នៅ​តាម​ចិញ្ចើមផ្លូវ​នៃ​វិថី Kensington ក្នុង​ទីក្រុង​ហ្វីឡាដាហ្វៀ​ រដ្ឋ Pennsylvania ភាគឦសាន​សហរដ្ឋ​អាមេរិក​ ពួកអ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​បាន​បោះតង់​ធ្វើ​ជា​ផ្ទះ​សម្បែង​របស់​ពួកគេ។ ពួកគេ​ភាគច្រើន​រស់នៅ​ក្នុង​តង់​ដែល​ស្ថិត​នៅ​ក្រោម​ស្ពាន​ផ្លូវ​រថភ្លើង​ចាស់​មួយ​ដែល​មាន​ពន្លឺ​ភ្លើង​ស្រអាប់​ និង​ពោរពេញ​ទៅ​ដោយ​សំរាម​ថង់ប្លាស្ទិក​នៅ​រាយប៉ាយ​ពាសពេញ។

Eric Belfoire បាន​ចាប់ផ្តើម​ប្រើប្រាស់​ថ្នាំញៀន​តាំង​ពី​អាយុ១៦ឆ្នាំ។ នៅ​ពេល​មាន​អាយុ២០ឆ្នាំ Eric បាន​ប្រើប្រាស់​ថ្នាំញៀន​កាន់​ខ្លាំង​ឡើង​រហូត​ដល់​ចាក់​បញ្ជូល​តាម​សសៃ។ ឥឡូវ​នេះ​លោក​មាន​អាយុ៣៦ឆ្នាំ​ ហើយ​លោក​បាន​ភ្ញាក់​ខ្លួន​ថា​លោក​បាន​បាត់បង់​អ្វីៗ​គ្រប់យ៉ាង​ ទាំង​ក្រុមគ្រួសារ​ មិត្តភ័ក្តិ​និង​ការងារ។ ហើយ​ឥឡូវ​នេះ​ លោក​រស់នៅ​ក្នុង​តង់​នៅតាម​វិថី Kensington។

ក្មេងៗ​ដើរ​លេង​និង​ជិះកង់​នៅតាម​តង់​នានា​ដែល​បាន​បោះ​នៅ​តាម​ចិញ្ចើម​ផ្លូវ​នៃវិថី Kensington ​និង​នៅតាម​ផ្លូវ​មមាញឹក​ពីរបី​កន្លែង​ទៀត។ រូបភាព​ទាំងនេះ​បាន​បង្ហាញ​ពី​ផលប៉ះពាល់​នៅក្នុង​សហគមន៍​នេះ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នេះ​បាន​បង្ហាញ​ក្តីបារម្ភ​ពី​សុខភាព​ និង​សុវត្ថិភាព​របស់​ពួកគេ​ដោយសារ​បញ្ហា​ថ្នាំញៀន​ និង​ឧក្រិដ្ឋកម្ម​នានា។ ចាប់តាំង​ពី​ខែមករា​ឆ្នាំ២០១៨​មក​មន្រ្តី​ក្នុង​ទីក្រុង​ហ្វីឡាដាហ្វៀ​បាន​ចាត់វិធានការ​បោសសម្អាត​គ្រឿងញៀន​នៅក្នុង​សហគមន៍​ទាំងមូល។

លោកស្រី Liz Hersh ប្រធាន​ការិយាល័យ​គាំពារ​អ្នក​គ្មាន​ផ្ទះសម្បែង​បាន​ថ្លែង​ថា«បើ​គិត​ពី​សីលធម៌​វិញ​នេះ​មិនមែន​ជា​ជម្រើស​សម្រាប់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​ជំរំ​តង់ និង​ក្នុង​ស្ថានភាព​នេះ​ទេ។ វា​គ្មាន​សុវត្ថិភាព​និង​គ្មាន​អនាម័យ​សម្រាប់​ពួកគេ​នោះ​ទេ។ ហើយ​នេះ​ក៏​មិនមែន​ជា​ជម្រើស​របស់​អ្នក​រស់នៅ​ក្នុង​សហគមន៍​ និង​អ្នកផ្សេង​ទៀត​នោះ​ដែរ។ ដូច្នេះ​ហើយ​យើង​បាន​ចាត់វិធានការ​បោសសម្អាត​បញ្ហា​នេះ»។
ផែនការ​របស់​អាជ្ញាធរ​ក្នុង​ទីក្រុង​នេះ​គឺ​ដើម្បី​ទប់ស្កាត់​ការស្លាប់​ដោយសារ​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត ​និង​បញ្ជូន​អ្នកប្រើប្រាស់​គ្រឿងញៀន​ទៅ​ព្យាបាល។

