នៅ​ថ្ងៃទី​៦ ខែសីហា​ម្សិលមិញ​នេះ CNN បាន​ដកស្រង់​ប្រភព​ច្បាស់​ការណ៍​មួយ​ឱ្យដឹងថា កូរ៉េខាងជើង​ជឿជាក់​អំពី​«​លទ្ធភាព​ខ្ពស់​»​នឹង​ប្រព្រឹត្តទៅ​នូវ​ជំនួប​កំពូល​លើក​ទី​២ រវាង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un និង​ប្រធានាធិបតី​អាមេរិក Donald Trump​។​

​ប្រភព​ដដែល​ឱ្យដឹងថា ការផ្លាស់ប្ដូរ​លិខិត​ថ្មីៗ​នេះ​រវាង​មេដឹកនាំ​Kim​និង​និង​ប្រធានាធិបតី​អាមេរិក Trump ជា​សញ្ញា​សកម្ម​មួយ​។ ទន្ទឹម​នោះ ថ្វី​ត្បិត​ទីកន្លែង​និង​ពេលវេលា​ពុំទាន់​ត្រូវបាន​កំណត់​ក្ដី ប៉ុន្ដែ​ជំនួប​នេះ​នឹង​ប្រព្រឹត្ត​ទៅក្នុង​«​ឆ្នាំនេះ​»​។​

​កាលពី​ចុង​សប្ដាហ៍​កន្លងមក ប្រមុខ​ការទូត​កូរ៉េ Ri Yong-ho បាន​រិះគន់​អាមេរិក​ពី​ការបន្ដ​រក្សា​ទណ្ឌកម្មសេដ្ឋកិច្ច​និង​មិន​ឆ្លើយតប​ការអំពាវនាវ​របស់​ក្រុង​ព្យុងយ៉ាង អំពី​សេចក្ដីថ្លែងការណ៍​បញ្ចប់​សង្គ្រាម​កូរ៉េ​។​

​តាម​ប្រភព​ខាងលើ​ឱ្យដឹង​បន្ថែមថា ការរិះគន់​ទាំងនោះ​គឺជា​«​យុទ្ធវិធី​ចរចា​ដើម្បី​បង្ក​សម្ពាធ​» លើ​រដ្ឋការ​Trump នៅមុន​ពេលដែល​មានកា​របោះ​ឆ្នោត​នៅ​ពាក់កណ្ដាល​អាណ​ត្ដិ​របស់​អាមេរិក​។​

​គួររម្លឹកថា លើ​ផ្នែក​បច្ចេកទេស​កូរ៉េ​ទាំងពីរ​កំពុង​ស្ថិតក្នុង​ស្ថានភាព​សង្គ្រាម ដោយហេតុថា​សង្គ្រាម​អំឡុង​ឆ្នាំ​1950-53 ត្រូវបាន​បញ្ចប់​ដោយ​សន្ធិសញ្ញា​ផ្អាក​សង្គ្រាម ពុំមែន​ដោយសារ​សន្ធិសញ្ញា​សន្ដិភាព​ឡើយ​។ ក្រសួងការបរទេស​អា​មេ​រិ​ក​ធ្លាប់ អះអាងថា ការកសាង​យន្ដការ​សន្ដិភាព​មួយ​អាចធ្វើ​ទៅបាន​លុះត្រា​កូរ៉េខាងជើង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​សិន​៕