ភ្នំពេញ —ក្រុមអង្គការ​សិទ្ធិមនុស្ស​អន្តរជាតិធំៗ​ពីរ​ ​បាន​រិះគន់​លើ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ដែល​ពួក​គេ​យល់​ថា​ ​ជា​ទង្វើ​ក្បត់​ឆន្ទះ​ប្រជារាស្ត្រ​ខ្មែរ​និង​បើកផ្លូវ​ឲ្យ​មេដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ បាន​បន្ត​អំណាច​ដ៏យូរ​របស់​ខ្លួន​ទៀត​តែ​ប៉ុណ្ណោះ។​ ​នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ដែល​ចេញ​ផ្សាយដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​(Human Rights Watch)​ និង​សហព័ន្ធ​អន្តរ​ជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ ​(International Federation for Human Rights)​ ​ហៅ​កាត់​ថា​ IFDHR​ ​ដែល ​VOA ​បាន​ទទួល​នៅ​ថ្ងៃ​ព្រហស្បតិ៍។

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch)​ ​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ការ​បោះឆ្នោត​ជាតិ​របស់​កម្ពុជា​នៅថ្ងៃ​ទី​២៩​ ខែ​កក្កដាដែល​បានបាត់បង់​គ្រឹះ​ជា​មូលដ្ឋាន​និង​មិន​អាច​យក​ជា​ការ​បាន​នោះ​ បាន​បដិសេធ​ចោល​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខែ្មរ​ដែល​ត្រូវ​បាន​ការពារ​ជា​អន្តរជាតិ​ ដើម្បី​ជ្រើសរើស​រដ្ឋាភិបាល​របស់​ពួកគេ។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​មួយ​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​សហភាព​អឺរ៉ុប​ ​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​ជប៉ុន​ និង​ប្រទេស​ដទៃ​ទៀត​បាន​កំណត់​ថា​ ដំណើរការ​បោះឆ្នោត​គឺ​មាន​បញ្ហា​ខ្លាំង​ណាស់​ ដែល​មិន​អាច​ឲ្យ​ពួក​គេបញ្ជូន​អ្នក​សង្កេត​ការណ៍​ផ្លូវ​ការ​មក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នេះ​បាន។

លោក​ ប្រេដ អាដាមស៍​ ​(Brad Adams)​ ​នាយកអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ត្រូវ​បានស្រង់​សំដី​ក្នុង​សេចក្តី​ប្រកាស​នោះ​តាម​ន័យ​ដើម​ថា៖

«រដ្ឋាភិបាល​ទាំង​ឡាយ​ ដែល​បារម្ភ​ពី​អនាគត​ប្រទេស​កម្ពុជា​ គួរតែ​ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​ការ​បោះឆ្នោត​នេះ​ ថា​ ជា​សកម្មភាព​គៃ​បន្លំ​យ៉ាង​ឃោរឃៅ​ប្រឆាំង​នឹង​ប្រជា​ពលរដ្ឋ​ខ្មែរ»។​

លោក​ ​ប្រេដ អាដាមស៍​ ​ត្រូវបាន​ស្រង់​សំដី​បន្ថែម​ថា៖

«ចាប់​តាំង​តែ​ពី​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​រួច​មក​នោះ​ ការ​បោះឆ្នោត​នេះ​ ក្លាយ​ជា​រឿង​ចំអក​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​ជា​ជ័យ​ជម្នះ​ដែល​បាន​កំណត់​ទុក​មុន​រួច​ជា​ស្រេច​សម្រាប់​គណបក្ស​កាន់​អំណាច។ ឥឡូវ​នេះ​ វា​ស្រេច​តែ​ទៅ​លើ​ប្រទេស​ដែល​ផ្តល់ការតាំងចិត្ត​ខ្ពស់​ទៅ​រកកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១​ ដើម្បី​ជួយ​ស្តារ​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិប​តេយ្យ​ពិតប្រាកដ​ដល់​ប្រទេស​កម្ពុជា​ ឬ​ក៏​ត្រូវ​ទទួល​យក​ផល​វិបាក​ខាង​សិទ្ធិមនុស្ស​របស់​រដ្ឋ​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ​នោះ»។

