ក្រុម​អតីត​តំណាង​រាស្រ្ត និង​សមាជិក​អតីត​បក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​នៅ​អាមេរិក គ្រោង​នឹង​រៀប​ចំ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ កក្កដា ត្រូវ​នឹង​ថ្ងៃ​ទី​២៩ កក្កដា​ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​នៅ​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អតីត​បក្ស​ប្រឆាំង ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក។ បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​នេះ នឹង​ធ្វើ​ឡើង​នៅ​លើ​ទី​លាន​មុខ​អាគារ​ស្នាក់ការ​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​មន្រ្តី​កម្ពុជា​ថា បាតុកម្ម​នេះ​នឹង​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ឡើយ។

ក្រុម​អតីត​តំណាង​រាស្រ្ត និង​សមាជិក​អតីត​គណបក្ស​សង្រ្គោះ​ជាតិ នៅ​តែ​ហៅ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃ​អាទិត្យ ទី​២៩ កក្កដា​ខាង​មុខ​នេះ​ថា ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។ ក្លែង​ក្លាយ​ក៏​ព្រោះ​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៦​នេះ មិន​មាន​វត្តមាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​រួម។ ដូច្នេះ​ហើយ ការ​រៀប​ចំ​បាតុកម្ម​របស់​ពួក​គេ គឺ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​នេះ និង​អំពាវនាវ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ផង។

កញ្ញា កឹម សម្មាធីតា ដែល​ជា​កូន​ស្រី​ទី​ពីរ លោក​កឹម សុខា បាន​អះអាង​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ជា​ឱកាស​ដ៏​សំខាន់​បំផុត ក្នុង​ការ​ជួយ​ដល់​ជាតិ​មាតុភូមិ​កម្ពុជា។ ដូច​នេះ​ហើយ កញ្ញា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋ​អាមេរិក​ទាំង​អស់ ឲ្យ​មក​ចូល​រួម​ក្នុង​បាតុកម្ម​នេះ។ បើ​តាម​កញ្ញា កឹម សម្មាធីតា ការ​ធ្វើ​បាតុកម្ម​នេះ មិន​មែន​ត្រឹម​តែ​ធ្វើ​ឡើង​នៅ​ពី​មុខ​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​តាម​រដ្ឋ​ផ្សេងៗ​ទៀត នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ ដូច​យ៉ាង​នៅ ឡុងប៊ិច វ៉ាស៊ីនតោន និង​កាលីហ្វញ៉ា​ជា​ដើម។

ក៏​ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ការ​ធ្វើ​បាតុកម្ម​នេះ​នឹង​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត ឬ ការ​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​ឆ្នោត​ឡើយ។ លោក​ផៃ​ ស៊ីផាន ដែល​ជា​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​កម្ពុជា បាន​គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត គឺ​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ម្ចាស់​ស្រុក ដែល​មិន​ស្ថិត​ក្រោម​ឥទ្ធិពល ឬ​អាណានិគម​របស់​អង្គការ​ណា ឬ​បរទេស​ណា​មួយ​នោះ​ទេ។

សូម​បញ្ជាក់​ថា រំលង​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោល​គឺ​នៅ​ថ្ងៃ​អាទិត្យ ខាន​ស្អែក​នេះ ការ​បោះ​ឆ្នោត​ជាតិ​កម្ពុជា​នឹង​ធ្វើ​ឡើង​ទៅ​តាម​ការ​គ្រោង​ទុក។ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សម្គាល់ គឺ​នៅ​ចុង​ក្រោយ​នេះ ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ពីរ ​គឺ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជប៉ុន បាន​ប្រកាស​មិន​បញ្ចូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​មក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឡើយ។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ទាំង​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ធំៗ​មួយ​ចំនួន​ទៀត​ផង។ តែ​យ៉ាង​ណា​ក៏​ដោយ​ចុះ ក៏​នៅ​មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ចំនួន​២២០​នាក់ មក​ពី​តំណាង អង្គការ ស្ថាប័ន និង​ប្រទេស​ចំនួន​៥២ ចូល​រួម​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោតនេះ​ បូក​បន្ថែម​ទាំង​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន៨​ម៉ឺន​នាក់​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​គ.ជ.ប៕ ប្រភព៖​​ RFI