លោកវេជ្ជបណ្ឌិត Thomas Farleyមក​ពី​គណៈកម្មការ​សុខមាលភាព​ទីក្រុង​បាន​ថ្លែង ថា«តួលេខ​អ្នកប្រើប្រាស់​គ្រឿងញៀន​គឺ​ជា​វិបត្តិ​ជា​ប្រវត្តិសាស្រ្ត។ មាន​អ្នកស្លាប់​ដោយ សារ​ថ្នាំញៀន​ក្នុង​ទីក្រុងហ្វីឡាដាហ្វៀ​ចំនួន១,២១៧នាក់​ក្នុង​ឆ្នាំ២០១៧។ ចំនួន​នេះ​បង្ហាញ​ថា​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​៣០ភាគរយ​បើធៀប​នឹង​ឆ្នាំ​មុន​ និង​បាន​កើនឡើង​៧០ភាគរយ​បើធៀប​នឹង​កាល​ពី​ពីរឆ្នាំ​មុន»។

ពួកអ្នក​រស់នៅ​ក្នុង​ជំរំតង់​ទាំងនេះ​បាន​ដឹង​យ៉ាងច្បាស់​ពី​គ្រោះថ្នាក់​ទាំង​នេះ។
លោក Eric បាន​និយាយ​ថា«យើង​តស៊ូ​រស់​ជា​រៀងរាល់​ថ្ងៃ​ ហើយ​យើង​ព្យាយាម​កុំ​ឲ្យ​មាន​អ្វី​អាក្រក់​កើតឡើង​បាន។ យើង​មិន​គួរ​រស់នៅ​កន្លែង​នេះ​ទេ។ យើង​មិន​គួរ​រស់​នៅ​ក្រោម​ស្ពាន​នេះ​ទេ»។

បច្ចុប្បន្ន​លោក Ericកំពុង​ទទួល​ការ​ព្យាបាល​ពី​កម្មវិធី​មួយ​ដែល​មាន​រយៈពេល​៩០ថ្ងៃនិង​អាច​ទទួល​បាន​ផ្ទះសម្បែង​ជា​អចិន្រ្តៃយ៍​បន្ទាប់​ពី​នេះ។ លោក​បាន​និយាយ​បន្ថែម​ថា​«កូន​សិស្ស​សាលា​មិនគួរ​ឃើញ​ពី​ទិដ្ឋភាព​បែបនេះ​ជា​រៀងរាល់​ថ្ងៃ​ទេ»។

កាល​ពី​ដើមឆ្នាំ​នេះ​ដោយសារ​មាន​ធនធាន​តិចតួច​ពី​រដ្ឋ​ក៏​ដូចជា​ពី​រដ្ឋាភិបាល​សហព័ន្ធ​និង​ជិត​ដល់​ថ្ងៃកំណត់​នៃ​ការ​បោសសម្អាត​ជំរំតង់​ពីរ​កន្លែង​ ក្រុមការងារ​បាន​សង់ជម្រក​ដែល​គ្រែ​ចំនួន៨០និង​បាន​ជួយ​ព្យាបាល​ឲ្យ​ពួកគេ​ផ្តាច់​គ្រឿងញៀន។

ជា​អកុសល​ជម្រក​នោះ​បាន​ពេញ​ហើយ​មន្ត្រីក្រុង​មិន​ប្រាកដ​ថា​ពេលណា​អាច​ផ្តល់​គ្រែ​បន្ថែម​ទៀត​នោះ​ទេ។ គម្រោង​បោសម្អាត​នេះ​គឺ​ជា​ការ​សហការ​រវាង​អាជ្ញាធរ​ក្រុង​ នាយកដ្ឋាន​ប៉ូលីស​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ Prevention Point។

