ប្រទេស​អេស្តូនី​ បានក្លាយ​ទៅជា​ប្រទេស​អឺរ៉ុប​ដំបូងគេ​ ដែល​ផ្តល់​ការ​ធ្វើដំណើរ​តាម​រថយន្ត​សាធារណៈ​ដោយ​ឥត​គិតថ្លៃ​ នៅ​ស្ទើរ​តែ​ពាសពេញ​ផ្ទៃប្រទេស​។ គោលនយោបាយ​នេះ​ ត្រូវបាន​ធ្វើឡើង​ ក្នុង​គោលបំណង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ពី​ជនបទ​មក​ទីក្រុង​ និង​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​។

Loading...

លោកស្រី​ Kadri Simson រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​អេស្ដូនី​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារំាង​ AFP​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៦ កក្តដា ​ថា​ សេវា​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​តាម​រថយន្ត​សាធារណៈ​ ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ជា​លក្ខណៈ​ថ្នាក់ជាតិ​។ ហើយ​គោលដៅ​ចម្បងនោះ​គឺ​ ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យពលរដ្ឋ​អេស្ដូនី​គ្រប់រូប ​អាច​ទទួល​បាន​សេវារថយន្តក្រុងឥតគិតថ្លៃ និងគ្រប់ទីកន្លែង​ នៅទូទាំងផ្ទៃប្រទេស ​​ ព្រមទាំង​ជារៀងរាល់​ថ្ងៃ​។

មួយវិញទៀត​ កម្មវិធី​នេះ​ ក៏​ត្រូវ​បាន​បង្កើតឡើង​ផងដែរ​ ដើម្បី​ជួយ​ប្រទេស​អេស្តូនី​ឱ្យ​សម្រេច​តាម​គោលដៅ​របស់​សហភាពអឺរ៉ុប​ ក្នុងការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់​។ បន្ថែម​លើនេះ​ ដើម្បី​សម្រេច​គោលបំណង​ខាងលើ​ កាល​ពី​ឆ្នាំ​២០១៧​ កន្លងទៅ​ រដ្ឋសភា​អេស្តូនី​បាន​សម្រេច​ កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ទនៈ​ របស់​ប្រទេស​ផងដែរ​ ។

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហេដ្ឋារចនាសម្ព័ន្ធ​អេស្ដូនី​ បាន​បន្ថែមថា​ រដ្ឋាភិបាល​ខិត​ខំ​រិះរក​វិធី​យ៉ាងណា​ ដើម្បី​លើក​ទឹកចិត្ត​ប្រជាជន​របស់​ខ្លួន​ឱ្យ​ធ្វើដំណើរ​តាម​រថយន្តក្រុង ហើយ​វិធី​នេះ​អាច​ជួយ​កាត់បន្ថយ​ការ​ប្រើប្រាស់​រថយន្ត​ឯកជន​បាន​ច្រើន​។

ស្របពេល​ដែល​រដ្ឋ ​ដាក់ឲ្យមាន​ការប្រើប្រាស់​ រថយន្តក្រុង​ ដោយ​មិនបាច់​បង់ប្រាក់​ មាន​សំណួរ​មួយ​ចោទ​ឡើងថា​តើ​វា​អាច​ប៉ះពាល់​ដល់​សេវាដឹកជញ្ជូន​ដោយ​រថភ្លើង​ឬ​យ៉ាងណា​? តាមពិតទៅ​ ការជិះ​រថយន្ត​សាធារណៈ​ ដោយ​ឥត​គិតថ្លៃ​នៅក្នុង​ប្រទេស​អេស្តូនី​ មាន​តំាង​ពី​ឆ្នាំ​២០១៣​ មកម្ល៉ោះ​ ប៉ុន្តែ​មាន​តែ​នៅ​ក្នុង​រដ្ឋធានី​Tallinn ។

ទោះជាយ៉ាងណាក្តី​ មាន​អ្នក​រិះគន់​ បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ដែលថា​ សេវា​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​របស់​រដ្ឋាភិបាល​នេះ​ អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ចរាចរណ៍​តាម​បណ្តាញ​ផ្លូវ​ដែក​។

ឆ្លើយតប​នឹង​ការព្រួយបារម្ភ​ខាងលើ​ ទីភ្នាក់ងារ​ប្រតិបត្តិការ​ផ្លូវ​ដែក​ បាន​អះអាង​ថា​ មិនមាន​អ្វី​គួរឲ្យ​បារម្ភ​ ដូច​មតិ​រិះគន់​នោះ​ទេ​។ ភ្នាក់ងារ​ប្រតិបត្តិការ​ផ្លូវដែក​ អេស្តូនី​ ថែមទាំង​បាន​អួត​វិញ​ថា​ ចំនួន​អ្នក​ដំណើរ​របស់​ខ្លួន​បាន​កើន​ឡើង​ចំនួន​ ៨ ​ភាគរយ​ ទៀតផង​នា​ឆ្នាំនេះ​ បើ​គិតត្រឹម​ខែ​កក្តដា​នេះ​៕ ប្រភព៖ RFI