​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ច្បាស់​ប្រាប់​គណៈប្រតិភូ​អន្តរជាតិ​សង្កេតការណ៍ បោះឆ្នោត​នៅ​កម្ពុជា ចំនួន​៥​ក្រុម ថា កម្ពុជា​មិនមែន នៅក្រោម​អាណានិគម​បរទេស​ណា​ទេ គឺ​កម្ពុជា​មាន​ឯករាជភាព និង​បូរណភាព​ទឹកដី ហើយ​ត្រូវតែ​រៀបចំ ការបោះឆ្នោត​ឲ្យបាន​ទៅ តាម​ការកំណត់​របស់​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស និង​ជា​បំណងប្រាថ្នា របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃ​ព្រះរាជា ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ប្រតិភូ​អន្តរជាតិ សង្កេតការណ៍​បោះឆ្នោត នៅ​កម្ពុជា​ចំនួន​៥​ក្រុម​។​

​ប្រតិភូ​ទាំង​៥​នោះ​រួមមាន ១)​ប្រតិភូ​អ្នកសង្កេតការណ៍​ចិន ដឹកនាំ​ដោយ​លោក Ding Winchao អគ្គនាយក​គណបក្ស​កុម្មុយនីស្ត​ចិន​, ២)​ប្រតិភូ​ឥណ្ឌូនេស៊ី មកពី​គណបក្ស​គោលការណ៍ និង​សមាគម​អ៊ីស្លាម​ទាំងអស់​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ដឹកនាំ​ដោយ លោក អា​គង់ ឡា​ក់​ហ្សូ​ណូ Agung Laksono ជា​ប្រធាន​អង្គការ CAPDI, ៣)​ប្រតិភូ​មក​ពី​អង្គការ ICAPP ដឹកនាំ​ដោយ លោក Jose De Venecia ជា​អតីត​ប្រធានសភា​ហ្វីលីពីន​, ៤)​ប្រតិភូ​មក​ពី​អង្គការ CDI ដឹកនាំ​ដោយ លោក Adres Pastrana និង ៥) ប្រតិភូ​អនុប្រធាន​គណៈកម្មាធិកា​រ កិច្ចការបរទេស​សភា​ឌូ​ម៉ា​រុស្ស៊ី ដឹកនាំ​ដោយ លោក Alexey Casilievich​។​

​ក្នុងជំនួប​នោះ សម្តេច​តេជោ បាន​ស្វាគមន៍​យ៉ាង​រាក់ទាក់ និង​បាន​អរគុណ​ប្រតិភូ​អន្តរជាតិ​ទាំងអស់ ដែល​បាន​មក​ចូលរួម​សង្កេត​ការបោះឆ្នោត​នៅ​កម្ពុជា​ថ្ងៃស្អែក​ទី ២៩ កក្កដា ២០១៨​នេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាប​ដល់​ប្រតិភូ​ទាំងអស់ នូវ​អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ពិនិត្យ​តាមដាន និង​រាយ​ការ​ពិត​ប្រាកដ ដោយ​គ្មាន​លំអៀង គឺ​មើលឃើញ​អ្វី សង្កេត​ឃើញ​អ្វី សូម​និយាយ​ការពិត ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​ពិត នៃ​ការបោះឆ្នោត​របស់​កម្ពុជា​នា​ថ្ងៃស្អែក​នេះ​។​

​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ​ទទួល​ជួប​អ្នកសង្កេតការណ៍ បោះឆ្នោត​ប្រមាណ​ជាង​២០០​នាក់ នៅ​វិមាន​សន្តិភាព ក្នុងនោះ​គឺ​មាន​តំណាង មកពី​ប្រទេស​ចិន​, ឥណ្ឌា​, ឥណ្ឌូណេស៊ី​, រុស្ស៊ី និង​បណ្តា​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​។ ចំនួន​អ្នកសង្កេតការ​បោះឆ្នោត​នៅ​កម្ពុជា លើក​នេះ​គឺ​មាន​ច្រើន​ជាង​ឆ្នាំ​ណាៗ​ទាំងអស់​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេជោ បាន​ជម្រាបជូន ប្រតិភូ​អ្នកសង្កេតការណ៍​ទាំងអស់​អំពី​ដំណើរការ​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​ច្បាស់​ថា កម្ពុជា​ត្រូវ​បោះឆ្នោត​៥​ឆ្នាំ​ម្តង ហើយ​កំណត់​យក​ថ្ងៃអាទិត្យ សប្តាហ៍​ទី​៤ នៃ​ខែ​កក្កដា​។ ការកំណត់​ការបោះឆ្នោត នៅក្នុង​រដ្ឋធម្មនុញ្ញ​នេះ គឺ​មិន​ដូច​ទៅ​នឹង​ការបោះឆ្នោត នៅ​ប្រទេស​ដទៃ​ទៀត​ទេ ដែល​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី រំលាយ​សភា ជ្រើសរើស​ថ្ងៃ​បោះឆ្នោត​មុន​កំណត់​កាល​ទៅ​តាម​ចិត្ត​បានឡើយ​។​

​ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជម្រាប​ប្រតិភូ​ទាំង​អស់​ពី​ប្រវត្តិ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​ចាប់ផ្តើម​កាលពី​ឆ្នាំ​១៩៩៣ , ១៩៩៨ , ២០០៣, ២០០៨ និង​ឆ្នាំ​២០១៣​កន្លងមក ហើយ​ការ​បោះឆ្នោត​នា​ឆ្នាំ​២០១៨ គឺ​យុទ្ធនាការ​បោះឆ្នោត រយៈពេល​២១​ថ្ងៃ ដែល​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន និង​គ្មាន​អំពើហឹង្សា​អ្វី​កើតឡើង​ឡើយ ដែល​នេះ​បង្ហាញ​ពី​ការរីកចម្រើន លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​សម្ដេច​តេជោ ក៏​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ទាំងមូល​ផង​ដែរ អំពី​ដំណើរ​ការវិវឌ្ឍ​របស់​កម្ពុជា ដែល​បាន​ប្រែក្លាយ​ពី​ប្រទេស​មួយ ដែល​មាន​តំបន់​ត្រួតត្រា​ច្រើន មក​ជា​ប្រទេស​មួយ​ដែល​មាន​តំបន់​ត្រួតត្រា​តែមួយ ក្រោម​រដ្ឋធម្មនុញ្ញ​តែ​មួយ និង​ក្រោម​រដ្ឋាភិបាល​តែមួយ​។ សម្តេច​តេជោ ក៏​បាន​ជម្រាបជូន​ផង​ដែរ​កាលពី​ឆ្នាំ ១៩៩៨ គឺជា​ពេលវេលា​មួយ​ដែល​កម្ពុជា បាន​រួបរួម​ស្ថិតនៅ​ក្រោម​ដំបូល រដ្ឋធម្មនុញ្ញ​តែ​មួយ គឺ​នៅ​ពេល​ដែល​ទ័ព​ខ្មែរក្រហម​ទាំងអស់ បាន​មក​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី ២៩​ខែ​ធ្នូ ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន​។ ដែល​ចាប់ពីពេលនោះ​មក គឺ​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង ហើយ​បាន​រៀបចំ​បោះឆ្នោត ដោយ​ខ្លួនឯង បាន​ជា​បន្តបន្ទាប់​រហូត​មកដល់ពេលនេះ​។​

​បន្ទាប់ពី​បាន​ស្តាប់​នូវ​ដំណើរ​ការវិវឌ្ឍ ពី​ស្ថានភាព​ទាំងឡាយ របស់​កម្ពុជា​ពី​អតីតកាល​កន្លងមក ក៏ដូចជា​ប្រវត្តិ​នៃ​ការបោះឆ្នោត របស់​កម្ពុជា​កន្លងមក អង្គការ CAPDI បាន​ជម្រាបជូន​សម្ដេច និង​ប្រតិភូ​ទាំងនោះ​ថា កម្ពុជា​គឺជា​ប្រទេស​មួយ ដែល​ចាប់ផ្ដើម​ពី​រដ្ឋ​បរាជ័យ​មួយ រហូតមកដល់​ពេលនេះ​ក្លាយជា​ប្រទេស​មួយ ដែល​ទទួលបាន​ជោគជ័យ ដែល​បាន​កាត់បន្ថយ​ភាពក្រីក្រ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​លឿន​ទៅ​មុខ​។​

