វ៉ាស៊ីនតោន —អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) បាន​ថ្លែង​ថា នឹង​មិន​មាន​ការ​បោះឆ្នោត​សាជាថ្មី​ឡើយ​ សម្រាប់​អាណត្តិ​ទី​៦​នេះ ទោះ​បី​ជា​មាន​ប្រតិកម្ម​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែលមិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រកាលពី​ថ្ងៃ​អាទិត្យ​នោះ​ក៏​ដោយ។

Loading...

លោក ហង្ស​ ពុទ្ធា អ្នកនាំពាក្យ​ម្នាក់​របស់​គ.ជ.ប បាន​មាន​ប្រសាសន៍​ប្រាប់VOAនៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​យ៉ាង​ដូច្នេះ​ថា «‍នឹង​មិន​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ទេ​ នៅ​អាណត្តិ​នេះ»។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​ ខណៈ​ដែល​សហគមន៍​អន្តរជាតិ​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ដូចជា​សហរដ្ឋ​អាមេរិក កាណាដា អង់គ្លេស អូស្ត្រាលី នូវែលហ្សេឡង់ និង​សហភាព​អឺរ៉ុប​ជា​ដើម បាន​ថ្កោលទោស​ការ​បោះឆ្នោត​នេះ ដោយ​បាន​ចាត់​ទុក​ថា វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ ឬខ្វះ​ភាព​គួរ​ឱ្យ​ជឿជាក់​បាន ដោយ​សារ​តែ​អវត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​គឺ​គណបក្ស​សង្គ្រោះ​ជាតិក្នុង​ការ​បោះឆ្នោត​នេះ។​

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​Hello VOA កាល​ពី​ថ្ងៃ​ពុធ​ ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​ពិចារណា​ រៀបចំ​ការ​បោះឆ្នោត​សាជាថ្មី។

លោក​បាន​មានប្រសាសន៍​ថា ៖ «‍អ្វី​ដែល​យើង​ចង់​បាន ដើម្បី​ដោះស្រាយ​បញ្ហា​នោះ គឺ​លុប​ចោល​ទៅ​អាការ​បោះឆ្នោត​ក្លែងក្លាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ហ្នឹង។ គឺ​រៀបចំ​ការ​បោះឆ្នោត​មែនទែន»។​

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត បង្ហាញ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជាង​៨​លាន​៣​សែន​នាក់ មាន​ជិត​៧​លាន​នាក់​ឬ​ស្មើ​នឹង​ជិត​៨៣% បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ។ ក្នុង​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​ជាង​៤​លាន​៨​សែន​ឬ​ជិត​៧៧%។ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ លទ្ធផល​នេះ ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច កាន់កាប់​អាសនៈ​សភា​ទាំង​១២៥​ សម្រាប់​អាណត្តិ​ទី​៦​នេះ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហង្ស​ ពុទ្ធា មាន​ប្រសាសន៍​ថា «‍គឺ​មិន​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ទេ​នៅ​អាណត្តិ​នេះ ពី​ព្រោះ​ថា មតិ​ទាំង​ឡាយ​ដែល​ជំទាស់​នឹង​ការ​បោះឆ្នោត​នេះ គឺ​ជា​មតិ​នៃ​ក្រុម​ភ័ន្ត​ច្រឡំ​ បាទ»៕ ប្រភព៖ VOA