វ៉ាស៊ីនតោន —ជំងឺ​គ្រុន​ស្វិត​ដៃជើង​ត្រូវ​បាន​លុបបំបាត់​នៅ​កន្លែង​ជាច្រើន​ក្នុង​ពិភពលោក​នេះ​ ប៉ុន្តែ​ជំងឺ​នេះ​នៅ​តែ​កើត​មាន​នៅ​តាម​កន្លែង​ខ្លះ​ដែល​គេ​ពិបាក​ធ្វើ​ដំណើរ​ទៅ​ដល់។ ក្រុម​គ្រូពេទ្យ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ប៉ាគីស្ថាន​ និង​នីហ្សេរីយ៉ា​ កំពុង​ព្យាយាម​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ដល់​កុមារ​នៅ​តាម​ជនបទ​ដាច់​ស្រយាល​ និង​នៅ​តាម​តំបន់​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត។ ប៉ុន្តែ​ភាព​ចលាចល​នៅ​ទូទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ជម្លោះ​នៅក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​នីហ្សេរីយ៉ា​បាន​រារាំង​មិន​ឲ្យ​កុមារ​ទទួល​បាន​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុនស្វិត​ដៃជើង។

Loading...

ដើម្បី​ការពារ​កុមារ​កុំ​ឲ្យ​មាន​ជំងឺ​ពិការភាព​ និង​ជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​កើតឡើង​លើ​ពួកគេ​បាន​នោះ​ ក្រុមគ្រូពេទ្យ​ត្រូវ​ធ្វើ​ការ​ឆ្លង​កាត់​តាម​ព្រំដែន​ តំបន់​ជម្លោះ​ និង​ក្នុង​ចំណោម​កុលសម្ព័ន្ធ​ដែល​ធ្វើ​ចំណាកស្រុក។ លោក វេជ្ជបណ្ឌិត Andrew Etsano មក​ពី​អង្គការ​កាកបាទប្រហម​និង​អឌ្ឍចន្ទ​ក្រហម​បាន​ថ្លែង​ថា៖ «ប្រជាពលរដ្ឋ​នៅ​តែ​ចល័ត​ផ្លាស់ប្តូរ​ទីលំនៅ​ដោយសារ​ជម្លោះ​ផ្សេងៗ​ ស្ថានភាព​សេដ្ឋកិច្ច​ និង​ស្ថានភាព​នយោបាយ។ ពលរដ្ឋ​មួយ​ចំនួន​ដែល​ផ្លាស់ទីលំនៅ​មាន​ផ្ទុក​មេរោគ ដែល​ការណ៍​នេះ​បាន​បង្ក​ការ​លំបាក​ក្នុង​ការ​តាម​រក​ពួកគេ​ និង​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ដល់​កុមារ​ដែល​ងាយ​រងគ្រោះ​នៅ​ក្នុង​ចំណោម​មនុស្ស​ផ្លាស់​ទីលំនៅ​ទាំង​នោះ»។

ក៏ប៉ុន្តែ​ខណៈ​ដែល​កិច្ចខំប្រឹងប្រែង​ដើម្បី​លុបបំបាត់​ជំងឺ​គ្រុនស្វិតដៃជើង​ផ្តោត​សំខាន់លើ​ការ​ស្វែងរក​ទីតាំង​ចុងក្រោយ​ដែល​មេរោគ​នេះ​កំពុង​នៅ​មាន​ជីវិត​នោះ​ បញ្ហា​ថ្មីៗ​អាច​កើត​ឡើង។ អ្នកស្រី IRENE KOEK មក​ពី​កម្មវីធី​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក​ហៅ​កាត់​ថា USAID បាន​ថ្លែង​ថា៖ «ប្រសិនបើ​គ្មាន​ការ​ការពារ​ឲ្យ​បាន​គ្រប់គ្រាន់​ទេ​នោះ មេរោគ​នេះ​អាច​នឹង​ប្រែប្រួល។មេរោគ​នេះ​នឹង​នៅ​លាយឡំ​ក្នុង​បរិយាកាស​ និង​អាច​ប្រែប្រួល​បាន​ ហើយ​បន្ទាប់​មក​វា​នឹង​ផ្ទុះ​រីករាលដាល​នៅ​គ្រប់​ទីកន្លែង»។​ គេ​អាច​ទប់ស្កាត់​ការផ្ទុះ​រីករាលដាល​នេះ​បាន​តាម​រយៈ​ការ​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ដល់ពលរដ្ឋ​ទាំងអស់​ដូច្នេះ​មេរោគ​នេះ​គ្មាន​ឱកាស​អាច​ប្រែប្រួល​លាយឡំ​នៅក្នុង​បរិយាកាស​បាន​ទៀត​ទេ។

