ភ្នំពេញ —ក្រោយ​ពេល​ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​ឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ ​និង​អះអាង​ថា​ ខ្លួន​បាន​ទទួល​អាសនៈ​ទាំង​អស់​ក្នុង​រដ្ឋសភា​ ​ប្រទេស​ចិន​បាន​ប្រកាស​អបអរ​ទទួល​ស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​ ​ខណៈ​ដែល​ប្រទេស​ជប៉ុន បាន​បដិសេធមិន​បាន​ផ្ដល់​ការ​យល់​ឃើញ​អ្វី​ទាំង​អស់​ចំពោះ​ការបោះឆ្នោត​ដែល​បាន​ទទួល​ការ​រិះគន់​យ៉ាង​សន្ធឹក​ពី​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក។

ដូចការរំពឹង​ទុក​ ​រដ្ឋាភិបាល​ចិន​ដែល​ជាមិត្ត​ដ៏​ស្និទស្នាល​របស់​បក្ស​កាន់​អំណាច​ ​បាន​ប្រកាស​គាំទ្រ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ​ពេល​ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​សំឡេង​ដ៏​ច្រើន​លើស​លប់​ ​ខណៈ​ដែល​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​បដិសេធ​មិន​ផ្ដល់​យោបល់​អ្វី​ទាំង​អស់​ចំពោះ​ការ​បោះ​ឆ្នោត​ដែល​មាន​ការរិះគន់។

រូបឯកសារ៖ លោក Geng Shuang អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ការិយាល័យ​ក្រសួង​ការបរទេស​ចិន​ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃចន្ទ ទី ៤ ខែកញ្ញា ឆ្នាំ២០១៧។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ទី​ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ចន្ទ លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន បាន​ពោល​សរសើរ​ពីការរៀប​ចំការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា ដែល​ជាសម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​ទី​ក្រុង​ប៉េកាំង​នៅ​តំបន់​អាស៊ី​អគ្នេយ៍។​

លោក​ ​Geng Shuang​ ​បាន​ថ្លែង​ថា៖​

​«ក្នុង​នាមជា​អ្នក​ជិត​ខាង និង​ជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា ប្រទេស​ចិន​សូម​អបអរ​ដោយ​ស្មោះស្ម័គ្រ​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​រៀបចំ​ដោយ​ជោគ​ជ័យនូវ​ការ​បោះ​ឆ្នោត​រដ្ឋសភា​នីតិកាល​ទី​មួយ និង​សូម​អបអរគណ​បក្ស​ប្រជាជន​កម្ពុជា ដែលដឹក​នាំដោយ​លោក​ប្រធាន ហ៊ុន សែន ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត»។​

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិន​រូប​នេះ​បាន​និយាយ​បន្ត​ថា៖​

«យើង​សង្ឃឹម​ថា ក្រោម​ការ​ដឹក​នាំរបស់​រដ្ឋសភា​ថ្មី និង​រដ្ឋាភិបាល​ថ្មី​ដែល​លេច​រូបរាង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រជាជន​កម្ពុជា​នឹង​សម្រេច​បាន​នូវ​សមិទ្ធផល​កាន់​តែ​ធំ​ធេង​ឡើង ក្នុង​ការអភិវឌ្ឍ​ជាតិ​របស់​គេ»។​

​គណ​បក្ស​ប្រជាជន​កម្ពុជាបាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ថា​ខ្លួន​បាន​ឈ្នះ​អសនៈ​ទាំង​អស់​១២៥​ក្នុង​រដ្ឋសភា​ ​ខណៈ​ដែល​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ទើប​បាន​តម្លើង​អត្រា​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ថា​មាន​កម្រិត​ ​៨២,៨៧%​ ​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​មាន​ឈ្មោះ​ក្នុង​បញ្ជី​ ​៨,៣៣លាន​នាក់។

បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​បាន​បញ្ចេញ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​អំពី​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ ​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ អូស្ត្រាលី​ កាណាដា​ ​នូវ​ែលសេឡង់​ ​បារាំង​ ​អាឡឺម៉ង់​ ​និង​សហភាព​អឺរ៉ុប​ ​បាន​ចោទ​សួរ​អំពី​ភាពស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ដែល​កើត​មាន ជា​មួយ​នឹង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ជាគូ​ប្រជែង​ដ៏​ចម្បង​របស់​បក្ស​កាន់​អំណាច​ ​និង​ការ​បង្ក្រាប​លើបណ្ដា​អង្គការ​សង្គម​ស៊ីវិល​ ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​នៅ​មុន​ការ​បោះ​ឆ្នោត។​

ក្នុង​សន្និសិទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​នា​ទីក្រុង​ប៉េកាំង​ ​លោក​ ​Geng Shuang​ ​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​ចិនផ្ដល់​អត្ថាធិប្បាយតបទៅ​នឹង​សំណួរ​របស់អ្នក​សារ​ព័ត៌មាន​ ​ដែល​សួរ​អំពី​អ​វត្ត​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ គ្រាន់​តែ​បាន​និយាយ​ថា​ ​«ការ​បោះ​ឆ្នោត​ឆ្នោត​រដ្ឋសភា​ ​គឺ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ​និង​ជា​ព្រឹត្តិ​ការណ៍​មួយ​ដ៏​ធំ​ក្នុង​ឆាក​ជីវិត​នយោបាយ​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប»។​

