វ៉ាស៊ីនតោន —ក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ​នៅ​ទូទាំង​ពិភពលោក​ នឹងធ្វើ​បាតុកម្ម​ព្រមៗ​គ្នា ​ប្រឆាំង​នឹង​ការបោះឆ្នោត​ជាតិ​ដោយ​ទទូច​សុំ​ពលរដ្ឋ​កម្ពុជា កុំឱ្យចេញ​ទៅបោះឆ្នោត​ និង​ទាមទារ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ កុំ​ទទួលស្គាល់​លទ្ធផល​ឆ្នោតនេះ។​

បាតុកម្ម​ នឹង​រៀបចំ​ឡើង​នៅថ្ងៃទី២៨ និង២៩ខែ​កក្កដា​ គឺស្រប​ពេលដែល​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេសកម្ពុជា​ នឹង​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​អណត្តិ​ទី​៦នៅថ្ងៃ​អាទិត្យ​នេះ។ វា​ជា​ការបោះឆ្នោត​មួយ​ ដែលរងការរិះគន់​ជាអន្តរជាតិ​ដោយសារ​គ្មាន​វត្តមានគណបក្ស​សង្គ្រោះ​ជាតិចូលរួម។

នេះ​ គឺ​ជា​ការ​ជំរុញ​ចុងក្រោយ​មួយ​របស់​អតីត​គណបក្ស​ប្រឆាំង បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​យុទ្ធនាការការទូត​នៅ​ឆាក​អន្តរជាតិ​ជាច្រើន​ខែ​ ក្រោយពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ហាមឃាត់​មន្ត្រី​គណបក្ស​ចំនួន​១១៨នាក់​ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ។

លោក​ស្រី ណាឡែន ស្មីត ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ប្រាប់​ VOA ថា៖

«បាតុកម្ម​នេះ​គឺ​ជា​ការប្រឆាំង​នឹង​ការបោះឆ្នោត​ក្លែង​ក្លាយ​របស់​រដ្ឋាភិបាល​នៅ​ស្រុក​ខ្មែរ។ យើង​ធ្វើនេះ​គឺ​ចង់​បង្ហាញ​ការគាំទ្រ​របស់​បងប្អូននៅស្រុក​ក្រៅ​ដល់​បងប្អូន​នៅ​ក្នុង​ស្រុក​ដើម្បី​ឱ្យ​បង​ប្អូនធ្វើ​ពហិការ​កុំ​ទៅបោះឆ្នោត។ សូមកុំ​ទៅបោះឆ្នោត​ឱ្យ​សោះ‍»។

មាន​គណបក្ស​នយោបាយចំនួន​២០​ កំពុង​តែធ្វើ​យុទ្ធនាការ​ឃោសនាប្រកួត​ប្រជែងគ្នា​ ដើម្បី​ដណ្តើម​អាសនៈ​សភា​ចំនួន​១២៥​ និង​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុនសែន ​ដែល​កាន់អំណាច​ជិត​៤០ឆ្នាំ​ ត្រូវ​បាន​គេ​រំពឹង​ថា ​អាច​នឹង​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ច្រើន​ និង​ដោយ​ងាយស្រួល​ដោយ​សារតែ​គ្មាន​គូប្រជែង​ណា ​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​ដូច​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៣។​

លោក អ៊ុង ឫទ្ធី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​ បាន​បញ្ជាក់​ថា​ បាតុកម្ម​នេះ​ នឹង​មាន​រៀបចំ​ធ្វើ​នៅ​តាម​រដ្ឋ​ជាច្រើន​ក្នុង​សហរដ្ឋ​អាមេរិក ​ដែល​មាន​ដូច​ជានៅរដ្ឋ​កាលីហ្វញ៉ា ​វ៉ាស៊ីនតោនស្តេត​ ​ញ៉ីវយ៉កនិង​ប្រទេស​កាណាដា​ជាដើម។ លោក​បាន​បន្ថែម​ថា ​សហគមន៍​អន្តរជាតិ​ក៏​មិន​គាំទ្រ​ការបោះឆ្នោត​នេះ​ទេ​ ហើយ​ប្រទេស​កម្ពុជា​អាច​នឹង​មាន​បញ្ហា​ខាងសេដ្ឋកិច្ច ​និង​នយោបាយនៅ​ក្រោយ​ពី​ការបោះឆ្នោត។

