ភ្នំពេញ ៖ បើ​យោងតាម​របាយការណ៍រ​បស់​គ្រឹះស្ថាន​អង្គរ​ នៅថ្ងៃទី១ខែសីហា បានឲ្យដឹងថា រយៈពេល​៧​ខែ ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​បរទេស ចំនួន​១.៥៤២.៨៣៩​នាក់ បានទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ដែលមានការកើន​៨,៩៧​ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដោយទទួលបាន​ចំណូល​សរុប​៦៩.៦៦៤.៨៦៨​ដុល្លារ​ កើន​១៥,៣៦​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។

Loading...

​គ្រឹះស្ថាន​អង្គរ​បញ្ជាក់ដែរថា រយៈពេល​៧​ខែ​កន្លងទៅនេះ ចំណូល​បាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​ចំនួន ៣.០៨៥.៦៧៨​ដុល្លារ ត្រូវបាន​បង់​ចូល​មូល​និធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​។

បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ សម្រាប់ពេញ១ខែកក្កដា ឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេសចំនួន១៨៥.៨៧៨នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើង១,៧៥ភាគរយ បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ដែលអាចរកចំណូលជូនរដ្ឋបាន ៨.១៩២.៥២១ដុល្លារ មានការកើនឡើង ០,៣៨ភាគរយ និងបានចំណូលចំនួន៣៧១.៧៥៦ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា៕ ដោយ ៖ កូឡាប