លោក Ray Converyមេបញ្ជាការ​ប៉ូលីស​នៃ​នាយកដ្ឋាន​ប៉ូលីស​ទីក្រុង​ហ្វីឡាដាហ្វៀ​បាន​ថ្លែង​ថា៖«ក្រុមការងារ​របស់​យើង​បាន​ចុះ​ទៅ​ដល់​ទី​នោះ​ ហើយ​យើង​បាន​ដោះស្រាយ​បញ្ហា​ភាគច្រើន​ដែល​ពួក​អ្នក​រស់​នៅ​ក្រោម​ស្ពានកំពុង​ប្រឈម។ បន្ទាប់​មក​យើង​បាន​ជួយ​ឲ្យ​ពួកគេ​ចាកចេញ​ពី​ទី​នោះ។ ប្រសិន​បើ​អ្នក​ចាត់ទុក​អ្នក​រាល់គ្នា​ដូច​ជា​បងប្អូន​ប្រុសស្រី​ ម្តាយ​ ឳពុក​ ម្តាយមីង​ ឬ​ឳពុកមារ​របស់​អ្នក​នោះ​យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ល្អ​ប្រសើរ។

ក្រុមការងារ​របស់​យើង​បាន​ជួយ​អ្នក​ដែល​ចង់​ចាកចេញ​ពី​កន្លែង​នោះ​ និង​ត្រូវការ​ជំនួយ។ ហើយ​អ្នក​ផ្សេងទៀត​បាន​រើ​ឥវ៉ាន់​ទៅ​កន្លែង​ផ្សេង​ទៀត»។ អ្នក​ដែល​ទទួល​បាន​ជំនួយ​ទាំងនោះ​អាច​ទទួល​បាន​ទីជម្រក​ដោយ​មិន​ចាំបាច់​រង់ចាំ​រហូត​ដល់​ពួកគេ​អាច​ផ្តាច់​គ្រឿងញៀន​បាន​ដែល​ជា​ការ​ទាមទារ​របស់​ទីជម្រក​ជាច្រើន​ផ្សេង​ទៀត។ នេះ​គឺ​ជា​ការ​លើក​ទឹកចិត្ត​មួយ​បើទោះបី​ជា​មាន​ការ​ផ្លាស់ប្តូរ​យឺតយ៉ាង​ណាក៏​ដោយ។

នាង Kelly Neeham ដែល​ជា​អ្នកញៀន​ថ្នាំ​ម្នាក់​បាន​និយាយ​ថា«ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​រឿង​ល្អ​មួយ។ អ្នក​ដឹង​ទេ​ថា​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ​គឺ​វា​ពិបាក​ណាស់។ ហើយ​ខ្ញុំ​គិតថា​គម្រោង​បោសសម្អាត​នេះ​នឹង​ជួយ​ដល់​អ្នក​ដែល​ចង់​រស់នៅ​ស្អាត​ ពីព្រោះ​ថា​ធម្មតា​ពួកគេ​ចង់​បាន​កន្លែង​ដែល​អាច​ងូត​ទឹក​បាន​ កន្លែង​បោកខោអាវ​ និង​កន្លែង​ដាក់​ម្ហូបអាហារ​ជាដើម»។

អាជ្ញាធរ​បោសម្អាត​ជំរំតង់​បាន​ពីរ​កន្លែង​ដោយ​គ្មាន​បញ្ហា​អ្វី​កើតឡើង​ ប៉ុន្តែ​ផលវិបាក​នៃ​ការ​រើចេញ​របស់​ពួកអ្នក​រស់​នៅ​ទីនោះ​នៅ​តែ​ជា​បញ្ហា​នៅឡើយ។