​ដោយឡែក​អង្គការ ICAPP ដែល​តំណាងអោយ​ប្រទេស ៥០ ដែល​មាន​គណបក្សនយោបាយ​ចំនួន ៣៥០ ដែល​ធ្លាប់​បាន​ធ្វើការ​សង្កេតការណ៍ ដំណើរការ​បោះឆ្នោត​ជាច្រើន​ដង​ច្រើន​កន្លែង និង​ច្រើន​ប្រទេស​រួចមកហើយ គឺ​មាន​សុទិដ្ឋិនិយម បន្ទាប់ពី​បាន​ឃើញ​ក្បួន​ដង្ហែរ របស់​គណបក្ស​នយោបាយ​ជាច្រើន នៅក្នុង​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា បោះឆ្នោត​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ ដោយ​ឃើញ​ទឹកមុខ​ប្រជាជន​កម្ពុជា មាន​ភាព​ស្រស់ស្រាយ សប្បាយរីករាយ ដែល​នោះ​ហើយ​គឺជា​ការ ឆ្លុះបញ្ចាំង​នូវ​ដំណើរការ​យុទ្ធនាការ​បោះឆ្នោត​មួយ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​ជោគជ័យ​។​

​ដោយឡែក​សមាជិកសភា​សហរដ្ឋអាមេរិក​មួយ​រូប ក្នុងនាម​ជា​ប្រជាជន​អាមេរិក បាន​មានប្រសាសន៍ថា លោក​បាន​មក​កាន់​កម្ពុ​ជា រហូតមកដល់​ពេលនេះ ឃើញ​កម្ពុជា​មាន​ការផ្លាស់​ប្ដូរ​យ៉ាងខ្លាំង លោក​សូម​សំដែង​នូវ​ការអបអរសាទរ ចំពោះ​សុខ​សន្តិភាព​ស្ថេរភាព ដែល​កម្ពុជា​ទទួលបាន​មក​ទល់​សព្វថ្ងៃ​។ លោក​ក៏​បាន​បង្ហាញ​នូវ​ការរំពឹង​នឹង​សង្ឃឹមថា ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក នឹង​កាន់តែ​ល្អប្រសើរ​ឡើង​។​

រីឯ​គណៈប្រតិភូ​សង្កេត​ការណ៍ មកពី​ប្រទេស​ឥណ្ឌា ក៏​បាន​មានប្រសាសន៍​ស្របគ្នា ទៅ​នឹង​តំណាង​អង្គការ ICAPP ផងដែរ​ថា កាល​ពី​ម្សិលមិញ​នេះ លោក​បាន​ឃើញ​ការ​ដង្ហែ​ក្បួន បិទ​យុទ្ធនាការ​នៅ​រាជធានី​ភ្នំពេញ លោក​បាន​ឃើញ បាន​ជួប​នឹង​បាន​ស្តាប់ ពី​អ្នក​ចូល​រួម​ដោយផ្ទាល់ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​កម្ពុជា​កន្លងមក គឺ​លោក​សង្កេតឃើញថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​កម្ពុជា​ពិតជា​មាន​ភាពរលូន​។ លោក​ក៏​បាន​បង្ហាញ​ផងដែរ ពី​ការប្តេជ្ញាចិត្ត​ថា នឹង​បន្ត​ចូលរួម​សង្កេតការណ៍​តទៅទៀត នៅ​ថ្ងៃ​បោះឆ្នោត​ស្អែក​នេះ ដើម្បី​តាមដាន​ស្ថានភាព​ពិត​អំពី ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​រួម​រវាង​អ្នក​សង្កេតការណ៍​បោះឆ្នោត ជាមួយនឹង​ប្រមុខ​រាជរដ្ឋាភិបាល​កាលពី​ព្រឹក​មិញ​នេះ គឺ​បាន​បង្ហាញ​ឲ្យឃើញ​អំពី​ការយកចិត្តទុកដាក់ និង​ស្វាគមន៍​យ៉ាង​រាក់ទាក់​កក់ក្តៅ​បំផុត​ពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះ​ប្រតិភូ​ទាំងអស់ ក្នង​ការចុះ​សង្កេត​ការបោះឆ្នោត​នៅ​ទូទាំង​ប្រទេស ដើម្បី​ធានាបាន​នូវ​ការបោះឆ្នោត​ប្រកប​ដោយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ជា​បំណងប្រាថ្នា​របស់​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ច្បាស់​ផងដែរ​ថា កម្ពុជា​មិនមែន​នៅក្រោម​អាណានិគម​បរទេស​ណា​ទេ គឺ​កម្ពុជា​មាន​ឯករាជភាព និង​បូរណភាព​ទឹកដី ហើយ​ត្រូវតែ​រៀបចំ ការបោះឆ្នោត​ឲ្យបាន​ទៅ តាម​ការកំណត់​របស់​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស និង​ជា​បំណងប្រាថ្នា របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​៕