សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅកាត់​ថា​អាស៊ាន និង​សហភាពអឺរ៉ុប បាន​បញ្ជាក់​រួម​ក្នុង​វេទិកា​អាស៊ាន​នៅ​ប្រទេស​សិង្ហបុរី​ ចុង​សប្តាហ៍​នេះ អំពី​ភាព​ចាំបាច់​ ត្រូវ​ប្រឈមនឹងសង្គ្រាម​ពាណិជ្ជកម្ម។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ បង្ក​ឡើង​ដោយ​​នយោបាយការពារ​ប្រយោជន៍​​តែ​ម្នាក់ឯង​និយម​របស់​លោកដូណាល់ ត្រាំនេះ សហភាពអឺរ៉ុប និងអាស៊ាន នឹង​ចាប់​ដៃ​គ្នាសាង​គំរូ​ផ្តោះប្តូរ​សេដ្ឋកិច្ច​សេរី។

នៅ​ក្នុង​វេទិកា ដែល​រៀង​ចំ​ឡើង​ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០ អាស៊ាន នៅ​ប្រទេ​សសិង្ហបុរី ប្រមុខ​ការទូត​សហភាព​អឺរ៉ុប លោកស្រី ហ្វេដេរីកា ម៉ូហ្កេរីនី Federica Mogherini បាន​ធានាអះអាង​ប្រាប់​សមភាគី​អាស៊ី​ថា អាស៊ាន​អាច​រំពឹងនិង​ជ្រើសរើស​សហភាព​អឺរ៉ុបមក​ធ្វើ​ជា​ដៃគូ​ផ្តោះប្តូរ​សេដ្ឋកិច្ច​បាន។ ព្រោះ​អឺរ៉ុប​មាន​នយោបាយ​ការពារ​ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម ដោយ​សេរី និង​ស្មើ​ភាព ដែល​ផ្តល់​ប្រយោជន៍​ដល់​គ្រប់​ភាគី​ ហើយមិន​ត្រូវការ​សង្គ្រាមពាណិជ្ជកម្ម​ដែល​ផ្តល់​តែ​ខាត​បង់​ឡើយ។

មាន​ន័យ​ថា ក្តី​សង្ឃឹម​ កំពុង​ចាប់​មាន​ពន្លឺ ! សហភាពអឺរ៉ុប​និង​អាស៊ាន នឹង​អាច​មាន​កិច្ចព្រមព្រៀង​​ផ្តោះប្តូរ​សេរីនៅ​ថ្ងៃ​អនាគត។ កិច្ចព្រមព្រៀង​ថ្នាក់​តំបន់ ដែល​នឹង​អាច​សម្រេច​បាន តាម​រយៈ​​​ ​​កិច្ចព្រមព្រៀង​បផ្តោះប្តូរ​សេដ្ឋកិច្ច​ទ្វេភាគី​ រវាង​សហភាព​អឺរ៉ុប និង​បណ្តាសមាជិក​អាស៊ាន​មួយ​ចំនួន ដែល​កំពុង​ចរចានាពេលនេះ។

សមាគម​អាស៊ាន ដែល​មាន​១០ ប្រទេស (ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ព្រុយណេ វៀតណាម ឡាវ ភូមា និងកម្ពុជា) និង​ប្រជាពលរដ្ឋ​សរុប​ជាង ៦៥០​លាន​នាក់ បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេដ្ឋកិច្ច​សេរី​ រវាងគ្នា​ក្នុង​រង្វង់​សមាគម និង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ក្នុង​តំបន់​​រួច​ហើយ។

មិន​ខុស​ពី​បណ្តា​ប្រទេស​ផ្សេងទៀតនៅលើ​ពិភពលោក អាស៊ាន បាន​សម្តែងក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង នៅក្នុង​វេទិកា​ឆ្នាំ​នេះ ចំពោះ​សង្គ្រាម​ពាណិជ្ជកម្មដែល​បង្ក​ឡើង​ដោយអាមេរិក ជាមួយសហភាព​អឺរ៉ុប និង​ជាពិសេស​ជាមួយ​ចិន។ សមាជិក​អាស៊ាន​សុទ្ធ​តែ​យល់​ដូច​គ្នា​ទាំង​អស់ ថា​សង្គ្រាមពាណិជ្ជកម្ម​គ្មាន​ផ្តល់​ចំណេញ​ដល់​ភាគី​ណាទេ ហើយ​សូម្បី​តែ​ភាគី​មិន​ពាក់ព័ន្ធ​ផ្ទាល់​នឹង​សង្គ្រាម ក៏​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ។

សូម​បញ្ជាក់​ថា សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក-ចិន កាន់​តែ​ដុន​ដាប។ ក្រោយ​ពី​អាមេរិក​បាន​​ប្រកាស​​​ដំឡើង​ពន្ធ​នាំ​ចូល​ផលិតផល​​ចិន​​ ដល់​២៥% ចាប់​ពី​ខែ​កញ្ញា​ទៅ ​ចិន​បាន​ប្រកាស​តប​ត​វិញ​នៅ​ថ្ងៃនេះ ពី​វេទិកាអាស៊ាន ​​សម្រេចដំឡើងពន្ធ​លើ​ទំនិញ​អាមេរិក​ពី ៥ទៅ​២៥%​វិញ។ សម្រាប់​ប្រមុខ​ការទូត​ចិន វិធានការតបត​បែប​​នេះ​ គឺ​ដើម្បីការពារ​ប្រព័ន្ធ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​ពិភពលោក ដែល​គាំទ្រ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកOMC៕ ប្រភព៖ RFI