ការ​បោះឆ្នោត​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ នឹង​ធ្វើឡើង​នៅថ្ងៃអាទិត្យទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ​ នៅ​ទូទាំងប្រទេស​ ទោះ​ណា​ជា​គ្មាន​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​រដ្ឋា​ភិបាល​របស់​លោក​នាយរដ្ឋមន្ត្រី​ ហ៊ុន​ សែនប្តឹង​តុលាការ​កំពូល​រំលាយចោល​កាល​ពី​ឆ្នាំមុន​ ដោយ​រដ្ឋាភិបាល​ចោទ​គណបក្ស​នេះ​ថា​បាន​រួម​គំនិត​ជាមួយ​ជន​បរទេស​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​លើក​ទី​ប្រាំមួយ​នេះ​នឹង​មាន​គណបក្ស​នយោបាយ​ចូលរួម​ចំនួន២០​ ហើយ​ក្នុង​ចំណោម​គណបក្ស​ទាំង២០​នោះ​ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​ត្រូវ​សហគមន៍​អន្តរជាតិ​និង​ក្រុម​អ្នក​សង្កេតការណ៍​ជាតិ​ ក៏​ដូច​ជា​អន្តរជាតិ​រំពឹង​ទុក​ជា​មុន​ថា​ នឹង​ឈ្នះ​ការ​បោះ​ឆ្នោត។ ជោគជ័យ​ដែល​អាច​កើត​មាន​សម្រាប់​បក្ស​ប្រជាជន​ត្រូវ​បាន​គេ​ព្យាករណ៍​ទុក​ជាមុន​ដោយ​ហេតុ​តែគណបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្ស​ប្រឆាំង​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​។

​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​ប្រកាស​ដកការ​គាំទ្រ​របស់​ខ្លួន​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​ក្រោយ​ការ​រំលាយ​ចោល​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ដោយ​ពួក​គេ​មិន​មាន​ជំនឿ​លើការ​បោះឆ្នោត​នា​ពេលខាង​មុខ​ថា​សេរី​និង​យុត្តិធម៌។

​ចំណែក​ប្រទេស​ជប៉ុន​ ​បាន​សម្រេច​ចិត្ត​កាល​ពី​ពេល​ថ្មីៗ​នេះ​ ថាខ្លួន​នឹង​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​មក​សង្កេត​ការណ៍​បោះ​ឆ្នោត​សភា​នៅ​ចុង​សប្តាហ៍​នេះ​នោះ​ទេ​ ទោះបី​ជា​រដ្ឋាភិបាលទីក្រុង​តូក្យូ​ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​ធ្លាប់​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​ជា​ច្រើន​លើក​កន្លង​មក​ហើយ​ក៏​ដោយ។​មន្ត្រី​ក្រសួង​ការ​បរទេស​ជប៉ុន​ម្នាក់​បាន​និយាយ​ថា ​ប្រទេស​ជប៉ុន​បាន​ធ្វើការ​សម្រេច​ចិត្តនេះ​ ​បន្ទាប់​ពី​ពួក​គេ​បាន​ពិចារណា​ពីស្ថាន​ភាព​ទាក់​ទងការបោះ​ឆ្នោត​នៅ​កម្ពុជា។

​អង្គការ​សិទ្ធិមិនុស្ស​អន្តរជាតិ​មួយ​ផ្សេង​ទៀត​ គឺ​សហព័ន្ធ​អន្តរ​ជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ IFDHR​ ​បាន​និយាយក្នុងសេចក្តីប្រកាស​ខ្លួន​ចេញ​ផ្សាយ​នៅថ្ងៃ​ព្រសហ្បតិ៍នេះ​ថា​ ការបោះឆ្នោត​ខាង​មុខ​នេះ​ ​ជា​ការបោះឆ្នោត​បោក​បញ្ឆោត។​ ​ អង្គការ​នេះ​បាន​លើកឡើង​បន្តថា​ ខណៈ​ដែល​គណ​បក្ស​នយោ​បាយ​ចំនួន២០​ ត្រូវបាន​រំពឹងថានឹង​ប្រកួត​យក​អាសនៈ​សភា​ចំនួន១២៥​ នៅរដ្ឋសភាជាតិ​នោះ​ ដំណើរ​ឆ្ពោះ​ទៅថ្ងៃបោះឆ្នោត​ ​បានបង្កើតបរិយាកាស​មួយដែល​មិន​អាច​នាំ​ឲ្យ​មាន​នូវ​ដំណើការ​បោះ​ឆ្នោត​មួយ​មានការ​ចូលរួម​គ្រប់​គ្នា​ និង​ពិត​ប្រាកដ​ ស្របតាម​បទដ្ឋាន​មធ្យម​ដែល​អាច​ទទួល​ស្គាល់បាន​ជាអន្តរជាតិ។