លោក​បាន​បន្ថែម​ថា៖

«អាមេរិក​គឺ​ច្បាស់​ហើយ​គឺដូច​លោក​អាឡាំង លូវឹនសល​នឹង​ចេញ​សេចក្តី​ប្រកាស​ហើយ​នឹង​ចូលរួម​បាតុកម្ម​ផង​ដែរ​ហើយ​យើង​ឃើញ​ថា​សហភាព​អឺរ៉ុប​ក៏បាន​ចេញ​សេចក្តី​ប្រកាស​ហើយដើម្បី​ដាក់​សម្ពាធ​ខាងសេដ្ឋកិច្ច​និង​ខាង​ពាណិជ្ជកម្ម​ធ្វើ​យ៉ាងម៉េច​ឱ្យ​មន្ត្រី ​លោក​ហ៊ុនសែន​ឱ្យ​យល់​ថា​គេ​មិន​ពេញ​ចិត្ត​នឹង​ការបោះឆ្នោត​ដែល​នឹង​ធ្វើ​ឡើង​សព្វថ្ងៃ​នេះ​ព្រោះ​ថា​ជា​ការបោះ​ឆ្នោតមួយក្លែងក្លាយ​មិន​យុត្តិធម៌​ហើយ​គ្មាន​ការចូលរួម​ពី​គណបក្ស​ធំ​ដែល​សម​ជាដៃគូ​ប្រកួត​ប្រជែង​យក​សន្លឹកឆ្នោត​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ‍»។

លោក ​អាឡាំង លូវឹនសល​ គឺជា​អ្នកតំណាងរាស្រ្ត​អាមេរិកាំង​ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​កម្ពុជាក្នុង​នោះ​មានការ​អំពាវនាវ​ឱ្យ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​តាម​លទ្ធិប្រ​ជា​ធិបតេយ្យ​ជាដើម។​

សហគមន៍​អឺរ៉ុប ​និង​សហរដ្ឋ​អាមេរិក​បាន​ដកខ្លួន​ចេញ​ពី​ការគាំទ្រ​ការបោះឆ្នោត​លើកនេះ​ហើយ​សហគមន៍​អឺរ៉ុប​កំពុងតែ​ពិនិត្យ​មើល​ឋានៈ​អនុគ្រោះពន្ធ​«រាល់មុខ​ទំនិញ​លើកលែង​តែ​អាវុធ‍»​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​ដើម្បី​នាំ​ទំនិញ​ចូល​ទីផ្សា​រ​របស់​ខ្លួន​ដោយសារ​លក្ខខណ្ឌ​ក្នុងការ​ទទួល​បាន​ឋានៈ​នេះ​មាន​ភ្ជាប់​នឹង​ការគោរព​សិទ្ធិ​មនុស្ស។ មានតែ​ប្រទេស​ជប៉ុន​មួយ​ទេ​ជា​ប្រទេសប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យដែល​នៅ​បន្ត​គាំទ្រ​ខាងផ្នែក​បច្ចេកទេស​ដល់​គណៈ​កម្មា​ធិ​ការជាតិ​រៀបចំ​ការបោះឆ្នោត។ ប៉ុន្តែ​ជប៉ុន​ទើប​តែ​បាន​ប្រកាស​នៅ​ថ្ងៃពុធ​ថា​នឹង​មិន​បញ្ជូន​អ្នកសង្កេតការណ៍ទៅ​ចូលរួម​ក្នុង​ការបោះឆ្នោត​នៅ​កម្ពុជា​ទេ។ នេះ​បើ​តាម​ការប្រកាស​របស់​លោក​Yoshihide Suga ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។​ មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​ម្នាក់​បាន​និយាយ​បន្ថែម​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រថា​ការសម្រេចចិត្តនេះ​ធ្វើឡើង​បន្ទាប់​ពី​ជប៉ុន​បាន​ពិចារណា​សព្វ​ជ្រុង​ជ្រោយពី​ស្ថានការណ៍នៅ​កម្ពុជា។ ​

