​ការចំណាយ​ថវិកា របស់​រដ្ឋាភិបាល ត្រឹមត្រូវ​និង​តាមរយៈ​គណនេយ្យ​មាន​អ្នកត្រួតពិនិត្យ រាល់​ការ​ចំណាយ​ពី​ក្រសួង​ហិរញ្ញវត្ថុ ប្រចាំ​មន្ទីរពេទ្យ​ត្រួតពិនិត្យ​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​។ ការងារ​ខ្លះ​ខ្ញុំ​ត្រូវ​សុំ​គោល​ការចំណាយ​ជាមុន​។ ដូច្នេះ រាល់​ការដេញថ្លៃ មាន​គណៈកម្មការ​​ដេញថ្លៃ​ត្រឹមត្រូវ និង​មាន​ការសុំ​គោល​ការចំណាយ​ជាមុនៗ នឹង​ដេញ​ថ្ងៃ​។ ហើយ​ថា នៅពេល​ដេញថ្លៃ​មាន​តំណាង​មកពី ក្រសួង​សុខាភិបាល ពី​ក្រសួង​សេដ្ឋកិច្ច ពី​អេស៊ី​យូ​(ACU) ចូលរួម​។​

លោក​បន្ត​ទៀត​ថា ម្យ៉ាង​ទៀត​ជា​រៀងរាល់ឆ្នាំ មាន​អធិការកិច្ច​យ៉ាងតិច​ពី​ប្រាំ​ទៅ​ប្រាំ​មួយក្រុម ពី​គ្រប់​ស្ថាប័ន​ចុះមក​ធ្វើ​អធិការកិច្ច​។ បើ​ខ្ញុំ​ប្រព្រឹត្ត​ដូច​ច្នេះ​មែន តើ​​មន្ទីរពេទ្យ​នេះ មាន​ការរីកចម្រើន​ដូច្នេះ​ទេ​? បើ​ប្រៀប​ដូច​មតិ​អគតិ​មួយចំនួន ដែល​តែងតែ​ចោទប្រកាន់​រដ្ឋា​ភិបាល​ថា ដឹកនាំ​ប្រទេស​កាន់តែ​ក្រ​ទៅៗ​ដូច្នេះ​ដែរ​។​

​សូម​រំលឹក​ថា លោក​វេជ្ជបណ្ឌិត ញឹប អង្គា​បុស្ស ជា​មន្ត្រី​មកពី មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ ជំនួស​លោក​​សាស្រា្តចារ្យ​មហា​បរិញ្ញា ក្តា​ន់ យុ​វុត្ថា ដែល​ត្រូវ​ចូល​និវត្ត ដែល​ពិធី​ផ្លាស់​ប្តូរ​នោះ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៣ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ក្រោម​អធិបតី ភាព​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​៕