កម្ពុជា​នឹង​បញ្ជូន កីឡាករ កីឡាការិនី ៤៣​នាក់ ចូល​រួម​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ពាក់​កណ្តាល​ខែ​នេះ ដោយ​រំពឹង​ថា​កីឡា​៤​ប្រភេទ​អាច​នឹង​រក​មេដាយ​ឲ្យ​កម្ពុជា។ ជា​ក្តី​រំពឹង​ថ្មី​របស់ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បន្ទាប់​ពី​កម្ពុជា​ធ្លាប់​បំបែក​កំណត់​ត្រា​ទទួល​បាន​មេដាយ​មាស​លើក​ទី​១ កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

កីឡាករ កីឡាការិនី​ទាំង​៤៣​នាក់ របស់​កម្ពុជា​នឹង​ប្រកួត​លើ​វិញ្ញាសា​កីឡា ១៣​ប្រភេទ ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨ ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ នេះ​បើ​តាម​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បន្ត​ថា មូលហេតុ​ដែល​កម្ពុជា​ចូល​រួម​ប្រកួត​តែ​១៣​ប្រភេទ​កីឡា ដោយ​សារ​តែ​ការ​ប្រកួត​កីឡា​អាស៊ី​(Asian Games) មាន​ប្រទេស​ជា​ច្រើន​ចូល​រួម ពោល​គឺ​ជា​ច្រើន​ជាង​ប្រទេស ដែល​ចូល​រួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​(SEA Games)។ ដូច្នេះ​កម្ពុជា​ចង់​បាន​គុណភាព ទើប​ជ្រើស​រើស​តែ​ប្រភេទ​កីឡា ដែល​មាន​សក្តានុពល ឈាន​ទៅ​ដណ្តើម​មេដាយ។

លោក វ៉ាត់ ចំរើន អះអាង​ថា ប្រភេទ​កីឡា​ទាំង​១៣ ដែល​កម្ពុជា​ចូល​រួម​ប្រកួត គឺ​មាន​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​មេដាយ​ទាំង​អស់ ប៉ុន្តែ​មាន​កីឡា​ចំនួន​៤​ប្រភេទ​ប៉ុណ្ណោះ ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មាន​សង្ឃឹម​ច្រើន​ជាង​គេ​ក្នុង​ការ​ទទួល​បាន​មេដាយ។ កីឡា​ទាំង​៤​ប្រភេទ​នោះ រួម​មាន តៃក្វាន់ដូ, ម៉ូតូ​ទឹក, សូហ្វតេន្នីស, និង​ជឺជិតស៊ូ។

គួរ​បញ្ជាក់​ថា​ព្រឹត្តិការណ៍​កីឡា​អាស៊ី​(Asian Games) ​គឺ​ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​មួយ​បន្ទាប់​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​( Olympic Games)។ កីឡា​អាស៊ី ឬ Asian Games លើក​ទី​១៨ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា នៅ​ចាកាតា និង​ប៉ាឡិមបាំង​(Palembang)​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​អត្តពលិក​ប្រមាណ​១​ម៉ឺន​នាក់ មក​ពី​៤៥​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ចូល​រួម។

សូម​ជម្រាប​ជូន​ថា​កីឡា​អាស៊ី​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​លើក​ទី​១ នៅ​ក្នុង​ឆ្នាំ​១៩៥១ នា​ក្រុង​ញូដេលី ប្រទេស​ឥណ្ឌា ដែល​មាន​ការ​ចូល​រួម​​ពី​ប្រទេស​ជា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​ចំនួន​១១​ប្រទេស និង​មាន​អត្តពលិក​៤១​នាក់។ ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១ មាន​មេដាយ​សរុប​ចំនួន​១៦៩​គ្រឿង ត្រូវ​បាន​ផ្តល់​ជូន​ដល់​អត្តពលិក​ជ័យ​លាភី។ ចុង​ក្រោយ​បំផុត​កីឡា​អាស៊ី​លើក​ទី​១៧ ធ្វើ​ឡើង​នៅ​ក្រុង​អ៊ីនឆ័ន (Incheon) កូរ៉េ​ខាង​ត្បូង ក្នុង​ឆ្នាំ​២០១៤ មាន​ប្រទេស​ជា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​ចំនួន​៤៥​ចូល​រួម និង​មាន​អត្តពលិក​ចំនួន​៩.៥០១​នាក់​ប្រកួត​ប្រជែង ដើម្បី​ដណ្តើម​មេដាយ​ចំនួន​១.៤៥៤​គ្រឿង៕ ប្រភព៖ RFI