លោក ​ហៃ វណ្ណា​ ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​ជប៉ុន​ ដែល​បាន​ដឹកនាំ​បាតុកម្មក្នុង​ពេល​កន្លង​មក​ដើម្បី​ទាមទារជប៉ុន ឱ្យដក​ការគាំទ្រ​បាន​ប្រកាស​ថា​លោក​នឹង​ដឹកនាំ​បាតុកម្ម​មួយ​ទៀត​នៅ​ថ្ងៃ​បោះឆ្នោត​ ដើម្បី​ជំរុញ​ទឹកចិត្ត​ពលរដ្ឋ​កុំ​ទៅបោះឆ្នោត។

លោក​បាន​បន្ថែម​ថា៖

«អ្វី​ដែល​ផ្តោត​សំខាន់​ជាង​គេ​គឺ​យើង​ចង់ប្រាប់​ពិភពលោក​ថា​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ជប៉ុន​គឺ​មិន​ទទួលស្គាល់​ការបោះឆ្នោត​នេះ​ទេ​ហើយ​យើង​ក៏​នឹង​មិន​ទទួល​ស្គាល់​លទ្ធផលឆ្នោត​ជាពិសេស​យើង​មិន​ទទួលស្គាល់​រដ្ឋាភិបាល​ប្រសូត​ចេញ​ពីការ​បោះឆ្នោត​ក្លែងក្លាយ​នេះ​ទេ​ហើយ​បន្ទាប់​មក​ទៀត​យើង​ធ្វើ​បាតុកម្ម​នេះ​គឺ​ចង់​ប្រាប់​ឱ្យ​អន្តរជាតិ​ជាពិសេស​គឺ​ជប៉ុន​ថា​យើង​សុំ​ឱ្យ​ជប៉ុន​និង​អន្តរជាតិត្រៀមខ្លួន​ប្រកាស​ជា​ផ្លូវការ​មិន​ទទួល​ស្គាល់​លទ្ធផល‍»។​

រីឯ​នៅ​សហគមន៍​អឺរ៉ុប​ក្បួន​បាតុកម្ម​នឹង​រៀបចំឡើង​នៅ​ប្រទេស​បារាំង ​អាល្លឺម៉ង់និង​ប្រទេស​ស្វីស​។

លោក​សុខ សុផាត​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​បារាំង​បាន​បញ្ជាក់​ថា​បាតុកម្ម​នឹង​ធ្វើ​ឡើង​នៅ​ខាងមុខ​ស្ថានទូតខ្មែរ​នៅ​ទីក្រុង​ប៉ារីស៖

«ចំពោះខ្ញុំ​ដែល​នៅ​ឯនាយ​សមុទ្រគឺ​ជួយបងប្អូន​គឺ​ធ្វើ​បាតុកម្ម​នេះ​ជា​សក្ខីភាព​នឹង​ជួយ​បងប្អូន​។ ទីពីរ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​មាន​សម្ពាធ​អន្តរជាតិ​។ ដូច្នេះ​បងប្អូន​នៅស្រុកណា​ដូច​ជា​នៅ​បារាំង​គឺ​ធ្វើ​កិច្ច​ការ​ដាក់សម្ពាធ​ខាងការទូត​ឱ្យ​បារាំង​ជួយ​បងប្អូន។ អ្នកនៅ​ប្រទេស​ដទៃ​ៗ​ទៀត​ក៏​ធ្វើ​ដូច​គ្នា​។ ដូច្នេះ​ហើយ​អី​ចឹង​បាន​ពេលនេះ​សម្ពាធ​អន្តរជាតិ​គឺ​ខ្លាំងណាស់​គឺធ្វើ​ម៉េច​ឱ្យ​អ្នក​ដឹកនាំ​ខ្មែរាល់ថ្ងៃហ្នឹង​ប្តូរ​នយោបាយ‍»។​

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ដឹកនាំ​ធ្វើ​យុទ្ធនាការ​មួយ​ហៅថា«ម្រាមដៃស្អាត‍»ដើម្បី​សុំ​ពលរដ្ឋ​ឱ្យ​ធ្វើ​ពហិការ​ការបោះឆ្នោត​នេះ។ សកម្មជន​និង​អ្នកគាំទ្រ​បាន​ថត​ជា​រូបថត​ម្រាម​ដៃ​គ្មាន​ប្រឡាក់​ទឹកខ្មៅហើយ​បង្ហោះ​តៗ​គ្នា​តាម​បណ្តាញ​សង្គម​ដោយសារតែ​ពួកគេ​មិន​មាន​បណ្តាញ​ឃោសនានៅ​ក្នុង​ប្រទេស។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​សម្ពាធ​លើអ្នកបោះឆ្នោត​ដោយ​បាន​ប្រកាស​ប្តឹង​អ្នក​អ្នក​ដែល​ហ៊ាន​ចូលរួម​យុទ្ធនាការ​នេះ​ហើយ​ក៏​មាន​ការបង្ក​ការលំបាក​ដល់​គណបក្ស​មិន​ចំណុះ​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​ផងដែរ។​

