​ភ្នំពេញ ​៖ សំណុំរឿង​ស្ត្រី​មាន​ពពោះ​៨​ខែ ធ្លាក់​ពីលើ​ការដ្ឋាន​សំណង់​អគារ​ខុន​ដូ ក្បែរ​ស្ថានទូត​ចិន ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន កាលពី​អំឡុង​ចុងឆ្នាំ​២០១៧​កន្លងទៅ ដែល​មហាជន​សង្ស័យថា ជា​រឿង​អត្តឃាត​នោះ ត្រូវបាន​តុលាការ ប្រកាស​សាលក្រម​ហើយ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ ដោយ​តុលាការ​សម្រេច​ដាក់គុក​បុរស​ជា​ប្តី​២​ឆ្នាំ ។​

​ការប្រកាស​សាលក្រម​នេះ មាន​លោក កី ម៉ានេ​រ៉ា អនុប្រធាន​តុលាការក្រុង​ភ្នំពេញ និង​ជា​ចៅក្រម​ជំនុំជម្រះ​មាន​លោក ហោ លី​ណា ជា​តំណាង​អយ្យការ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ ឈ្មោះ ប៊ុន អូន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល​ចូល​ជា​ថវិការដ្ឋ ពីបទ មនុស្សឃាត​ដោយ​អ​ចេតនា និង​បទ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន យោងតាម​មាត្រា​២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៤៥​នៃ​ច្បាប់​ស្តីពី ការត្រួតពិនិត្យ​គ្រឿងញៀន ។​

​បើ​តាម​អង្គហេតុ​នៃ​ករណី​នេះ ជនសង្ស័យ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ការដ្ឋាន​សំណង់​ខុន​ដូ​មួយ​កន្លែង ផ្លូវ​១៦៧ ក្រុមទី​១៨ ភូមិ​៣ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សាលក្រម​របស់​តុលាការ ក៏​បាន​តម្រូវ​ឲ្យ​ជនជាប់ចោទ​សង​សំណង​ជំងឺ​ចិត្ត ទៅ​ដើម​បណ្តឹងរដ្ឋប្បវេណី ដែល​ជា​ឪពុក​ចំនួន​១៥​លាន​រៀល​ផងដែរ​។ ប៉ុន្តែ​លោក ឡុង ជា ដែលជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ​ឈ្មោះ ឡុង ញាញ់ បាន​សម្តែង​ការ​មិន​ពេញចិត្ត​ទេ ដោយ​លោក​យល់ថា ការសម្រេច​របស់​ចៅក្រម មិនទាន់​មាន​យុត្តិធម៌​ឡើយ​។​

​លោក​អះអាង​ថា សាកសព​កូនស្រី​លោក​មាន​ស្នាម​វាយ​បាក់ក បែក​មុខ បែកក្បាល លៀន​ភ្នែក មិនមែន​ជា​ការ​ប្រលែង​ជាមួយ​ប្តី រអិល​ជើង​ធ្លាក់​ពីលើ​អគារ​ស្លាប់​នោះទេ​។​

​គួររំលឹកថា កាលពី​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ មាន​ហេតុការណ៍​ស្ត្រី​មាន​ផ្ទៃពោះ​ខាងលើ​ធ្លាក់​ពីលើ​អគារ​ស្លាប់ ដ៏​រន្ធត់​មួយ​បាន​កើតឡើង ស្ថិត​នៅ​ចំណុច​ការដ្ឋាន សំណង់​អគារ​ខុន​ដូរ ដែល​កំពុង​សាងសង់ ស្ថិតនៅ​ខាងត្បូង​ស្ថានទូត​ចិន លើ​ផ្លូវ​លេខ​១៦៧ កែង​ផ្លូវ​៤៣២ ក្នុងភូមិ​៣ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