ពួក​អ្នកញៀន​ថ្នាំ​បាន​រើ​ចេញ​ពី​កន្លែង​នោះ​ប៉ុន្តែ​ឥឡូវ​នេះ​ពួកគេ​បែរ​ជា​ទៅ​រស់​នៅ​តាម​មុខ​ហាង​លក់​ទំនិញ​ និង​តាម​កន្លែង​សាធារណៈ​នៅក្នុង​សហគមន៍​ទៅ​វិញ។
ពលរដ្ឋ​នៅក្នុង​សហគមន៍​បាន​លើកឡើង​ពី​ក្តីបារម្ភ​នៅ​អំឡុងពេល​មាន​ការប្រជុំ​នានារបស់​សហគមន៍។ ទាំង​អស់​គ្នា​ចង់​បញ្ឈប់​ការ​រីករាលដាល​ការ​ប្រើប្រាស់​គ្រឿងញៀន​។ ពលរដ្ឋ​មួយ​ចំនួន​គាំទ្រ​ជួយ​ដល់​ការ​បោសសម្អាត​ជំរំ​តង់​ទាំងនេះ​ ប៉ុន្តែ​អ្នកខ្លះ​ទៀត​នៅ​រារែក​ចិត្ត។ ពួកគេ​ចង់​ធានា​ឲ្យ​មាន​ការ​យាបាល​ដល់​ពួកអ្នក​ញៀន​ថ្នាំ​ទាំងនោះ។

ទស្សនៈ​ផ្សេង​គ្នា​បាន​ធ្វើ​ឲ្យ​សហគមន៍​មាន​ការ​ខ្វែង​គំនិត​គ្នា។ អាជ្ញាធរ​ក្រុង​ថា​នេះ​ជា​ការ​ជ្រើសរើស​របស់​ពួកគេ​ដើម្បី​ជួយ​ដល់​ការ​ផ្លាស់ប្តូរ​នេះ។

លោកស្រី Liz Hershបាន​ថ្លែង​ថា«យើង​ទាំង​អស់​គ្នា​គឺ​ជា​ចំណែក​នៅក្នុង​ទីក្រុង​នេះ។យើង​ទាំង​អស់​គ្នា​គឺ​ជា​ចំណែក​នៃ​គម្រោង​សម្អាត​ក្រុង​នេះ។ ខ្ញុំ​គិត​ថា​យើង​កំពុង​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​ទូទាំង​ប្រទេស។ ប្រសិន​បើ​មាន​ធនធាន​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​ពួក​អ្នក​គ្មាន​ផ្ទះសម្បែង​ទាំង​នោះ​ វា​ពិត​ជា​ប្រសើរ​ខ្លាំង​ណាស់។ ជំនួយ​ទាំងនោះនឹង​ជួយ​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​សម្រាប់​ពួកយើង»។

ចំណែក​ឯ​លោកវេជ្ជបណ្ឌិត Thomas Farleyវិញ​បាន​លើកឡើង​ថា«បញ្ហា​ក្នុង​ទីក្រុង​ហ្វីឡាដាហ្វៀ​គឺ​ជា​បញ្ហា​សំខាន់​របស់​ប្រទេសជាតិ​ទាំង​មូល។ ប៉ុន្តែ​យើង​នឹង​មិន​រង់ចាំ​ជំនួយ​ពី​រដ្ឋាភិបាល​សហព័ន្ធ​ទេ ​ពីព្រោះ​ថា​យើង​គ្មាន​ក្តីរំពឹង​ថា​ពួកគេ​នឹង​ចុះ​មក​ជួយ​ដោះស្រាយ​វិបត្តិ​ទាំងនេះ​ឡើយ។ យើង​អាច​ដោះស្រាយ​បញ្ហា​ជាច្រើន​បាន​ដោយ​ខ្លួន​ឯង»។

គម្រោង​បោស​សម្អាត​ជំរំតង់​គឺ​ជា​ជំហាន​ដំបូង​របស់​អាជ្ញាធរ​ក្រុង។ ពួកគេ​នៅ​បន្ត​ស្វែងរក​ទីជម្រក​បន្ថែម​ និង​បង្កើត​ទីតាំង​សុវត្ថិភាព​នានា​ដែល​មិន​ទាន់​មាន​នៅក្នុង​ក្រុង​នេះ។

លោកស្រីLizHershបាន​ថ្លែង​បន្ត​ថា«យើង​អះអាង​ថា​យើង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ យើង​កំពុង​ព្យាយាម​ឲ្យ​អ្នក​រស់នៅ​ក្នុង​សហគមន៍​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ​ពួកយើង​ និង​ជួយ​ដល់​អ្នក​ផ្សេង​ទៀត​ដែល​កំពុង​ត្រូវ​ការ​ជីវិត​ដ៏​ប្រសើរ​មួយ»៕ ប្រភព៖ VOA