​ភ្នំពេញ ​៖ ​លោ​ស្រី ឆាយ សុវណ្ណ និង​ស្វាមី ឈ្មោះ ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក (ADHOC) ត្រូវបាន​គេ​ប្តឹង​ចូល​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់​ថា បាន​គេចវេស​មិន​ព្រម​បង់ពន្ធ​ថ្លៃឈ្នួល​ផ្ទះ ជូន​រដ្ឋ​លើ​ថ្លៃឈ្នួល​ផ្ទះ​របស់​ខ្លួន ដែល​បាន​ជួល​ឲ្យ​សមាគម​អាដហុក កាលពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជាក់បន្ថែម​ថា “​យើង​បាន​ទទួល​ពាក្យ​ប្តឹង (​ពី​បុគ្គល​ធ្វើការ​នៅ NGO ) ថា​ប្តី​ប្រពន្ធ​លោធ​ន សារាយ បាន​ប្រព្រឹត្ត​ពុករលួយ ដោយ​មិន​បង់​ប្រាក់​ពន្ធ​ថ្លៃ​ជួល​ផ្ទះ (​ពន្ធ​កាត់​ទុក​) (​ពាក្យ​ប្តឹង​ថ្ងៃទី​១៩​ខែមិថុនា ឆ្នាំ​២០១៨) ដើម្បី​មាន​មូលដ្ឋាន​ឲ្យ អ​.​ប​.​ព បើក​ការស៊ើបអង្កេត​បាន ឬ​អត់ អ​.​ប​.​ព បើក​ការស្រាវជ្រាវ​ប្រមូលព័ត៌មន ហើយ​ព័ត៌មាន ឯកសារ ភស្តុតាង ដែល​យើង​ប្រមូល​បាន​បង្ហាញថា ៖ ១) នេះ​មិនមែន​ជា​ករណី​ពុករលួយ​ទេ ព្រោះ​លោក ធន សារាយ មិន​បាន​សូក​អ្នកណា ហើយ​មន្ត្រី​ពន្ធដារ​មិន​បាន​ទារ​សំ​ណូល ឬ​ទារប្រាក់​អ្វី​បន្ថែម​អ្វី​ដែរ ។ ប្រសិនបើ​អ្នក​ទាំង​ពីរ​ប្តី​ប្រពន្ធ​មិន​បាន​បង់ពន្ធ​មែន វា​ជា​បទល្មើស ស្ថិត​ក្នុង​សមត្ថកិច្ច​អគ្គនាយកដ្ឋាន​ពន្ធដារ មិន​ស្ថិត​ក្នុង​សមត្ថកិច្ច អ​.​ប​.​ព​ទេ​។ អ្នក​ទាំង​ពីរ ពិតជា​បាន​ជួល​ផ្ទះ​របស់​ខ្លួន​ឲ្យទៅ​អង្គកា​ររបស់​ខ្លួនមែ​ន ហើយ​បាន​បង់ពន្ធ​កាត់​ទុក​គ្រប់​ចំនួន នេះ​បើ​យោងតាម​ប្រព័ន្ធ​កំព្យូទ័រ ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦​មក​។ មូលដ្ឋាន​ពីរ​ខាងលើ មិន​អាចឲ្យ អ​.​ប​.​ព អាច​បើក​ការស៊ើបអង្កេត តាម​ពា្យ​ប្តឹង​នេះ​បានទេ​។​

​ចំណែក​អគ្គនាយកដ្ឋាន​ពន្ធដារ បានប្រកាស​ផងដែរ​ថា ផ្អែកលើ​មូលដ្ឋាន​ច្បាប់ នៅពេល​សហ​គ្រាល​អ្នក​ជាប់ពន្ធ​ណាមួយ ត្រូវបាន​រកឃើញ​ថា​អនុវត្ត​កាតព្វកិច្ច​ពន្ធដារ​មិន​បាន​ត្រឹមត្រូវ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​ធ្វើការ​ជូនដំណឹង​ដល់​អ្នក​ជាប់​ពន្ធ​នោះ អំពី​កង្វះខាត​ក្នុង​ការបំពេញ កាតព្វកិច្ច​ពន្ធដា​ររ​បស់​ខ្លួន ឬ​ជូនដំណឹង​ស្តីពី​ការចុះ​ធ្វើ​សវនកម្ម​ពន្ធដារ តាម​វិធានការ​និង​នីតិវិធី ដែល​បាន​កំណត់​ដោយ​ច្បាប់​។ ដូច្នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​មិន​មាន​ហេតុផល​ណាមួយ ទាំង​ផ្នែក​ទិដ្ឋភាព​ច្បាប់ ទាំង​ក្នុង​ការអនុវត្ត​ជាក់ស្តែង ក្នុង​ការប្តឹង​អ្នក​ជាប់ពន្ធ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​គ្រាន់តែ​ការ​ខន​ខានមិនបាន​បង់​ប្រាក់ព​ន្ធ លើ​ថ្លៃ​ឈ្នួល​ផ្ទះ​បែបនេះ នោះឡើយ​។ ជាក់ស្តែង