អ្នកស្រី​ ​Debbie Stothard​ ​អគ្គលេខាធិការ​ ​សហព័ន្ធ​អន្តរ​ជាតិ​ដើម្បី​សិទ្ធិមនុស្សត្រូវបាន​ស្រង់​ប្រសាសន៍​តាម​ន័យ​ដើម​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖

«ការ​គាប​សង្កត់​របស់លោក​ហ៊ុន​ សែន​ទៅលើ​ការ​រិះ​គន់​ដោយ​សន្តិវិធី​ ការណ៍​ដែល​គាត់​បំផ្លាញ​ចោល​ទាំងស្រុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​នោះ​ធានា​បាន​ថា​ ​ការ​បោះឆ្នោតនេះ​ មិន​អាច​ជឿ​ទុក​ចិត្ត​បានទេ»។

អ្នកស្រីត្រូវ​បាន​ស្រង់​ប្រសាសន៍​បន្ថែម​ថា៖

«ការ​បោះឆ្នោត​ប្រទេសកម្ពុជា​ ជា​ដំណើរការ​គៃបន្លំ​ ដែល​គេ​តាក់តែងឡើង​ ដើម្បី​ឲ្យ​របប​ផ្តាច់ការ​លោក​ ​ហ៊ុន​ សែន​ បាន​បន្ត​ទៅ​មុខ​ទៀត​ និង​ធ្វើឲ្យ​ប្រទេស​កម្ពុជាធ្លាក់​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​សេច​ក្តី​វេទនា​និង​ការ​គាប​សង្កត់​បន្ថែម​ទៀត»។

សហព័ន្ធ​អន្តរ​ជាតិ​ដើម្បី​សិទ្ធិមនុស្ស​បាន​ទទូច​សុំ​សហគមន៍​អន្តរជាតិ​ឲ្យ​ច្រាន​ចោល​ដោយ​គ្មាន​មន្ទិល​ចំពោះ​លទ្ធផល​បោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ទាមទារ​ឲ្យ​មាន​ការ​វិល​មក​វិញ​នៃគណបក្ស​សង្គ្រោះជាតិ​ និង​ដោះលែង​លោក​ កឹម សុខា​មេដឹកនាំ សមាជិក​ និងអ្នក​គាំទ្រគណបក្ស​នេះ​ ហើយ​អំពាវនាវ​ឲ្យរដ្ឋាភិបាល​បង្កើតលក្ខខណ្ឌ​នានា​ ដែល​ធានាបាន​ការបោះឆ្នោត​ដ៏​បរិសុទ្ធ​មួយ​ ស្រប​តាម​បទដ្ឋាន​អន្តរជាតិ។

ស្រដៀង​គ្នា​នោះ​ដែរ​ សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​កាលពីថ្ងៃ​ពុធ​ បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ប្រ​ជាធិប​តេយ្យ​កម្ពុជា​ ​ឬ​ ​(H.R. 5754)​ ​ដើម្បី​ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ​លើក​កម្ពស់សេរីភាពខាងនយោបាយ​ ​និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ ​ហើយ​និង​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មនុស្ស​របស់​លោក​ ​ហ៊ុន សែន​ ​ចំពោះតួនាទី​របស់ពួកគេ​ដែលបាន​ធ្វើឲ្យ​ខូច​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ និង​ការ​ប្រព្រឹត្ត​ទង្វើ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ដោយ​មិនខ្វល់​នឹង​ការរិះគន់​លាន់​រំពង​ជាអន្តរជាតិ​ទាំង​ពី​ខាង​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​និងអង្គ​ការ​សិទ្ធិ​មនុស្ស​នោះ​ លោក​ សុខ ឥសាន​មន្ត្រីនាំពាក្យ​គណបក្ស​កាន់អំណាច​ និង​លោក​ ហង្ស ពុទ្ធា ​មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ​បាន​អះអាង​ថា​ ពលរដ្ឋ​ខ្មែរ​អាច​សម្រេច​ជោគ​វាសនា​របស់​ខ្លួន​បាន​ ដូច្នេះ​មិន​បាច់​មានការ​ឈឺឆ្អាល​ពី​អ្នក​ខាងក្រៅ​នោះ​ទេ​ ហើយ​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​លើក​តម្កើង​ការ​គោរពសិទ្ធិ​មនុស្ស​ និង​ការ​សម្តែង​មតិ​ស្រប​ទៅ​តាមរដ្ឋ​ធម្មនុញ្ញ​របស់ប្រទេស៕ ប្រភព៖ VOA