ប្រទេស​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថាជា​ប្រទេស​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ជាប្រមុខដឹក​នាំ និង​ដែល​បាន​ការពារ​ទី​ក្រុង​ភ្នំពេញនៅ​ចំពោះ​មុខ​ការព្រួត​រិះគន់​ពី​សំណាក់​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​ ​ទៅ​លើការ​បង្ក្រាប​នយោបាយ​នៅ​ប្រទេស​កម្ពុជា​មុន​ការ​បោះ​ឆ្នោត។​

ការ​បង្ក្រាប​នយោបាយ​ចាប់​មាន​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០១៧។​ ​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​នៅ​ប្រកៀក​ផ្នែក​ប្រជាប្រិយ​ភាព​នឹង​បក្ស​កាន់​អំណាច​នាការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៣​ ​និង​ឆ្នាំ​២០១៧​ ​ត្រូវ​បាន​រំលាយ​ដោយ​តក់ក្រហល់​ក្រោម​សាល​ដីកា​រ​តុលា​ការ​កំពូល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។​ ​ប្រធាន​គណ​បក្ស​គឺ​លោក​ ​កឹម សុខា​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ចូល​ដៃ​ជើង​នឹង​សហរដ្ឋ​អាមេរិក​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ ​រួម​ទាំង​ឥស្សរជន​នយោបាយ​១១៧​នាក់​ផ្សេង​ទៀត​ ​បាន​ត្រូវ​រង​បម្រាម​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​ប្រាំឆ្នាំ។​

ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ផង​ដែរ​ ​បណ្ដា​អង្គការ​សង្គម​ស៊ី​វិល​ ​និង​បណ្ដាញ​ប្រព័ន្ធ​ឃោសនា​មហា​ជន​ឯករាជ្យ​ ​ក៏​បាន​ត្អូញត្អែរថា​ពួក​ខ្លួន​ត្រូវ​ទទួល​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផង​ដែរ។​

ខណៈ​ដែល​ការ​បង្ក្រាប​ខាង​នយោបាយ​មាន​វត្ត​មាន​នៅ​កម្ពុជា ទំនាក់​ទំនងរវាង​កម្ពុជា និង​បស្ចិម​លោក​បាន​ស្គាល់​នូវ​ភាព​រកាំរកូស​ ​ក៏​ប៉ុន្តែ​ប្រទេស​កម្ពុជា​នៅ​រក្សា​បាន​ទំនាក់​ទំនងជាប់​លាប់ និង​ជិត​ស្និទ្ធ​ជា​មួយ​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន ដែល​គូ​ប្រជែង​យុទ្ធសាស្ត្រ​នឹង​គ្នា ក្នុង​ភូមិ​សាស្ត្រ​នយោបាយ​អាស៊ី។​

លោក Yoshihide Suga​ ​នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ក្នុង​ទីក្រុង​តូក្យូ នៅ​ថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៧។

នៅ​ពេល​ត្រូវ​បាន​អ្នក​សារ​ព័ត៌មាន​ចោទ​សួរ​អំពី​គោល​ជំហរ​ជា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ជប៉ុន ទៅ​លើការ​បោះ​ឆ្នោត​នៅ​កម្ពុជា លោក​ ​Yoshihide Suga​ ​នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន បានថ្លែង​យ៉ាង​ដូច្នេះ​ថា៖​

«ក្នុង​នាមជា​រដ្ឋាភិបាល​ប្រទេស​ជប៉ុន យើង​មិន​បាន​ដាក់​ពង្រាយ​មន្ត្រី​អធិការកិច្ច​ណាម្នាក់​ទៅ​អង្កេត​ការ​បោះ​ឆ្នោត​[​នៅ​កម្ពុជា​]​ឡើយ ហេតុ​ដូច្នេះ ខ្ញុំ​នឹង​មិន​មាន​យោបល់​អ្វី​នោះ​ទេ​សម្រាប់​អ្នក ទាក់​ទិន​នឹង​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា»។

ជប៉ុន​ ​ជា​មួយ​នឹង​ ​សហភាព​អឺរ៉ុប គឺជា​ដៃ​គូ​ចម្បង​ចំនួន​ពីរ​របស់​កម្ពុជា ក្នង​ដំណើរ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​តាំង​តែពីឆ្នាំ​២០១៥មក។​ ​បើ​ទោះ​ជា​សហភាព​អឺរ៉ុប​បាន​ដក​ខ្លួន​ចេញ​លែងផ្ដល់​ជំនួយ​ដល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧​ ​នៅ​ចំ​កណ្ដាល​នៃ​ការ​បង្ក្រាប​នយោបាយ​ ​ជប៉ុន​នៅ​បន្ត​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ជា​ហូរហែរ​មកទល់​នឹង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។​

ក៏​ប៉ុន្តែ ទោះ​ជា​ជប៉ុន​នៅ​បន្ត​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​ ​គ.ជ.ប.​ក៏ដោយ ក៏​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​បាន​ ប្រទេស​ជប៉ុន​បាន​ប្រកាស​មិន​បញ្ជូនអ្នក​អង្កេត​ការណ៍​តំណាង​រដ្ឋាភិបាល​ក្រុង​តូក្យូ​ឲ្យ​មក​ចូល​រួម​តាម​ដាន​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ៕ ប្រភព៖ VOA