សូម្បីតែ​លោក​ធន សារាយ ផ្ទាល់ ដែល​ជា​ប្រធាន​សមាគម​អាដហុក ក៏​បាន​បញ្ជាក់​ច្បាស់​តាមរយៈ​បទ​សម្ភាសន៍ របស់​លោក​ថា​នេះ​មិនមែន​ជា​បណ្តឹង​ធ្វើ​ឡើយ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ទេ គឺ​អាច​ជា​បុគ្គលិក​ណា​ម្នាក់ ជា​អតីត​បុគ្គលិក​របស់​ស​មាគ​ម​អាដហុក ដែល​មាន​ការ​ថ្នាំងថ្នាក់ នឹង​សមាគម ទើប​បណ្តាលឲ្យ​គាត់​សម្រេចចិត្ត​ធ្វើ​បែប​នេះ​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ ជា​ស្ថាប័ន​អនុវត្ត​ច្បាប់ មាន​បេសកកម្ម​ប្រមូល​ចំណូល​ពន្ធ ហើយក៏​មិន​មាន​ចេតនា​នយោបាយ ឬ​ចេតនា​ផ្លូវ​ច្បាប់​ណាមួយ ដើម្បី​រក​លេស​ក្នុង​បំណង​បង្អាក់​សកម្មភាព​ការងារ​របស់​អង្គការ​សមាគម និង​សារព័ត៌មាន​ឯករាជ្យ ដូច​ការចោទប្រកាន់ នា​ពេល​កន្លងមក​នោះ​ទេ​។​

​សូមបញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឲ្យដឹងថា តាម​ការស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​នៃ​ការគ្រប់គ្រង​អចលនទ្រព្យ និង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​លើ​ឈ្នួល​ផ្ទះ និង​ដី​ខាងលើ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ នៃ​ការ​គ្រប់​គ្រង់​ប្រមូល​ចំណូល​ពន្ធ របស់​សាខា​ពន្ធដារ​ខណ្ឌដូនពេញ បានបង្ហាញ​ថា អាសយដ្ឋាន​ផ្ទះ​លេខ​៣ ផ្លូវ​លេខ​១៥៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​លេខ​សញ្ញាណ​កម្ម​អចលនទ្រព្យ ០២១០០២៦៧៣៧ ថ្ងៃ​ខែ​ឆ្នាំ​ចុះបញ្ជី​ពន្ធដារ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១១ បាន​ជួល​ទៅឲ្យ​សមាគម​អាដហុក តំណាង​ដោយ​លោក គា អ៊ិន មាន​លេខ​អត្តសញ្ញាណ​កម្មជួល​អចលនទ្រព្យ ROOM-១៦០០០១៤៥៣ ចុះ​ថ្ងៃ​ខែ​ឆ្នាំ​ចាប់ផ្តើម​ជួល​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៦ ក្នុង​មួយ​ខែ​តម្លៃ ឈ្នួល​ចំនួន​៩.២០០.០០០​រៀល ។ ផ្អែក​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋាន​​ពន្ធដា​រ ដែល​បាន​ចាប់ផ្តើម​ដាក់​ដំណើរ​កាលពី​ខែ មករា​ឆ្នាំ​២០១៦ មក បានបង្ហាញ​ថា ម្ចាស់ផ្ទះ​ជា​កម្មសិទ្ធិករ​ខាងលើ​ក៏​បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ដោយ​បាន​បង់​ប្រាក់​ពន្ធ​កាត់​ទុក​លើ​ឈ្នួល​ផ្ទះ និង​ដី​ចំនួន​១០​ភាគរយ គឺ​៩២០.០០០​រៀល ស្នើ​នឹង​ចំនួន​២៣០​ដុល្លារ ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០១៦ (​ពី​ខែ​មករា រហូតដល់​ខែ​ធ្នូ​) បាន​ត្រឹមត្រូវ ។ ចំពោះ​ទិន្នន័យ​ក្នុង​ឆ្នាំ​២០១៥ វិញ អគ្គនាយកដ្ឋាន​ពន្ធដា​រ មិនមាន​ទេ ព្រោះ​មិន​ទាន់​បាន​ដាក់ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Single Invoices នៅឡើយ​៕