​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា “​សុខ​សប្បាយ​ជា​ទេ​បងប្អូន​កូនក្មួយ​? ថ្ងៃនេះ​ពូ​សប្បាយចិត្ត​ណាស់ ដែល​បាន​បន្ត​ចុះ​ជួប​សួរសុខទុក្ខ​កូនក្មួយ​កម្មករ តាម​ការសន្យា​របស់​ពូ កាល​មុន​បោះឆ្នោត គឺ​ប្រសិនបើ​គណបក្ស​ប្រជាជន ឈ្នះឆ្នោត ពូ​នឹង​បន្ត​ចុះ​ជួប​សួរសុខទុក្ខ កូនក្មួយ​កម្មករ ជា​បន្ត​នៅ​ទូទាំង​ប្រទេស​”​។​

​សម្តេច​តេជោ បាន​ថ្លែងថា “​ខ្ញុំ​សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ចំពោះ​កូនក្មួយ​កម្មករ ទូទាំង​ប្រទេស​ដែល​បាន​ទៅ​បោះឆ្នោត កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។ បងប្អូន​ជនរួមជាតិ បាន​ចូលរួម​នៅក្នុង​ដំណើរការ ប្រជាធិបតេយ្យ​តាម​រយៈ​ការ​ទៅ​បោះឆ្នោត ដែល​មាន​អត្រា​ជាង (៨២%) ដែលមាន​សារសំខាន់​បំផុត​សម្រាប់​ប្រទេសជាតិ​យើង​។ សូម​អរគុណ​ម្ចាស់​រោងចក្រ​ទាំង​២៤ ដែល​បាន​ផ្តល់ឱកាស ឲ្យ​កូន​ក្មួយ​បាន​មក​ជួបជុំ​ខ្ញុំ និ​បាន​ឈប់​សម្រាក​នៅ​រសៀល​ថ្ងៃ​នេះ ។ ពូ​សូម​អរគុណ​កូនក្មួយ​កម្មករ​ទាំងអស់ ដែល​បាន​ស្វាគមន៍​បដិសណ្ឋារកិច្ច ពូ​យ៉ាង​រាក់​កក់ក្តៅ​នៅ​ព្រឹក​ថ្ងៃ​នេះ ដែល​បង្ហាញអោយឃើញ​ពី​ការគោរព​ស្រឡាញ់​រាប់​អាន​ដ៏​ជ្រាលជ្រៅ និង​គាំទ្រ​របស់​ក្មួយៗ​មក​លើ​រូប​ពូ​។ ពូ​ជូនពរ​ក្មួយៗ​មាន​ការងារ​ធ្វើ​ជាប់លាប់​ល្អៗ មាន​សុខភាព​ល្អ ជួបតែ​សេចក្តី​សុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​។ អរគុណ​ក្មួយៗ​ដែល​បាន​បោះឆ្នោតឲ្យ គណបក្ស​ប្រជាជន​កម្ពុជា លេខ​២០ ដើម្បី​ឲ្យ​ពូ​មានឱកាស​នៅ បន្ត​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន ក្រោម​ម្លប់​ដ៏​ត្រជាក់ នៃ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​សម្តេច​តេជោ បាន​លើកឡើង​ថា បងប្អូន​ធ្វើដំណើរ​តាម​កាណូត និង​តាម​រថភ្លើង​អត់​យក​ប្រាក់ FREE ។ កាល​ពី​ម្សិលមិញ​ថ្ងៃទី ១ សីហា ២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ ចំណត​កាណូត នៅ​ទីតាំង​ចំណត​ឫស្សីកែវ ដែល​បាន​ដាក់​ឲ្យ​សាធារណជន​ប្រើប្រាស់​រួច​ហើយ​។ ទន្ទឹមនឹងនេះ ផ្លូវ​រថភ្លើង​ពី​ទីក្រុង​ភ្នំពេញ ទៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​​បន្ទាយមានជ័យ ក៏​ត្រូវបាន​ត​ភ្ជាប់​រួចហើយ បាន​ដាក់ឲ្យ​ដំណើរការ​រួចហើយ​ដែរ កាលពី​ពេល​ថ្មីៗ​នេះ ដើម្បី​បម្រើ​ដល់​ការធ្វើ​ដំណើរ និង​ក្នុង​ការដឹកជញ្ជូន​ទំនិញ​ផ្សេងៗ របស់​ពលរដ្ឋ និង​អាជីវករ​ឲ្យ​កាន់តែ​ងាយស្រួល​និង​មាន​តម្លៃថោក​”​។​

​សូម​អញ្ជើញ​បងប្អូន​ធ្វើដំណើរ​តាម​កាណូត (​ពី​ភ្នំពេញ​ទៅ​តា​ខ្មៅ​) និង​តាម​រថភ្លើង (​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត បន្ទាយមានជ័យ​) ចាប់ពី​ពេល​នេះ​រហូតដល់​ចុងឆ្នាំ ២០១៨ នេះ គឺ​មិន​យក​ថ្លៃ​ជិះ​ឡើយ (Free)​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​កំពុង​ស្នើសុំ​ទៅ​ក្រុមហ៊ុន Royal Railway របស់ អ្នកឧកញ៉ា គិត ម៉េង ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ តាម​រថភ្លើង មិន​គិតថ្លៃ​នៅក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ តាមរយៈ​ខ្សែ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​មកពី​តាម​រោងចក្រ សហគ្រាស​នានា​នៅ​រោងចក្រ​តំបន់​លូ​៥ ក្នុង​សង្កាត់​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

កម្មករ កម្ម​ការ​នី ដែល​នឹង​ជួប​សំណេះសំណាល​ជាមួយ សម្តេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​នេះ មាន​ចំនួន ១៤.៦៩៧​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​២៤ ដែល​ក្នុងនោះ​មក​ពី​ក្រុមហ៊ុន​ប្រទេស​ចិន​ចំនួន​១៩ កូរ៉េ​ចំនួន​២ សិង្ហ​បុរី​ចំនួន​១ និង​ខ្មែរ​ចំនួន​១​។ ក្នុង​នោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​២១ ផលិត​ស្បែកជើង​ចំនួន​២ និង​បោកគក់​ចំនួន​១​។ ផលិតផល​ទាំងអស់ ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទៅ​លើ​ទីផ្សា​ក្នុងប្រទេស​៕