ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គ.ជ.ប​នៅ​ថ្ងៃទី៣ សីហា បានចេញ​មុខ​ទាត់ចោល​ការចោទប្រកាន់​ទាំងឡាយ​ទៅលើ​ដំណើរការ​បោះឆ្នោត​របស់​លោក​ខឹម វាសនា ប្រមុខ​បក្សសម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ។ តាមរយៈ​សេចក្តីបំភ្លឺ ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គ.ជ.ប​បាន​អះអាងថា អ្វីដែល​លោក​ខឹម វាសនា​បានលើកឡើង​សុទ្ធតែ​គ្មាន​ភស្តុតាង និង​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ការពិត​។ ប៉ុន្តែ​លោក​ខឹម វាសនា​បាន​ឆ្លើយតប​វិញ​ថា អ្វីដែល​លោក​លើកឡើង​សុទ្ធតែជា​ការពិត និង​មាន​ភស្តុតាង​ទាំងអស់។

កាលពី​ថ្ងៃទី១ សីហា​កន្លងទៅ លោក​ខឹម វាសនា ប្រមុខ​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ(LDP)បានផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ(RFI)។ គឺ​នៅក្នុង​បទសម្ភាសន៍​នោះ​ហើយ លោក​ប្រមុខ​បក្ស LDP បានធ្វើ​ការរិះគន់​ជាច្រើន​លើ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​និង​រាប់​សន្លឹក​ឆ្នោត​របស់​គ.ជ.ប។ ប៉ុន្តែ​ក្នុងចំណោម​នោះ មាន​បញ្ហា៤ចំណុច​ដែល​ក្រុម​ប្រតិកម្ម​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) បានចេញ​មុខមក​បំភ្លឺ​ដល់​សាធារណជន។ចំណុច​ទី១ ឆ្លើយតប​នឹង​លោក​ខឹម វាសនា​ដែល​លើកឡើងថា គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​រួមគំនិត​ជាមួយ​អាជ្ញាធរ​ធ្វើការ​គាបសង្កត់​ភ្នាក់ងារ​បក្សនយោបាយ​នោះ ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គ.ជ.ប​ចាត់ទុកថា​ជាការ​ចោទប្រកាន់​គ្មាន​ភស្តុតាង ព្រោះ​ថាគ.ជ.ប​មិន​បានទទួល​ពាក្យបណ្តឹង​ឬ​ព័ត៌មាន​ណាមួយ​ទាក់ទង​នឹង​ករណី​នេះឡើយ។

ចំណុច​ទី២ គឺ​លោក​ខឹម វាសនា បាន​អះអាងថា ភ្នាក់ងារ​បក្សនយោបាយ ត្រូវបាន​ប្រធានការិយាល័យ​បោះឆ្នោត បង្ខំ​ឲ្យ​ចុះហត្ថលេខា​លើ​ទម្រង់១១០១ និង​ទម្រង់១១០២ មុន​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត និង​មាន​ការចាប់​វាយខ្នោះ​ពី​សំណាក់​អាជ្ញាធរ​ដោយសារតែ​មិន​ចុះហត្ថលេខា​នេះ។ ប៉ុន្តែ​ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គ.ជ.ប​បកស្រាយ​ថា ការចុះហត្ថលេខា​នោះ មិនមែនជា​ការបង្ខំ​ទេ តែ​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត ហើយ​ថា​ការមិន​ព្រម​ចុះហត្ថលេខា​ក៏​មិនអាច​មោ​ឃៈ​ភាព​ទម្រង់​ទាំង២នេះ​បានដែរ។ ចំពោះ​ការ​វាយខ្នោះ​វិញ ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គ.ជ.ប​ថា គឺជា​ការនិយាយ​បំផ្លើស។

ចំពោះ​ចំណុច​ទី៣ដែល​លោក​ខឹម វាសនា​លើកឡើងថា ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​យ៉ាងច្រើន​បំផុត​ត្រឹម៧០% នោះ​ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គ.ជ.ប​មិនដឹងថា លោក​ខឹម វាសនា សំអាង​លើ​អ្វី​ទេ​ព្រោះ​លទ្ធផល​បឋម​រប​ស់គ.ជ .ប​បានបង្ហាញ​ហើយ​ថា មាន៨២.៨៩%។ ចំណែក​ចំណុច​ទី៤វិញ លោក​ប្រមុខ​បក្ស​LDP អះអាងថា មានការ​ហាមឃាត់​មិន​ឲ្យ​ថត​សកម្មភាព​រាប់​សន្លឹកឆ្នោត។ ចំណុច​នេះ ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គ.ជ.ប​ទទួលស្គាល់ថា មាន​មន្ត្រី​មួយចំនួន​តូច​អនុវត្ត​មិនបាន​ល្អ​ចំពោះ​ការថត​នេះ ប៉ុន្តែ​ក្រោយពី​ការ​អន្តរ​គម​ន៍​ពី​ថ្នាក់លើ សកម្មភាព​ថត​ក៏ត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើជា​ធម្មតា​វិញ។

ប្រតិកម្ម​ទៅនឹង​ការបកស្រាយ​ទាំង​អម្បាល​មាណរ​បស់​ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គ.ជ.ប​នេះ លោក​ខឹម វាសនា​បាន​ព្រលយ​ពាក្យ​ថា នៅ​ស្រុក​ខ្មែរ អ្នកខ្លាំង​គឺ​ឈ្នះ​រហូត ។ តែ​ទោះ​ជា​យ៉ាងណា លោក​នៅតែ​រក្សា​ជំហរ​របស់លោក​ដដែល។ លោក​ខឹម វាសនា​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា អ្វីដែល​លោក​បានលើកឡើង​គឺ​សុទ្ធតែជា​ការពិត ហើយ​លោក​មាន​ភស្តុតាង​ទាំងអស់។ បើតាម​លោក​ខឹម វាសនា គណបក្ស​LDPរបស់លោក​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទៅកាន់​គ.ជ.ប​រួចរាល់​ហើយ​ដែរ។ ប៉ុន្តែ​ក្រុម​ប្រតិកម្ម​ព័ត៌មាន​របស់​គ.ជ.ប​អះអាងថា បណ្តឹង​ភាគច្រើន​លើសលប់​របស់លោក​ខឹម វាសនា គឺ​ប្តឹង​ពី​គំនូស​ស​ញ្ហា​គាំទ្រ​បក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​ប៉ុណ្ណោះ។ ដូច្នេះហើយ​ពួកគេ​ចង្អុល​បង្ហាញថា ការលើកឡើង​របស់លោក​ខឹម វាសនា​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៃ​បណ្តឹង​នោះទេ៕ ប្រភព៖ RFI