ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗមួយចំនួន បានចាប់ផ្តើមធ្វើការកែប្រែ នៅលើគេហទំព័រអ៊ីនធើនែតរបស់គេរៀងៗខ្លួន ដោយបានលប់កោះតៃវ៉ាន់ ចេញពីតារាង នៃប្រទេសគោលដៅធ្វើដំណើរដាច់ដោយឡែក ហើយដាក់ជំនួសវិញ ថាជាដែនដីផ្នែកមួយរបស់ប្រទេសចិន។ រដ្ឋាភិបាលកោះតៃវ៉ាន់ បានបរិហារថា ការសម្រេចទាំងនេះគឺជារឿងអយុត្តិធម៌ ហើយថាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ត្រូវបានរដ្ឋាភិបាល​ចិនដីគោក គំរាមសំឡុត។

ចាប់ពីថ្ងៃទី២៥កក្កដា ២០១៨ កោះតៃវ៉ាន់ លែងត្រូវបានទទួលស្គាល់ ជាដែនដីមួយឯករាជ្យទៀតហើយ​ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ មួយចំនួន។ នៅលើគេហទំព័រអ៊ីនធើនែត របស់ក្រុមហ៊ុនអាកាសចរចណ៍ទាំងនោះ គឺគេមិនអាចស្វែងរកទីក្រុងតៃប៉ិះ នៅកោះតៃវ៉ាន់ ដើម្បីកំណត់ជាគោលដៅនៃការធ្វើដំណើរបានទៀតឡើយ។ ចាប់ពីពេលនេះទៅ ដែនដីតៃវ៉ាន់ ត្រូវភ្ជាប់ជាមួយនឹងពាក្យថា ប្រទេសចិន នៅពីខាងក្រោយ « Taiwan, China »។

សូមរំលឹកថា ​​ថ្ងៃទី២៥កក្កដា គឺជាថ្ងៃឱសានុវាទ ដែលរដ្ឋាភិបាលចិន បានដាក់កំហិត ថាក្រុមហ៊ុនអាកាសចរណ៍​អន្តរជាតិ ត្រូវតែធ្វើកែប្រែ បើសិនជាចង់បន្តរកស៊ីជាមួយចិនតទៅទៀត។ សម្រាប់ចិន​ តៃវ៉ាន់គឺជាខេត្តមួយ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន ដូចខេត្តផ្សេងៗ។ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ មិនអាចបន្តដាក់កោះតៃវ៉ាន់ នៅដោយឡែក ដាច់ពីដែនដីចិន នៅក្នុងតារាងប្រទេសគោលដៅធ្វើដំណើរ ឬទីតាំង​ចេញដំណើរនោះទេ។

គួរបញ្ជាក់ថា កន្លងមកក្រុមហ៊ុនអាកាសចរណ៍ភាគច្រើន បានធ្វើតាមការចង់បានរបស់ចិន។ មានតែក្រុមហ៊ុនអាកាសចរណ៍អាមេរិក មួយចំនួនប៉ុណ្ណោះ ដែលមិនព្រមធ្វើតាម។ តែយ៉ាងណា កាលពីថ្ងៃ២៥កក្កដា​នេះ ក្រុមហ៊ុនអាកាសចរចណ៍ធំៗរបស់អាមេរិក មានដូចជា American Airlines United Airlines និង Delta Airlines ជាដើមបានបញ្ជាក់ថា គេនឹងធ្វើតាមការទាមទារ របស់រដ្ឋាភិបាលចិនដីគោក។ ដូចគ្នាដែរ ក្រុមអាកាចរណ៍​ហុងកុង Cathay Pacific Airlines ក្រុមហ៊ុន Air France British Airways Lufthansa Finnair​ ជាដើម​ សុទ្ធតែបានធ្វើការកែប្រែ ដោយឈប់ចាត់ទុកកោះតៃវ៉ាន់ ឲ្យនៅដាច់ដោយឡែកពីប្រទេស​ចិន។

លោកGeng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានអបអរសាទរ ចំពោះការសម្រេចរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិទាំងនេះ។ លោកលើកឡើងថា រដ្ឋាភិបាល​ចិន គោរពច្បាប់អន្តរជាតិនិងទីផ្សារសេរី ជាមួយនឹងក្រុមហ៊ុនទាំងអស់ ដូច្នេះជាថ្នូរវិញ ក្រុមហ៊ុនដែលរកស៊ីនៅចិនទាំងអស់​ ក៏ត្រូវតែគោរពច្បាប់ស្រុករបស់ចិនដែរ។

ដោយឡែក ក្រសួងការបរទេសកោះតៃវ៉ាន់ បានថ្កោលទោសការទាមទាររបស់រដ្ឋាភិបាល​ចិននេះ ថាគឺជាចរិក​ព្រហើនក្អេងក្អាង។ តៃវ៉ាន់បរិហារថា រដ្ឋាភិបាលចិនដីគោក បានប្រើកម្លាំងសេដ្ឋកិច្ច និងទីផ្សារបស់ខ្លួន យកទៅគំរាមសំឡុត ក្រុមហ៊ុនអាកាសចរណ៍​បរទេស ឲ្យធ្វើតាមការចង់បានដ៏ហួសហេតុ​របស់ខ្លួន។ លោក Kolas Yotaka អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ បានលើកឡើងថា ទោះចិនទទួលបានឬមិនទទួលបាន តែតៃវ៉ាន់គឺជាកោះឯករាជ្យ មានរបបដឹកនាំបែបប្រជាធិបតេយ្យ តាំងតែពីឆ្នាំ១៩៤៩មកម្លេះ។ មន្ត្រីតៃវ៉ាន់ម្នាក់នេះ បានអំពាវនាវ ឲ្យសហគមអន្តរជាតិ​ ជួយគាំទ្រកោះតៃវ៉ាន់ មិនត្រូវចាញ់ការសំឡុត​គំរាម របស់ចិនប៉េកាំងជាដាច់ខាត៕ ប្រភព៖ RFI