ថ្នាក់ដឹកនាំ​យោធា​របស់​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​ជួបពិភាក្សា​គ្នា នៅថ្ងៃ​អង្គារ​ទី ៣១​កក្កដា នៅ​តំបន់​គ្មាន​កងទ័ព នៅ​ព្រំដែន​ប្រទេស​ទាំងពីរ។ នៅពេល​អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង បាន​លើកឡើង​ពី​វិធានការ​កាត់បន្ថយ​វត្តមាន​កងទ័ព​របស់​ប្រទេស​ទាំងពីរ នៅ​តាម​ព្រំដែន ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​វិញ បង្ហាញថា កូរ៉េខាងជើង នៅ​តែ​កំពុង​បន្ត​សកម្មភាព​ផលិត​មីស៊ីល​ចម្ងាយឆ្ងាយ ដែល​អាច​ហោះ​ទៅដល់​ទឹកដី​អាមេរិក។

វិធានការ​កាត់បន្ថយ​កងទ័ព នៅ​តាម​ព្រំដែន អាច​ជា​សញ្ញា​វិជ្ជមាន នៅក្នុង​កិច្ច​ប្រឹង កាត់បន្ថយ​ភាពតានតឹង និង​ការមិនទុកចិត្ត​គ្នា​រវាង​បងប្អូន​កូរ៉េ​ទាំង​ពីរ ប៉ុន្តែ ជាមួយ​គ្នានេះ កូរ៉េខាងជើង​កំពុង​តែ​ត្រូវ​បាន​ក្រុង​វ៉ាស៊ីនតោន​សង្ស័យ​ថា មិន​បាន​កាត់បន្ថយ​សកម្មភាព​យោធា​របស់ខ្លួន​ទាល់តែសោះ នៅក្រោយ​ជំនួបកំពូល​ជាមួយ លោក​ប្រធានាធិបតី​អាមេរិក ដូណាស់ ត្រាំ។

តាម​ អ្នកទទួលខុសត្រូវ​អាមេរិក​ម្នាក់​ដែល​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ផ្កាយរណប​របស់​ទីភ្នាក់ងារ ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក នៅប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ ​ចាប់បាន​រូបភាព​ជាច្រើន​ដែល​បង្ហាញ​ពី​សកម្មភាព​ដ៏មមាញឹក នៅ​រោងចក្រ មួយ ដែល​ធ្លាប់​ជា​ទីតាំង​ផលិត​មីស៊ីល​បាលីស្ទីក ចម្ងាយ​ឆ្ងាយ ដែល​អាច​បាញ់​ហោះ​ដល់​ទឹកដី​អាមេរិក។ ការលើកឡើង​របស់​មន្រ្តី​អាមេរិក បាន​បញ្ជាក់​ការចុះផ្សាយ​របស់​កាសែត​អាមេរិក Washington Post ដែល​ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ដកស្រង់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ថា កូរ៉េខាងជើង កំពុង​បន្ត​ផលិត យ៉ាងហោច ណាស់​មីស៊ីល​អន្តរទ្វីប​មួយដើម ឬ ក៏​ពីរដើម នៅ​រោងចក្រ​ស្រាវជ្រាវ​មួយកន្លែង ក្បែរ​ក្រុង​ព្យុងយ៉ាង។

តាម​កាសែត​Washington Post រូបភាព​របស់​ផ្កាយរណប​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​មិនបាន​បង្ហាញ​ពី​ការបង្កើន​សមត្ថភាព​យោធា​របស់​កូរ៉េខាងជើង​ទេ ប៉ុន្តែ វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា កូរ៉េខាងជើង នៅ​តែ​បន្ត​សកម្មភាព សម្រួចសម្រាំង​សព្វាវុធ​របស់ខ្លួន ទោះនៅក្រោយ​បាន​បើក​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី អាមេរិក។

ការចុះផ្សាយ​រូបភាព​ផ្កាយរណប ដែល​បង្ហាញ​ពី​សកម្មភាព​ផលិត​មីស៊ីល​របស់​កូរ៉េខាងជើង ធ្វើឡើង​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ដែល​ប្រមុខការ​បរទេស​អាមេរិក លោក​Mike Pompeo ទើប​បាន​និយាយ​ទទួល​ស្គាល់ នៅក្នុង​សវនាការ​របស់​ព្រឹទ្ធសភា​អាមេរិក​ថា កូរ៉េខាងជើង គឺ​នៅតែ​បន្ត​ផលិត​សារធាតុ​នុយក្លេអ៊ែរ។

សម្រាប់​មន្រ្តី និង​អ្នកជំនាញ​អាមេរិក​ខាងផ្នែក​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង គេ​មិនភ្ញាក់ផ្អើល​ទេ ដែល​ថា រោងចក្រ​ផលិត​មីស៊ីល​កូរ៉េខាងជើង​នៅ​តែ​មាន​សកម្មភាព​មមាញឹក ពីព្រោះ​ថា មេដឹកនាំ​កូរ៉េខាងជើង​ផ្ទាល់ ក៏​មិន​បាន​សន្យា​អ្វី​ទេ នៅ​ក្នុងជំនួប​កំពូល​ជាមួយ លោកដូណាល់ ត្រាំ។ នៅក្នុងជំនួបកំពូល​អាមេរិក កូរ៉េខាងជើង នៅ​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី ១២​មិថុនា​កន្លងទៅ លោកគីម ជុងអ៊ុន​គ្រាន់តែ​បញ្ជាក់​ពី​ការចូលរួម​របស់​កូរ៉េខាងជើង នៅក្នុង​លុបបំបាត់​ចោល ទាំងស្រុង អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ​តែប៉ុណ្ណោះ៕ ប្រភព៖ RFI