​ភ្នំពេញ ៖ ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿង​និង​ឧក្រិដ្ឋកម្ម ដែល​ហៅ​កាត់​ថា (UNODC) នឹង​ផ្តល់​នូវ​ការបណ្តុះបណ្តាល និង​សម្ភារៈ​មួយចំនួន​ដល់​អគ្គស្នងការដ្ឋាន​ន​គរ​បាល​ជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន និង​បទឧក្រិដ្ឋ​ផ្សេងៗ​ទៀត​នៅតាម​ព្រលានយន្តហោះ​អន្តរជាតិ កំពង់ផែ និង​ច្រកចេញចូល​នានា​នៅ​ប្រទេស​កម្ពុជា ។​

Loading...

​អ្នកស្រី ស៊ែ​ល​ស៊ី​លី ប្លូ​ណែត (Cecile Plunet) អ្នកសម្របសម្រួល​គម្រោង AIRCOP Global នៃ​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿង​និង​ឧក្រិដ្ឋកម្ម (UNODC) និង នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ បាន​ជួបពិភាក្សា​ការងារ លើ​ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន និង​បទឧក្រិដ្ឋ​ផ្សេងៗ​ទៀត នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នា​រសៀល​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។ អ្នកស្រី ស៊ែ​ល​ស៊ី​លី ប្លូ​ណែត បាន​លើកឡើង​ថា UNODC ដែលជា​អង្គការ​សហការ​ជាមួយ និង​គយ​ពិភពលោក នគរបាល​​អន្តរជាតិ គេ​នឹង​ជួយ​ដល់​ភាគី​កម្ពុជា ក្នុង​ការផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ផ្សេងៗ ក្នុង​ការកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ដែល​បាន​ប្រព្រឹត្ត​នូវ​បទឧក្រិដ្ឋ​នានា ហើយ​ឆ្លងកាត់​តាម​ព្រលានយន្តហោះ តាម​ច្រក​កំពង់ផែ និង​ច្រកព្រំដែន​ផ្សេង ។​

​លោកស្រី ស៊ែ​ល​ស៊ី​លី ប្លូ​ណែត (Cecile Plunet) បាន​លើកឡើង​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ ដែល​ត្រូវបាន​ជនល្មើស​លួច​ឆ្លងកាត់​នូវ​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ ជាក់ស្តែង​កាលពី​កន្លង​ទៅ​ថ្មីៗ​នេះ​នគរបាល និង​គយ​កម្ពុជា បាន​ចាប់​បាន​ជាច្រើន​នូវ​គ្រឿងញៀន និង​ភ្លុក​ដំរី តាម​ព្រលានយន្តហោះ និង​កំពង់ផែ ដែល​ឈ្មួញ​ទុច្ចរិត​បាន​យក​មក​ពី​ប្រទេស​ផ្សេង ហើយ​ឆ្លងកាត់​មក​កម្ពុជា ។​

​អ្នកស្រី​បាន​បន្តថា UNODC នឹង​ខិតខំ​ព្យាយាម​បន្ថែម​ទៀត​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ ទប់ស្កាត់​នូវ​បទល្មើស​ទាំងនេះ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត រួម​ទាំង​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​កម្ពុជា​ផ្លាស់ប្តូរ​បទពិសោធន៍​ទាក់ទង​នឹង​បញ្ហា​នេះ​នៅ​តាម​ប្រទេស​ដែល​ជា​ដៃគូរ​ផងដែរ ។​

​លោក នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ បាន​បន្តថា អង្គការ UNODC នេះ​គឺ​បាន​សហការ​ជាមួយ​ប្រទេស​នៅ​លើ​ពិភពលោក​ជាង​៣០ ហើយ​នៅ​ថ្ងៃនេះ​គេ​បាន​មក​ប្រទេស​កម្ពុជា ដើម្បី​ស្នើសុំ​កិច្ចសហប្រតិបត្តិការ ហើយ​ក៏​នឹង​សម្រេច​ចុះ​កិច្ចព្រមព្រៀង នាពេល​ខាងមុខ​នេះ​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​កិច្ចសហប្រតិបត្តិការទ​ប់​ស្កាត់​នូវ​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​ការជួញដូរ​នូវ​សត្វព្រៃ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្លាំងក្លា​បន្ថែមទៀត ៕