ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃ​ពុធ​ម្សិលមិញ​បានសរសេរ​សារ​Twitter ​ប្រាប់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​​អាមេរិក លោកJeff Seesions ​ឲ្យ​បិទបញ្ចប់​ដំណើរ​ការស៊ើបអង្កេត​លើ​ការលូកដៃ​របស់​រុស្ស៊ី​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី អាមេរិក។ នៅមួយថ្ងៃ​ក្រោយ ប្រធាន​ក្រុមឃោសនា​បោះឆ្នោត​របស់​លោក ត្រូវ​ខ្លួន​ទៅ​ជំនុំជម្រះ​នៅ​តុលាការ​ក្រុង​វ៉ាស៊ីនតោន លោកដូណាល់ត្រាំ បាន​និយាយ​ប្រាប់​ឲ្យ​រដ្ឋមន្រ្តី​របស់លោក​ឲ្យ​បិទបញ្ចប់​ការស៊ើបអង្កេត ដែល​កំពុង​រំខាន​អាណត្តិ​ប្រធានាធិបតី​របស់លោក។

នៅក្នុង​សារTwitter ប្រធានាធិបតី អាមេរិក បាន​វាយតម្លៃថា រដ្ឋមន្រ្តី​យុត្តិធម៌ លោក​Jeff Sessions គួរ​ត្រូវ​បិទបញ្ចប់​ជា​បន្ទាន់ ការស៊ើបអង្កេត​ទៅលើ​ការជាប់ពាក់ព័ន្ធ​រវាង​រុស្ស៊ី ហើយ​និង​ក្រុមឃោសនា​បោះឆ្នោត​របស់លោក នៅក្នុងអំឡុង​​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦។ លោកដូណាល់ ត្រាំ ធ្លាប់​​បាន​បរិហាររហូតមក ថា ​ដំណើរការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស ជា​ការប្រឌិតរឿង​ដើម្បី​តាម​ប្រមាញ់​ចាប់​មេធ្មប់។ នៅក្នុងបណ្តាញ​សង្គម​Twitterនៅ​ថ្ងៃ​ម្សិលមិញ លោក​ប្រធានាធិបតី អាមេរិក​បាន​បញ្ជាក់ប្រាប់​រដ្ឋមន្រ្តី​យុត្តិធម៌ត្រូវបិទបញ្ចប់​សំណុំរឿងស៊ើបអង្កេត​មួយនេះ នៅមុន​ពេល​ដែល​វា​ធ្វើ​ឲ្យ​ប្រលាក់ខូចឈ្មោះអាមេរិក។

នៅក្នុង​សំណុំរឿង​ស៊ើបអង្កេត​លើការលូកដៃ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​អាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃ​អាទិត្យ បាន​សរសេរ​រិះគន់​ បរិហារជាថ្មី រដ្ឋអាជ្ញាពិសេស លោក​Robert Mueller ថា ធ្លាប់​មាន​ជម្លោះ​ផលប្រយោជន៍ជាមួយលោក។ កន្លងមក ដើម្បីដកសិទ្ធិ​របស់​​លោក Robert Mueller ពីតួនាទី​ជា​រដ្ឋអាជ្ញាពិសេស លោកដូណាល់ ត្រាំ ធ្លាប់​បាន​លើកឡើង​រួចហើយពីជម្លោះ​ផលប្រយោជន៍ រវាង​លោក ហើយ​និង​ ប៉ុន្តែ​មិន​ដែល​និយាយ​លម្អិត​នោះទេ។ ទើប​តែ​នៅថ្ងៃអាទិត្យ លោកដូណាល់ ត្រាំ​បាន​សរសេរ​​ថា លោក​Robert Mueller មាន​ជម្លោះ​ផលប្រយោជន៍​ជាមួយលោក ក្នុង​រឿង​មុខជំនួញ ហើយ​និង​ថា លោក​ធ្លាប់​បាន​បដិសេធ​មិន​ព្រម​តែងតាំង លោកRobert Mueller ជា​ប្រធាន​ប៉ូលិសFBI។

