វ៉ាស៊ីនតោន —ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន បាន​ចោទ​ជា​សំណួរ​អំពី​ភាព​ស្របច្បាប់​នៃ​រដ្ឋាភិបាល​ថ្មី​មួយ ដែល​អាច​នឹង​កើត​ចេញ​ពី​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​រាំង​ខ្ទប់​វេបសាយ​របស់​ស្ថាប័ន​សារព័ត៌មាន​យ៉ាង​តិច​ចំនួន​១៥ មិន​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ចូលមើល​ឬ​អាន​ព័ត៌មាននៅ​លើ​វេបសាយ​ទាំង​នោះ​បាន។

ការ​រាំង​ខ្ទប់​វេបសាយ​ទាំង​នេះ ដែល​រួម​ទាំង​វេបសាយ​របស់​វិទ្យុ​VOD នៃ​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ វេបសាយ​របស់​វិទ្យុ​អាស៊ី​សេរី និង​វេបសាយ​VOA ​ជា​ភាសា​ខ្មែរ​ផង​ដែរ​នោះ បាន​ធ្វើ​ឡើង៤៨​ម៉ោង​មុន​និង​អំឡុង​ពេល​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។

មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅ​កាត់​ថា CCIM បាន​ចាត់​ទុក​ថា​ការ​រាំង​ខ្ទប់​វេបសាយ​របស់​ខ្លួន​នេះ ថា​មាន​ចរិត​នយោបាយ​និង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍ ក្នុង​ពេល​ដែល​ពលរដ្ឋ​កម្ពុជា កំពុង​តែ​ត្រូវ​ការ​យ៉ាង​ខ្លាំង​នូវ​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ចូល​មើល​ឬ​អាន​ព័ត៌មាន​ឯករាជ្យ​នានា។

​CCIM បាន​សរសេរ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ ចុះ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ឆ្នាំ​២០១៨​ ​ថា ​«ដោយ​សារ​កង្វះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​រាយការណ៍​អំពី​ដំណើរការ​បោះឆ្នោត​នេះ ​លក្ខណៈសម្បត្តិ​នៃ​ការ​បោះឆ្នោតដែល​មាន​តម្លាភាព សេរី និង​យុត្តិធម៌ កំពុង​ចោទ​ជា​សំណួរ»។

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ទៀត​ថា «‍នៅ​ពេល​ដែល​ការ​បោះឆ្នោត​នេះ មិន​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ទេ​នោះ នោះ​ភាព​ស្របច្បាប់​នៃ​រដ្ឋាភិបាល​ថ្មី​មួយ គឺ​ពិត​ជា​មាន​មន្ទិល​ជា​មិន​ខាន»។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ប្រាប់ ​VOA ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​ពិត​ជា​បាន​បញ្ជា​ឱ្យ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត និង​បណ្ដាញ​ទូរស័ព្ទ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា បិទ​ការ​ចូល​អាន​ឬ​មើល​វេបសាយ​ព័ត៌មាន​ទាំង​១៥​នោះ នៅ​អំឡុង​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោត ដោយ​ពន្យល់ហេតុ​ផល​ថា ការ​បិទ​នោះ គឺ​ដើម្បី​«កុំ​ឱ្យ​រំខាន​ដល់​ការ​បោះ​ឆ្នោត»។

ក្រៅ​ពី​វេបសាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA និង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ ​ហើយ​និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ VOD ហើយ​នោះ វេបសាយ​ដែល​ត្រូវ​បាន​បិទ​មិន​ឲ្យ​ចូល​មើល​នោះ រួម​មាន​វេបសាយ​វិទ្យុ​វាយោ​អេហ្វអេម វេបសាយ​ព័ត៌មាន​របស់​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ វេបសាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​និង​វេបសាយ​មួយ​ចំនួន​ទៀត​ ដែល​ភាគច្រើន​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល។

លោក មឿន ឈាន​ណារិទ្ធិ នាយក​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន បាន​បង្ហាញ​ការ​សោក​ស្ដាយ​អំពី​ការ​រាំង​ខ្ទប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នេះ។

លោក ឈាន​ណារិទ្ធិ មាន​ប្រសាសន៍​ប្រាប់​VOA កាល​ពី​ថ្ងៃ​សៅរ៍​ថា៖

«អ្វី​ដែល​សំខាន់ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នេះ យើង​ចង់​ឲ្យ​សាធារណជន គាត់​ទទួល​បាន​ព័ត៌មាន​ឲ្យ​បាន​ពេញ​លេញ​អំពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត អំពី​គោល​នយោបាយ​របស់​គណ​បក្ស​នី​មួយៗ ក៏​ដូចជា​លក្ខណ:សម្បត្តិ​របស់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត» ។

មាត្រា៧២​នៃ​ច្បាប់​ស្ដី​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​របស់​កម្ពុជា បាន​កំណត់​រយៈពេល​២១​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ហើយ​ចែងថា «គ្រប់​សកម្មភាព​នៃ​ការ​ឃោសនា​បោះឆ្នោត ត្រូវ​ចប់​២៤​ម៉ោង មុន​ថ្ងៃ​បោះ​ឆ្នោត» ។

ប៉ុន្តែ ច្បាប់​នេះ មិន​បាន​ហាមឃាត់​ការ​ផ្សាយ​ព័ត៌មាន​អំពី​ការ​បោះឆ្នោត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ជូន​ដល់​សាធារណជន ជាពិសេស​អ្នក​បោះឆ្នោតនោះ​ទេ។

លោក ចន លែនសីង (John Lansing) នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សាភិបាល​គ្រប់គ្រង​ការ​ផ្សាយ​របស់​សហរដ្ឋ​អាមេរិក​ (Broadcasting Board of Governors ឬ BBG) ដែល​មើល​ការ​ខុសត្រូវ​លើ​ស្ថាប័ន​ VOA ​និង​ អាស៊ី​សេរី​ផង​នោះ បាន​សរសេរ​តាម​បណ្ដាញ​Twitter ​របស់​លោក​ថា «‍ពលរដ្ឋ​កម្ពុជា សម​នឹង​ទទួល​បាន​ការ​ពិត»។

មាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នេះ ​ដោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​និង​សំខាន់​មួយ ដែល​អ្នក​វិភាគ​ជាច្រើន​មើល​ឃើញ​ថា គឺ​ជា​គណបក្ស​តែ​មួយ​គត់​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​អាច​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​បាន។

ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ពលរដ្ឋ​ជាង​៨​លាន​៣​សែន​នាក់ បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ប៉ុន្តែ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​មាន​ពលរដ្ឋ​ប៉ុន្មាន​នាក់​ នឹង​ចេញ​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត​ទាំង​ជាង​២ម៉ឺន​២​ពាន់​ការិយាល័យនៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ចាប់​ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៣​រសៀល​នេះ៕ ប្រភព៖ VOA