ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិល​មិញ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ឆ្លើយ​តប​ទៅ​នឹង​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ដែល​បាន​ធ្វើ​ការ​រិះគន់​ដល់​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩​កក្កដា​នៅ​កម្ពុជា។ ការ​ចេញ​សេចក្តី​ថ្លែងការណ៍​បែប​ពន្យល់​នេះ ធ្វើ​ឡើង ខណៈ​ដែល​សហរដ្ឋ​អាមេរិក កាណាដា សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សោក​ស្តាយ​ដល់​ការ​រៀប​ចំ​បោះ​ឆ្នោត ដែល​អវត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កំរាស់​ជាង​២​ទំព័រ រួម​មាន​៧​ចំណុច ក្រសួង​ការ​បរទេស​កម្ពុជា បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​ការ​វាយ​តម្លៃ ដោយ​មូលហេតុ​នយោបាយ របស់​រដ្ឋាភិបាល បរទេស​មួយ​ចំនួន ដែល​បាន​បដិសេធ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​មក​កម្ពុជា ដើម្បី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ប៉ុន្តែ​បែរ​ជា​ប្រកាស​តាំង​ពី​ពេល​ចាប់​ផ្តើម​រហូត​ដល់​ពេល​បញ្ចប់​ថា ការ​បោះ​ឆ្នោត​នេះ មិន​សេរី និង​យុត្តិធម៌។

ការ​មិន​អើពើ​ទៅ​ដល់​គុណភាព​បច្ចេកទេស​នៃ​ដំណើរ​ការ​បោះ​ឆ្នោត គឺ​មាន​ន័យ​ស្មើ​នឹង​ការ​មិន​ឲ្យ​តម្លៃ​ដល់​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​សម្តែង​ចេញ​តាម​រយៈ​សន្លឹក​ឆ្នោត​ចំនួន​ជិត​៧​លាន​សន្លឹក។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍ ក្រសួង​ការ​បរទេស។ ក្រសួង​ដដែល​បញ្ជាក់​ទៀត​ថា ឥរិយាបថ​បែប​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្មារតី​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ដែល​ត្រូវ​បាន​ពង្រឹង​តាំង​ពី​យូរ​មក​ហើយ និង​បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ចំពោះ​ភាព​ស្មោះ​ត្រង់​ពិត​ប្រាកដ ដែល​ចង់​ឃើញ​ប្រទេស​កម្ពុជា​រីក​ចំរើន​ទៅ​មុខ​ទៀត នៅ​ក្នុង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ឥត​ងាក​ក្រោយ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​រីករាយ​ជាមួយ​នឹង​សន្តិភាព ដ៏​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដ៏​ឋិត​ឋេរ។

ក្រៅ​ពី​នេះ សេចក្តី​ថ្លែងការណ៍​ក៏​បាន​លើក​ឡើង ដោយ​ពន្យល់​ចំណុច​ចំនួន​៦​ផ្សេង​ទៀត ទាក់​ទង​ទៅ​នឹង​បរិយាកាស​សន្តិភាព​នៃ​ការ​បោះ​ឆ្នោត សំអាង​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ដែល​ទទួល​ស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប) អត្រា​អ្នក​បោះ​ឆ្នោត​ដែល​អាច​ទទួល​យក​បាន​ជាង​៨២​ភាគ​រយ លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត និង​អ្នក​សង្កេតការណ៍​មក​ពី​ប្រទេស​ចំនួន​៥២ និង​សមាគម ស្ថាប័ន​បរទេស​នានា​ធ្វើ​ជា​សាក្សី។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​ប្រទេស​មួយ​ចំនួន បាន​បង្ហាញ​នូវ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា​មក។ ប្រទេស​លោក​ខាង​លិច​ទាំង​នោះ​រួម​មាន សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី បារាំង អាឡឺម៉ង់ នូវែលហ្សេឡង់ ដោយ​ពួក​គេ លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ កឹម សុខា ដក​បំរាម​នយោបាយ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ បើក​ទូលាយ​លំហរ​សេរីភាព​នៃ​អង្គការ​សង្គម​ស៊ីវិល ធានា​សិទ្ធិ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​នយោបាយ​ដោយ​សន្តិវិធី និង​អំពាវនាវ​ឲ្យ​កម្ពុជា​វិល​ទៅ​រក​គោលការណ៍​ប្រជាធិបតេយ្យ គោរព​តាម​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជា​ដើម៕ ប្រភព៖ RFI