ការ​ចាប់ឃុំឃាំង​សាស្ត្រាចារ្យ​សាកលវិទ្យាល័យចិនចូល​និវត្តន៍​ម្នាក់នៅពេល​លោក​បានផ្តល់សម្ភាសន៍​ផ្សាយ​បន្តផ្ទាល់​តាមទូរទស្សន៍ជាមួយ​ VOA បាន បណ្តាល​ឱ្យមាន​ការ​រិះគន់​ពីពួក​សកម្មជន​ខាង​សិទ្ធិ​មនុស្សនិង​ពួក​អ្នកវិភាគ​ដែល​ព្រួយ​បារម្ភថា​រដ្ឋាភិបាល​ចិន​បានបង្កើន​ការបង្ក្រាប​លើពួកប្រឆាំង។​

គេ​មានជំនឿថា​លោកសាស្ត្រាចារ្យ​ Sun Wenguang ដែល​ជាសាស្ត្រាចារ្យ​ចូល​និវត្តន៍​ម្នាក់​នៃ​សាកលវិទ្យាល័យ​ Shandong ដែល​ជា​អ្នក​រិះគន់​ខ្លាំង​ដល់​ប្រវត្តិ​សិទ្ធិមនុស្ស​នៃ​ប្រទេស​ចិនកំពុង​ជាប់ឃុំឃាំង​នៅក្នុងសណ្ឋាគារ​មួយ​ចាត់ចែង​ដោយ​ក្រុម​យោធា​នៅ​ក្នុង​ក្រុង​ Jinan ភាគ​ខាងកើត​នៃ​ប្រទេស​ចិន។

​លោក​បាន​ត្រូវចាប់ឃុំឃាំង​នៅពេល​លោកបានផ្តល់​សម្ភាសន៍​មួយ​តាមទូរសព្ទជាមួយ​ផ្នែក​ផ្សាយ​ទូរទស្សន៍​ជា​ភាសាចិន Mandarin របស់​VOA ក្នុង​កម្មវិធីមួយ​មានឈ្មោះ​ថា​ «បញ្ហា​និង​មតិ» កាលពី​ព្រឹក​ថ្ងៃពុធ។​

អាជ្ញាធរ​ចិន​មិន​បានប្រាប់​ព័ត៌មាន​អំពីហេតុអ្វី​បានជា​លោក​សាស្ត្រាចារ្យ​រូបនេះ​បានត្រូវ​ចាប់ខ្លួន​ឃុំឃាំងទេ។​ VOA​បានខិតខំ​ព្យាយាម​ទាក់ទង​នឹងផ្នែក​ព័ត៌មាន​នៃក្រសួង​ការបរទេស​ចិន​ដើម្បី​សុំអត្ថាធិប្បាយ ក៏ប៉ុន្តែ​ទូរសព្ទចល័ត​ចំហ​សម្រាប់​សាធារណ​ជន​បានបិទហើយ​ទូរសព្ទ​ខ្សែដី​មិនបានឆ្លើយតបទេ។​

VOA ក៏បាន​ទាក់ទង​ជាមួយផ្នែកសន្តិសុខ​សាធារណៈនៃ​សាកលវិទ្យាល័យ​ Shandong និង​ស្ថានីយ៍ប៉ូលិស​ផ្លូវ Shanda នៃ​ការិយាល័យ​សន្តិសុខ​សាធារណៈនៃ​ក្រុង​ Jinan ដែរ​ ក៏​ប៉ុន្តែ​គ្មានអត្ថាធិប្បាយ​ឡើយ។

ប្រភព​នានា​បាននិយាយ​ប្រាប់ផ្នែកផ្សាយជា​ភាសាចិន​ Mandarin នៃ VOA ថា​លោក Sun កំពុង​ត្រូវ​ឃុំឃាំង​នៅ​ក្នុង​ Villa ភ្នំ Yanzi នាតំបន់យោធា Jinan ដែល​ជា​សណ្ឋាគារនិង​ជា​មជ្ឈមណ្ឌល​ទទួលភ្ញៀវមួយ​មានចំណង​ទាក់ទិន​ជាមួយ​ក្រុម​យោធា​ចិន៕ ប្រភព៖ VOA