ក្រសួងពាណិជ្ជកម្មអាមេរិក បានចេញរបាយការណ៍មួយ កាលពីថ្ងៃសុក្រ ទី៣ សីហា ដោយ​បានបង្ហាញតួលេខ ស្តីពីជញ្ជីងពាណិជ្ជកម្មរបស់អាមេរិក ដែលកាន់តែផ្អៀងធ្ងន់ខ្លាំង ទៅ​ខាង​ការនាំចូល។ ការនាំចូលទំនិញពីបរទេស មានទំហំកាន់តែធំលើស ការនាំចេញទំនិញ​អាមេរិក ទៅកាន់បរទេស។ គំលាតគ្នានេះ បានកើនឡើងចំនួន៧,៣% ក្នុងរវាង​១៩​ខែ​ចុងក្រោយ​នេះ បើទោះបីជារដ្ឋាភិបាលលោកដូណាល់ ត្រាំ បានគំរាម និងអនុវត្តពន្ធពិន័យ ទៅលើការនាំចូលទំនិញពីបរទេសខ្លះក៏ដោយ។

Loading...

គំលាតគ្នារវាងការនាំចេញ និងការនាំចូល នៃទំនិញ និងសេវាកម្មគ្រប់មុខនៅសហរដ្ឋ​អាមេរិក​ មានចំនួន៤៦,៣ពាន់លានដុល្លារ នៅក្នុងខែមិថុនា ឆ្នាំ២០១៨។ ចំនួននេះ បង្ហាញ​ថា ឱនភាពពាណិជ្ជកម្មរបស់អាមេរិក មានកាន់តែច្រើន ពោលគឺបានកើនឡើង ចំនួន​៧,៣% ដោយការនាំចេញបានថយចុះ ០,៧% នៅសល់ត្រឹម២១៣,៨ពាន់លានដុល្លារ​ រីឯការនាំចូលបានកើនឡើង ០,៦% ក្នុងទឹកប្រាក់សរុប២៦០,២ពាន់លានដុល្លារ។ កំណើន​នៃ​ឱនភាពនេះ គឺវាបានលើសទៅនឹងកម្រិតដែលអ្នកជំនាញបានរំពឹងថែមទៀតផង។

យោងតាមរបាយការណ៍ ចេញផ្សាយកាលពីថ្ងៃសុក្រ ដោយក្រសួងពាណិជ្ជកម្មអាមេរិក បានបង្ហាញថា ការនាំចេញរថយន្តរបស់អាមេរិក បានថយចុះក្នុងខែមិថុនា ចំនួន​៩០០​លាន​ដុល្លារ ចំណែកការនាំចេញយន្តហោះ បានថយចុះចំនួន២០០លានដុល្លារ។ ផ្ទុយទៅវិញ ការនាំចូលទំនិញឱសថសាស្ត្រ និងផលិតផលវិជ្ជសាស្ត្រ ព្រមទាំងផលិតផលបំលែងចេញពីប្រេងកាត បានកើនឡើង ក្នុងទឹកប្រាក់ចំនួន ១២០០លានដុល្លារ។

របាយការណ៍ក៏បង្ហាញដែរថា​ ​ឱនភាពជញ្ជីងពាណិជ្ជកម្ម រវាងអាមេរិក និងចិន បានកើនឡើង ១,៣% ស្មើនឹង៣២,៤៥ពាន់លានដុល្លារ រីឯជាមួយសហភាពអឺរ៉ុប ក៏កើនឡើងចំនួន៧,៨%។ ដូចគ្នាដែរ ជញ្ជីងពាណិជ្ជកម្មផ្នែកទំនិញរវាងអាមេរិក និងកាណាដា បានកើនឡើង២២,៤% ហើយជាមួយនិងមិចស៊ិក កើន១៤,៤៥% ដោយការនាំចេញទំនិញរបស់អាមេរិក សុទ្ធតែបានចុះថយទាំងអស់។

សូមរំលឹកថា កាលពីខែមិថុនា​ រដ្ឋាភិបាលលោកដូណាល់ត្រាំ បានសម្រេចដាក់ពន្ធពិន័យកប់ពពក ទៅលើផលិតផលបរទេស។ លោកដូណាល់ ត្រាំ បានដាក់កំហិតឲ្យចិន ត្រូវធ្វើយ៉ាងណា កាត់បន្ថយឱនភាពពាណិជ្ជកម្ម រវាងអាមេរិក និងចិន ឲ្យបាន​២០០​ពាន់​លាន​ដុល្លារ។ ចិន បានឆ្លើយតបមកវិញ ថា គេនឹងដាក់វិធានការពិន័យលើការនាំចូលទំនិញអាមេរិក ក្នុងទឹកប្រាក់ ៦០ពាន់លានដុល្លារ បើសិនជារដ្ឋាភិបាល​លោកដូណាល់ត្រាំ នៅតែរឹងចង់ពិន័យលើផលិតផលចិន។

គួរកត់សម្គាល់ថា ឱនភាពសេដ្ឋកិច្ចអាមេរិកនេះ បានកើនឡើង បើទោះបីជារដ្ឋាភិបាលលោកដូណាល់ ត្រាំ បានប្រកាសសង្រ្គាមពាណិជ្ជកម្ម ជាមួយប្រទេសជាច្រើនក៏ដោយ។ ពន្ធពិន័យលើការនាំចូលទំនិញបរទេស ដូចជាដែកថែប អាលុយមីញ៉ូម និងគំរោងដាក់ពន្ធពិន័យលើការនាំចូលរថយន្តពីបរទេស ហាក់មិនបានជួយទប់ឱនភាពនៃជញ្ជីងពាណិជ្ជកម្ម​នេះ​ទេ។ ផ្ទុយទៅវិញ ជាមួយនឹងការគំរាមវាយបក ពីសំណាក់ចិន ដែលចង់​បិទ​ការ​នាំចូល​ទំនិញខ្លះពីអាមេរិក គឺរិតតែធ្វើឲ្យទីផ្សារអាមេរិក ជួបការលំបាក។ ដូចប្រទេសដទៃ ដែលរងពន្ធពិន័យរបស់អាមេរិក មិចស៊ិក បានសម្រេច​វាយបកវិញ ទៅលើការនាំចូលទំនិញ ផលិតផលកសិឧស្សាហកម្ម ចំណីអាហាររបស់អាមេរិក៕ ប្រភព៖ RFI