តាម​កាសែតNew York Times ចុះផ្សាយ​កាលពី​ខែ​មករាដើមឆ្នាំនេះ លោកដូណាល់ ​ត្រាំ​ចង់​ដក​លោក​Robert Mueller ពី​តំណែង​រដ្ឋអាជ្ញាពិសេស ស៊ើបអង្កេត​លើ​សំណុំរឿង​រុស្ស៊ី តាំងពីពាក់កណ្តាល​ឆ្នាំ មុនម្ល៉េះ ប៉ុន្តែ លោក​បាន​ឈប់​ទៅវិញ បន្ទាប់​ពីមាន​ពាក្យគំរាមលាលែង​ពីតំណែង​របស់​ទីប្រឹក្សា​ច្បាប់​របស់​លោក​នៅ​សេតវិមាន។

លោក​រដ្ឋមន្រ្តី​យុត្តិធម៌ Jeff Sessionsផ្ទាល់​ ក៏​គ្មាន​សមត្ថភាព លូកដៃអន្តរាគមន៍​​ក្នុង​ការដំណើរការស៊ើបអង្កេត​លើ​សំណុំរឿង​រុស្ស៊ី​នេះដែរ ពីព្រោះ​លោក​បាន​ប្រកាស​ដកខ្លួន នៅក្រោយពេល​លោក​បាន​ខកខាន​មិន​បាន​ជូនដំណឹង​ទៅ​ព្រឹទ្ធសភា ពីជំនួប​រវាង​លោក ហើយ​និង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី នៅ​មុន​ពេល​លោក​ចូល​ធ្វើអ្នកទទួល​ខុសត្រូវ​លើ​យុទ្ធនាការឃោសនា​បោះឆ្នោត​ឲ្យ​លោកដូណាល់​ត្រាំ។ គឺ អនុរដ្ឋមន្រ្តី​យុត្តិធម៌ លោក Rod Rosenstein ដែល​ជាអ្នកជ្រើសតាំង​អតីត​មេប៉ូលិស FBI ​លោក​Robert Mueller ឲ្យ​ធ្វើ​ជា​រដ្ឋអាជ្ញាពិសេស ដែល​ស៊ើបអង្កេត​ទៅលើ​ការលូកដៃ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី។ ការិយាល័យ​របស់​រដ្ឋអាជ្ញាពិសេស​ស្រាវជ្រាវចង់​ដឹង​ផងដែរថា លោកដូណាល់ ត្រាំ មាន​បាន​ប៉ុនប៉ង​រំខាន​ការងារស៊ើបអង្កេត​​របស់​តុលាការ​ដែរឬទេ។ នៅ​អតីតកាល ការប៉ុនប៉ង​របស់​ប្រធានាធិបតី​​ដើម្បី​រារាំង ការងារ​របស់​ក្រុមស៊ើបអង្កេត​បាន​ជំរុញ​ឲ្យ​សភាអាមេរិក​បោះឆ្នោត​ទម្លាក់ ​លោក​Nexion ចេញ​ពី​តំណែង​ប្រធានាធិបតី៕

នៅក្នុង​របាយការណ៍​ចេញផ្សាយ​ជាផ្លូវការ​នៅ​ខែ​មករា ឆ្នាំ ២០១៧ គឺ​នៅមុន​ស្បថចូល​កាន់តំណែង​ជាប្រធានាធិបតី​របស់ លោកដូណាល់ ត្រាំ ទីភ្នាក់ងារ​CIA FBI ហើយ​និង​NSA​បាន​សន្និដ្ឋាន​ថា មាន​ការលូកដៃ​របស់​រុស្ស៊ី ដើម្បី​ជួយ​លោកដូណាល់ ត្រាំ ឈ្នះ លើ​គូប្រកួតប្រជែង គឺ​លោកស្រី ហីឡារី គ្លីនតុន ដែល​គ្មានជំហរ​ទន់ភ្លន់​ជាមួយ​រុស្ស៊ី៕ ប្រភព៖ RFI