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​អ្នកតាម​ដាន​នយោបាយ​មើលឃើញ​ថា​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​គណបក្ស​កាន់អំណាចបានត្អូញត្អែ​ពី​ការយាយី​រំខាន​ទាំងនេះ​ប៉ុន្តែប្រកាស​បន្ត​យុទ្ធនាការ​និង​ចូលរួម​ការបោះឆ្នោត​បើទោះបីជា​ជួបការលំបាកខ្លះ​បង្កឡើងដោយ​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ។

លោក​ យ៉ង សាំងកុមារ ​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​ក៏យើង​សម្រេចចិត្ត​បន្ត​ចូលរួម​ក្នុងការបោះឆ្នោត​ហ្នឹង​ជាពិសេស​បន្ត​យុទ្ធនាការ​ការបោះឆ្នោត​ទៅមុខ​ទៀត​ដោយសារទីមួយ​បញ្ហា​ដែល​យើង​ជួប​ប្រទះ​ត្រូវ​បាន​កែលម្អ​ក្នុង​រយៈពេល​បួន​-ប្រាំថ្ងៃចុងក្រោយនេះ​ហើយ​ទីពីរ​នៅ​ពេល​ដែល​យើង​ទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ច្រើន​កន្លែង​ទៅ​ឃើញ​ថា​ប្រជាពលរដ្ឋ​ភាគច្រើន​គាត់សម្តែងការ​គាំទ្រ​ហើយ​គាត់​ចង់​ទៅ​បោះឆ្នោតហើយ​គាត់​គិត​ថា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គឺជា​ជម្រើស​ថ្មីមួយ​របស់​គាត់។ ណា​មួយ​ទៀត​យើង​បាន​ជួប​តំណាង​សហគមន៍​អន្តរជាតិ​ហើយ​គ្មាន​ប្រទេស​ណាមួយ​បញ្ជាក់​ជំហរ​ថា​គេ​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​នេះទេ‍»។​

យ៉ាងណាក៏ដោយ ​អ្នកវិភាគ​ឯករាជ្យ​នានា​រំពឹង​ថា​អ្នកដែល​ចេញ​មក​បោះឆ្នោត​លើកនេះ​អាច​មិន​ច្រើន​ដូច​ការបោះឆ្នោត​ក្នុង​ពេល​កន្លង​មក​ទេ​ដោយ​សារ​ការអំពាវនាវ​របស់​គណបក្ស​សង្គ្រោះជាតិ​នឹង​នៅ​តែ​មាន​ប្រសិទ្ធភាព​លើ​អ្នក​ដែល​ធ្លាប់​បោះឆ្នោត​គាំទ្រ​បក្ស​នេះ​ក្នុង​ពេល​កន្លងមក។

អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​កំពុងតែ​ពិនិត្យមើល​សេចក្តី​ព្រាងច្បាប់​ថ្មីមួយ​លេខ​៥៧៥៤​ដើម្បី​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ណា​ដែល​បានចូលរួម​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

បើ​យោង​តាម​មន្ត្រីគណបក្ស​សង្គ្រោះជាតិ​គឺ​សេចក្តី​ព្រាងច្បាប់​នេះ​មិន​ទាន់​បាន​សម្រេច​មុន​ការបោះឆ្នោត​នេះ​ទេ។ ប៉ុន្តែ​ពួកគេ​សង្កត់​ធ្ងន់​ថា​ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​តិច​ឬ​ច្រើន​អាច​ជា​កត្តា​ជំរុញ​ដល់​ការសម្រេច​ចិត្ត​មួយ​ចំនួន​ថែម​ទៀត​របស់​សហគមន៍​អន្តរជាតិ​ផងដែរ៕ ប្រភព៖ VOA