រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Mike Pompeo ​នឹង​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការ​បរទេស​នានា​នៃ​បណ្ដា​ប្រទេស​អាស៊ាន នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​សប្ដាហ៍​នេះ។

Loading...

លោក Pompeo នឹង​ផ្សព្វផ្សាយ​ទស្សនវិស័យ​របស់​រដ្ឋបាល​លោក ដូណាល់​ ត្រាំ​ អំពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​ដែល​មាន​លក្ខណៈ​សេរី និង​បើក​ចំហ ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​កូរ៉េ​ខាង​ជើង​ប្រហែល​ជា​ចំណុច​ផ្ដោត​ខ្លាំង​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នេះ។

នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ី​បូព៌ា លោក Pompeo នឹង​ជួប​ជាមួយ​នឹង​សមភាគី​ទាំង​១៧​រូប របស់​លោក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង វិបត្តិ​រ៉ូហ៊ីងយ៉ា​ នៅ​ក្នុង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា បញ្ហា​សន្តិសុខ​អ៊ីនធឺណិត និង​បញ្ហា​ផ្សេងៗ​ទៀត។

ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​សួរ​ថា​តើ​លោក Pompeo នឹង​មាន​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​លោក ​Ri Yong Ho នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​មួយ​រូប​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ប្រទេស​កូរ៉េ​ខាង​ជើង​ក៏​ចូល​រួម​នៅ​ក្នុង​វេទិកា​ថ្នាក់​តំបន់​អាស៊ាន​នេះ​ដែរ ក្នុង​ចំណោម​ប្រទេស​ចំនួន​២៧។ ដូច្នេះ​ប្រាកដ​ជា​មាន​ការ​ពិភាក្សា​ដាច់​ដោយ​ឡែក​មួយ​ពី​បញ្ហា​កូរ៉េ​ខាង​ជើង»។

ក្ដី​បារម្ភ​អំពី​សកម្មភាព​នុយក្លេអ៊ែរ និង​មីស៊ីល​ជា​បន្ត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​កើន​ឡើង បន្ទាប់​ពី​សារព័ត៌មាន ​The Washington Post ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ជឿ​ថា​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កំពុង​បន្ត​ផលិត​មីស៊ីល​ថ្មី​នៅ​ក្នុង​រោងចក្រ​ស្រាវ​ជ្រាវ​ដែល​កូរ៉េ​ខាង​ជើង​បាន​ប្រើ​ដើម្បី​ផលិត​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប ដែល​អាច​មាន​លទ្ធភាព​ហោះ​ដល់​តំបន់​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក​បាន។

នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​សិង្ហបុរី លោក Pompeo នឹង​ឈប់​សំចត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី Mahathir Mohamad អំពី​ផល​ប្រយោជន៍​រួម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ដែល​ក្នុង​មាន​ទាំង​បញ្ហា​ពាណិជ្ជកម្ម និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ផង​ដែរ។

នៅ​ក្នុង​ដំណើរ​ត្រឡប់​មក​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ បន្ទាប់ពី​កិច្ច​ប្រជុំ​នោះ​បញ្ចប់​ទៅ លោក Pompeo នឹង​ឈប់​សំចត​នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo ដើម្បី​បញ្ជាក់​ឡើង​វិញ​អំពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​ជាមួយ​នឹង​ប្រទេស​ឥណ្ឌូនេស៊ី៕ ប្រភព៖ VOA