បញ្ហា​ពន្ធគយ​ត្រូវ​បាន​គេ​កំណត់​ថា ជា​ក្នុង​របៀប​វារៈ​អាទិភាព​នៅ​ក្នុង​ជំនួប​នៅ​ថ្ងៃ​ពុធ​រវាង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ និង​លោក Jean-Claud Juncker ​ប្រធាន​គណៈកម្មការ​អឺរ៉ុប។

​លោក Juncker អញ្ជើញ​មក​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដោយ​ក្តី​សង្ឃឹម​ថា ​សហ​ភាពអឺរ៉ុប​អាច​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម​ដោយ​ជំរុញ​ឲ្យ​ប្រធានាធិបតី​ត្រាំ​បញ្ឈប់​ការ​យក​ពន្ធ គយ​លើ​រថយន្ត​របស់​អឺរ៉ុប។ ការ​យក​ពន្ធគយ​លើ​រថយន្ត ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ឧស្សាហកម្ម​រថយន្ត​ប្រទេស​អាល្លឺម៉ង់ ហើយ​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ត្រាំ​បាន​យក​ពន្ធគយ​លើ​ការ​នាំ​ចូល​អាលុយមីញ៉ូម ​និង​ដែក​ថែប។

ក៏ប៉ុន្តែ មុន​ពេល​ជំនួប​នោះ ​ប្រធានា​ធិបតី​ត្រាំ​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ​ភាគី​ទាំង ២​នឹង​មាន​កិច្ច​ព្រម​ព្រៀង​បន្ទាប់​ពី​មេដឹកនាំ​សហរដ្ឋ​អាមេរិក​បាន​គំរាម​យក​ពន្ធគយ​កាន់​តែ​ច្រើនឡើង​លើ​ដៃគូ​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ Twitterកាល​ពី​យប់​ថ្ងៃ​អង្គារ ​ប្រធានាធិបតី​ត្រាំ ​បាន​និយាយថា ​ទាំង​ភាគីសហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ត្រូវ​ទម្លាក់​ចោល​ការ​យក​ពន្ធ​គយ ឧបសគ្គ​នានា​និង​ប្រាក់​ជួយ​ឧបត្ថម្ភ​ទាំងអស់។

ប្រធានាធិបតី​ត្រាំ​បាន​និយាយថា «ការណ៍​នេះ​នៅ​ទីបញ្ចប់​ត្រូវ​បាន​គេ​ហៅ​ថា ទីផ្សារ​សេរី​ ហើយ​និង​ពាណិជ្ជ​ត្រឹមត្រូវ។ យើង​សង្ឃឹម​ថា ​ពួកគេ​នឹង​ធ្វើ​វា។ យើង​បាន​ប្រុង ប្រៀប​ខ្លួន​ហើយ ក៏ប៉ុន្តែ ​ពួកគេ​មិន​បាន​ប្រុងប្រៀប​ខ្លួន​ទេ»។

លោក​ត្រាំ ​បាន​ត្អួញ​ត្អែរ​ម្តង​ទៀត​ថា ​ពិភពលោក​ចាត់​ទុក​សហរដ្ឋ​អាមេរិក​ដូចជា​ឃ្លាំង​ប្រាក់​ដែល​មនុស្ស​គ្រប់​រូប​ចូល​ចិត្ត​ប្លន់៕ ប្រភព៖ RFI