កាល​ពី​ឆ្នាំ២០១៧ អង្គការ​សុខភាព​ពិភពលោក WHO​ បាន​រាយការណ៍​ថា​ មាន​ចំនួន​អ្នក​កើត​ជំងឺ​គ្រុន​ស្វិត​ដៃជើង​តែ​២២ករណី​ប៉ុណ្ណោះ​ ប៉ុន្តែ​ចំនួន​ទាប​នេះ​អាច​បណ្តាល​ឲ្យ​មាន​ការ​លែង​យក​ចិត្ត​ទុកដាក់។ លោក​វេជ្ជបណ្ឌិត ANDREW ETSANO មក​ពី​អង្គការ​កាកបាទ​ប្រហម​ និង​អឌ្ឍចន្ទក្រហម​បាន​ថ្លែង​បន្ត​ថា៖« ប្រជាពលរដ្ឋ​មាន​ការ​ធុញទ្រាន់​នឹង​ស្ថានភាព​នេះ។ កម្មវីធី​កម្ចាត់​ជំងឺ​គ្រុនស្វិត​ដៃជើង​នៅ​តែ​មាន​ជា​បន្ត។ ពួកគេ​ធ្លាប់​គិត​ថា​ជំងឺ​នេះ​នឹង​ត្រូវ​បញ្ចប់​ ហើយ​យើង​នៅ​តែ​ធ្វើ​ការ​ផ្លាស់ប្តូរ​គោលបំណង​នៃ​កម្មវិធី និង​ការងារ​ផ្សេងៗ​ទៀត»។

ក្រុម​អ្នកជំនាញ​លើកឡើង​ថា​ប្រសិន​បើ​គ្មាន​ការ​ជួយ​គាំទ្រ​និង​ថវិកា​ពី​អន្តរជាតិ​បន្តទៀត​ទេ​នោះ​ យើង​នឹង​មាន​ការ​លំបាក​ក្នុង​ការ​លុបបំបាត់​ជំងឺ​គ្រុន​ស្វិតដៃជើង​នេះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ការផ្តោត​លើ​ជំងឺ​នេះ​គឺ​ជា​បញ្ហា​សំខាន់។ លោក​វេជ្ជបណ្ឌិត ANDREW ETSANO បាន​ថ្លែង​បន្ត​ទៀត​ថា៖ «ការ​យក​ចិត្ត​ទុកដាក់​នេះ​មិនមែន​កើតឡើង​តែ​ទៅ​លើ​កម្មវិធី​ប៉ុណ្ណោះ​ទេ។ ក្រុម​អ្នក​ផ្តល់​ជំនួយ​ដល់​កម្មវិធី​នេះ​ក៏​មាន​ការ​ធុញទ្រាន់​ដែរ។ ថវិកា​ជំនួយ​កាន់​តែ​ខ្សត់ខ្សោយ​ទៅ​ ហើយ​ប្រសិន​បើ​ការងារ​មិន​ទាន់​ចប់​រួចរាល់​ទេ​នោះ​ យើង​នឹង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ។ យើង​ប្រហែល​ជា​ប្រឈម​នឹង​ការកើត​មាន​ជំងឺ​នេះ​ឡើង​វិញ​ម្តងទៀត»។

ក្តី​សង្ឃឹម​គឺ​ថា​ប្រសិន​បើ​កិច្ចខំប្រឹងប្រែង​នៅ​តែ​រឹងមាំ​ ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​មេរោគ​ស្វិតដៃជើង​នេះ​នឹង​ត្រូវ​លុប​បំបាត់​បាន​ទាំងស្រុង៕ ប្រភព៖​​ VOA